ជាតិ
សម្តេចព្រះសង្ឃរាជ ជួន ណាត៖ ពាក្យ «សារព័ត៌មាន» គួរអានថា «សារ៉ៈព័រដ៏មាន» ទើបត្រូវន័យ
03, May 2021 , 7:48 am        
រូបភាព
ដោយ: រួបរួម
ក្នុងខ្សែអាត់សំឡេងមួយ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបកស្រាយពាក្យ «សារព័ត៌មាន» ក្រោយមានការសាកសួរពីបុរសម្នាក់ នៅក្នុងនាទីអក្សរសាស្ត្រខ្មែរ។ ព្រះអង្គបានពន្យល់យ៉ាងច្បាស់ពីរបៀបអានពាក្យ ព័ត៌មាន និង សារព័ត៌មាន។


សម្តេចព្រះសង្ឃរាជ បានពន្យល់ពាក្យ «ព័ត៌មាន» ដោយ «វត៌មាន» ជាភាសាសំស្ក្រឹត និង «វត្តមាន»ជាបាលី។ ខ្មែរនិយមយក «វ» ទៅ ជា «ព» ដោយអានថា «ព័រតៈម៉ាន»។ ពាក្យនេះ មានន័យថា អ្វីដែលកំពុងតែ.. ឬនិយាយឲ្យចំទៅគឺ រឿងបច្ចុប្បន្ន, ដំណឹងថ្មីៗ។



បើតាមសម្តេចសង្ឃ យើងគួរអានថា «ព័រតៈម៉ាន»។ ទោះបីជាយ៉ាងណាក៏ដោយ សម្តេចបានបញ្ជាក់ថា មិនអាចកែរួចឡើយ ដោយសារចាស់ទុំទន្លាប់អានថា «ព័ត៌មាន» ទៅហើយ។ «ពាក្យណាមួយ ឬសំដីដែលយើងនិយាយទៅ វាជ្រុលហួសហើយ វាខុសហើយ យូរឆ្នាំទៅ យើងកែវិញមិនបាន»។ បើបុរាណគេ អាន ព័ត៌មានហើយ តែយើងបែរជាអាន ព័រតៈមាន គេសើចយើង»។ នេះជាការលើកឡើងរបស់សម្តេចសង្ឃ។

នៅក្នុងខ្សែអាត់ដដែល សម្តេចសង្ឃ ជួន ណាត បានបញ្ជាក់ថា ព្រះអង្គគ្រាន់តែពន្យល់ប៉ុណ្ណោះ ដោយមិនបង្ខំឲ្យអានទៅជា ព័រតៈម៉ានឡើយ។

រីឯពាក្យ «សារព័ត៌មាន» ដែលមានន័យថា ព័ត៌មានដែលមានខ្លឹមសារ ដែលមានប្រយោជន៍, ដំណឹងដែលគួរនាំយកមកថ្លែង.. សម្តេចបានរំលឹកថា មិនគួរនាំគ្នាអានខុសនោះឡើយ។ ការអានថា «សារ៉ៈព័រដ៏មាន» គឺត្រូវនឹងពាក្យ ព័ត៌មានដែលមានសារៈ គឺកាសែតដែលប្រាប់ដំណឹងគួរអានគួរដឹង។

ការទន្លាប់អានថា «សាព័រដ៏មាន» ដោយបាត់សំឡេង «រ» ឬ «រ៉ៈ» ធ្វើឲ្យច្រឡំនឹងពាក្យថា «សា»។ ព័ត៌មានដែលរើ សាជាថ្មីឡើងវិញ សាចុះ សាឡើង។ សម្តេចថា មិនគួរអានប្រញាប់ពេកនោះឡើយ គួរមានពាក្យ «រ» នៅក្នុងអំណានរបស់ខ្លួន ទោះបីជាតម្រូវឲ្យ បញ្ចេញសំឡេងថា «រ៉ៈ» ឲ្យចំពេកក៏ដោយ៕



Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com