ជាតិ
សង្គមជាតិ
ទិវាសេរីភាពសារព័ត៌មាន៖ បីចំណុចដែលគួរដឹងអំពីអ្នកកាសែតស្រុកបារាំង!
03, May 2021 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
បារាំង (ប៉ារីស)៖ ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក សារព័ត៌មានអេឡិចត្រូនិចថ្មីៗ (Thmeythmey.com) សូមចុះផ្សាយការកត់សម្គាល់ខ្លីៗ របស់លោក ហេង ឧត្តម  ដែលធ្លាប់បានសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជាន់ខ្ពស់សារព័ត៌មាននៅក្រុងលីល  ESJ Lille នៃប្រទេសបារាំង។ លោកចែករំលែកការសង្កេតចំនួនបីចំណុចជុំវិញសារព័ត៌មាននិងអ្នកកាសែតនៅប្រទេសបារាំង ដែលរួមមាន ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន, អ្នកកាសែតជំនាញ និងប័ណ្ណអ្នកសារព័ត៌មាន។
 
១- ចំណេះដឹងកម្រិតអនុបណ្ឌិត  
 
អ្នកកាសែតស្រុកបារាំង ភាគច្រើន ត្រូវឆ្លងកាត់ការអប់រំកម្រិតឧត្តមសិក្សា មុននឹងចូលប្រលូកអាជីពសារព័ត៌មាន។ ជាទូទៅ ពួកគេត្រូវឆ្លងកាត់ការបណ្តុះបណ្តាលបច្ចេកទេសសារព័ត៌មាននិងក្រមសីលធម៌វិជ្ជាជីវៈ នៅសាលាកាសែតបន្ថែមទៀត។ ដើម្បីអាចចូលរៀនសាលាកាសែតនេះ គឺ យ៉ាងហោចណាស់ អ្នករៀន ត្រូវមានបរិញ្ញាបត្រ  លើជំនាញណាមួយ ដូចជា ច្បាប់ សេដ្ឋកិច្ច វិទ្យាសាស្ត្រនយោបាយ ប្រវត្តិសាស្ត្រ ទស្សនវិជ្ជា។ល។  ពេលចប់ការបណ្តុះបណ្តាល ចំនួន២ឆ្នាំដោយជោគជ័យ និស្សិតទទួលបានសញ្ញាបត្រកម្រិតអនុបណ្ឌិត ដែលទទួលស្គាល់ដោយក្រសួងសិក្សាធិការជាតិ។ សញ្ញាបត្រសារព័ត៌មាននេះ ផ្តល់ជំនាញលើកាសែត[ក្រដាស] វិទ្យុ ទូរទស្សន៍ និង អនឡាញ។
 
ស្រុកបារាំងសព្វថ្ងៃ សាលាបណ្តុះបណ្តាលអ្នកកាសែត មានចំនួន១៤ ក្នុងនោះ ៥ នៅក្រុងប៉ារីស។ ចំណែកនៅខេត្តលីល គឺ ESJ Lille ជាសាលាដែលគេចាត់ទុកថាចាស់ជាងគេបំផុត ដ្បិតគេបង្កើតឡើងនៅឆ្នាំ១៩២៤ ពោលគឺអាយុជិត១០០ឆ្នាំហើយ។  និស្សិតត្រូវប្រឡងយកកន្លែងរៀន។ ឧទាហរណ៍ ឆ្នាំសិក្សាខ្លះ បេក្ខជនប្រមាណ ១ ០០០នាក់ គេជ្រើសយកតែ៥០នាក់ប៉ុណ្ណោះ។ 
សរុបមក មុននឹងប្រកបកិច្ចការជាអ្នកសារព័ត៌មាន អ្នកកាសែតស្រុកបារាំងចាំបាច់ត្រូវមានដំណេះដឹងច្រើនបំផុត តាមដែលអាចធ្វើទៅបាន។ ទោះយ៉ាងនេះក្តី  អ្នកមិនធ្លាប់ឆ្លងកាត់សាលាកាសែត ក៏អាចក្លាយជាអ្នកសារព័ត៌មានបាន។ ក្នុងករណីខ្លះ អ្នកកាសែតមួយចំនួន មានសញ្ញាបត្រថ្នាក់បណ្ឌិត។
 
២-អ្នកកាសែតជំនាញ

អ្នកសារព័ត៌មានបារាំង ច្រើនតែសម្រួចខ្លួន ទៅលើជំនាញណាមួយ។ អ្នកកាសែតដឹងខ្លួនឯង ច្បាស់ថា ខ្លួនមានជំនាញច្បាស់លាស់ លើវិស័យណាមួយ ៖ ច្បាប់ វប្បធម៌ ប្រវត្តិសាស្ត្រ  វិទ្យាសាស្ត្រនយោបាយ ជំនាញកិច្ចការតំបន់ អាស៊ី អឺរ៉ុប អាមេរិក។ល។ ទន្ទឹមគ្នានឹងនេះ ការិយាល័យកាសែតនីមួយៗ ច្រើនតែចាត់ចែងតម្រូវឲ្យអ្នកកាសែត ទទួលខុសត្រូវលើជំនាញរៀងៗខ្លួន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសម្រិតសម្រាំងជំនាញពិសេសមួយទៀត គឺអ្នកកាសែតជំនាញខាងបរិស្ថាន និងអាកាសធាតុ។ អ្នកកាសែតជំនាញខាងសុខភាព ពេទ្យវេជ្ជសាស្ត្រ, អ្នកកាសែតវិទ្យាសាស្ត្រ... សុទ្ធសឹងតែមានជំនាញនីមួយៗច្បាស់លាស់។ សូម្បីតែ ផ្នែកកីឡា ក៏ត្រូវសិក្សានិងហ្វឹកហ្វាត់អនុវត្ត ផ្នែកសារព័ត៌មានផ្នែកកីឡា ចំនួន២ឆ្នាំដែរ។ អ្នកសារព័ត៌មានមួយចំនួនទៀត តម្រង់ខ្លួនទៅលើបច្ចេកទេសខាងស៊ើបអង្កេត  ឬអ្នកខ្លះខាងផលិតភាពយន្តឯកសារ។ ជារួម អ្នកសារព័ត៌មានបារាំង ច្រើនតែជាអ្នកជំនាញឯកទេសផ្នែកណាមួយ បន្ថែមលើការសេចក្តីរាយការណ៍ព័ត៌មានទូទៅ។

៣-ប័ណ្ណអ្នកសារព័ត៌មាន
 
ប័ណ្ណអ្នកសារព័ត៌មានបារាំង គឺផ្តល់ដោយគណៈកម្មការឯករាជ្យមួយ ដែលមិនចំណុះរដ្ឋាភិបាល និងស្ថាប័នឯកជនណានោះទេ។ សមាជិកគណៈកម្មការនេះ គឺធ្វើការមានអាណត្តិកំណត់ និងជ្រើសតាំងតាមរយៈការបោះឆ្នោតដោយសមាជិកជាអ្នកកាសែត។ គណៈកម្មការឯករាជ្យនេះ មានសិទ្ធច្រានចោលសំណើសុំប័ណ្ណអ្នកកាសែត។ ជាទូទៅ និស្សិតដែលចេញពីសាលាកាសែត ច្រើនមានអាទិភាពដើម្បីទទួលបានប័ណ្ណនេះ។ លើសពីនេះ គេត្រូវពិនិត្យលើប្រាក់ចំណូលដែលបានមកពីកិច្ចការងារនៅក្នុងស្ថាប័នព័ត៌មាន។ បានសេចក្តីថា ការបណ្តុះបណ្តាលចេញពីសាលាកាសែត ជារឿងសំខាន់មួយ ហើយប្រាក់ចំណូលប្រចាំខែដែលទទួលបានពីការងារកាសែត ក៏ជាលក្ខខណ្ឌចាំបាច់ មួយទៀត សម្រាប់ឲ្យគេ យកទៅពិចារណា ថាផ្តល់ប័ណ្ណ ឬមិនផ្តល់។ អត្រាប្រាក់ចំណូលពីការងារកាសែត ជាលក្ខខណ្ឌចាំបាច់មួយ ដែលគេថ្លឹងថ្លែង ពីព្រោះ គេចង់ពិនិត្យមើលថា តើអ្នកដែលសុំប័ណ្ណកាសែតនោះ មាន«អាជីពចម្បង»ជាអ្នកកាសែត និងពុំមានអាជីពផ្សេងទៀត ក្នុងពេលតែមួយ។
 
ប័ណ្ណកាសែត មានសុពលភាព១ឆ្នាំ និងមានអាទិភាពពិសេសច្រើនយ៉ាង។ ប័ណ្ណកាសែត គឺផ្តល់សិទ្ធអាចចូលគ្រប់សារមន្ទីរសាធារណៈទាំងអស់ បានដោយឥតគិតថ្លៃ (ប័ណ្ណចូលសារមន្ទីរសម្រាប់មនុស្សធំ ថ្លៃចន្លោះពី១៥ ឬ២០ដុល្លារ)។ បន្ថែមពីនេះ គេអាចចូលមើលភាពយន្ត បញ្ជាំងលើកដំបូង នៅពេលសម្ពោធ។ និយាយឲ្យខ្លី ចំពោះវិស័យវប្បធម៌ អ្នកកាសែតមានអាទិភាព និងជាទូទៅ ពុំចាំបាច់បង់ថ្លៃ។  ចំពោះដំណើរចុះបំពេញការងារ មិនថា កន្លែងគ្រោះថ្នាក់ ឬកន្លែងដែលមានការរារាំង ឬក៏យាមល្បាតតឹងតែង យ៉ាងណាក្តី តែគេត្រូវចាត់ទុក អ្នកកាសែតបារាំងថាជាក្រុមមានអាទិភាព ដ្បិតដើម្បី«ផ្សាយដំណឹងដល់មហាជន»។
 
ដោយឡែកចំពោះកម្ពុជា ស្របពេលនៃភាពជឿនលឿនផ្នែកបច្ចេកវិទ្យា អ្នកកាសែតខ្មែរជាន់ថ្មី ក៏បានអភិវឌ្ឍសមត្ថភាពច្រើន គួរឲ្យកត់សម្គាល់។ ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកសារព័ត៌មានកម្ពុជានិងអ្នកធ្វើការវិស័យព័ត៌មានជាភាសាខ្មែរ ទទួលការបណ្តុះបណ្តាល កាន់តែច្រើនឡើងៗ។ ការរៀនសូត្រនេះ មានទាំងនៅក្នុងស្រុក និងបរទេស ពិសេសនៅតាមបណ្តាប្រទេសជឿនលឿនខាងសេរីភាពបញ្ចេញមតិផង ដូចនៅ សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ ជាដើម។ អ្នកខ្លះបានរៀននៅក្នុងតំបន់ ដូចជា នៅហ្វីលីពីន និង ហុងកុង។ល។ អ្នកទាំងនេះ កំពុងប្រលូកក្នុងវិស័យព័ត៌មាននៅស្រុកខ្មែរ អ្នកខ្លះធ្វើការរដ្ឋ ឬនៅតាមវិស័យឯកជន ដោយប្រើប្រាស់ចំណេះវិជ្ជាសារព័ត៌មាន ដែលពួកគេបានទទួលពីការបណ្តុះបណ្តាល។ ការប្រកបការងារដោយគោរពវិជ្ជាជីវៈនិងក្រមសីលធម៌ នឹងជួយជ្រោមជ្រែងវិស័យព័ត៌មានក្នុងស្រុក ឲ្យកាន់តែល្អប្រសើរ ជាក់ជាពុំខាន៕
 

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com