ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អ្នកកាសែតល្បី Jean-Claude៖ «បើច្បាប់លែងការពារសេរីភាពសារព័ត៌មាន នោះសេរីភាពដទៃក៏មានបញ្ហាដែរ»
03, May 2021 , 12:00 pm        
រូបភាព
លោក Jean-Claude Pomonti នាដំណើរ​នៅលើ​ផ្លូវជាតិលេខ១ ភូមិសាស្ត្រអ្នកលឿង កាលពី​ឆ្នាំ​១៩៨៧
លោក Jean-Claude Pomonti នាដំណើរ​នៅលើ​ផ្លូវជាតិលេខ១ ភូមិសាស្ត្រអ្នកលឿង កាលពី​ឆ្នាំ​១៩៨៧
ភ្នំពេញ៖ លោក ហ្សង់ក្លូដ ប៉ូម៉ុងទី (Jean-Claude Pomonti) គឺជាអតីតអ្នកកាសែតជើងចាស់របស់សារព័ត៌មានបារាំងដ៏ល្បី Le Monde ពីឆ្នាំ ១៩៦៨ ដល់ឆ្នាំ ២០០៥។ បច្ចុប្បន្នលោកបានចូលនិវត្តហើយ។ ក្នុងឆ្នាំ ១៩៧៤ គាត់បានក្លាយជាអ្នកយកព័ត៌មាននៅក្នុងសង្គ្រាម វៀតណាម។ ចាប់ពីឆ្នាំ ១៩៩១ ពីរាជធានីបាងកក លោកគឺជាអ្នកឆ្លើយឆ្លងព័ត៌មាន របស់កាសែតនេះដដែលប្រចាំតំបន់អាស៊ីអាគ្នេយ៍។ លោក ហ្សង់ក្លូដ គឺជាអ្នកជំនាញ ម្នាក់ដែលស្គាល់តំបន់នេះយ៉ាងច្បាស់ ជាពិសេស ប្រទេសកម្ពុជាដែលលោកបានសរសេរ សៀវភៅជាច្រើន។ បច្ចុប្បន្ននេះ លោកមានអាយុ ៨២ឆ្នាំហើយ ប៉ុន្តែលោកនៅតែស្រឡាញ់អាជីពសារព័ត៌មានផ្នែកបទយកការណ៍។ លោកធ្លាប់ទទួលបានពានរង្វាន់ Albert-Londres សម្រាប់អ្នកកាសែតល្បីនៅក្នុងឆ្នាំ ១៩៧៣។
 

 
លោក ហ្សង់ក្លូដ យល់ថា បើទោះជាមានការផ្លាស់ប្តូរច្រើនទម្រង់នៃសារព័ត៌មានតាមរយៈប្រព័ន្ធឌីជីថលក៏ដោយ ប្រភេទអត្ថបទបទយកការណ៍ (ការធ្វើសេចក្តីរាយការណ៍) នៅក្នុងសារព័ត៌មាន នៅតែចាំបាច់ មិនអាចខ្វះបាន។ នៅក្នុងឱកាសដែលពិភពលោកប្រារព្ធទិវាសេរីភាពសារព័ត៌មានថ្ងៃទី៣ខែឧសភា២០២១ លោក គី សុខលីម នៃសារព័ត៌មានថ្មីៗ បានធ្វើបទសម្ភាសតាមអ៊ីមែលជាមួយអ្នកកាសែតជើងចាស់ដ៏ល្បីល្បាញ Jean-Claude Pomonti ជុំវិញការយល់ឃើញរបស់លោកទៅលើអាជីពសារព័ត៌មាន។
 
លោក គី សុខលីម៖ តើលោកបានក្លាយជាអ្នកកាសែតដោយរបៀបណា? សូមលោករៀបរាប់ពីដំណើរនៃអាជីពរបស់លោកឱ្យអ្នកអានរបស់សារព័ត៌មានថ្មីៗបានស្គាល់លោកផង!
 
លោក ហ្សង់ក្លូដ៖ ខ្ញុំចូលចិត្តសរសេរ។ នៅអាយុ១៤ឆ្នាំ ខ្ញុំមានម៉ាស៊ីនអង្គុលីលេខមួយគ្រឿង។ ជាម៉ាស៊ីនម៉ាក Olivetti-Lettra ៣២ ដែលគេប្រើប្រាស់ហើយ។ ក្រោយមក ខ្ញុំបានបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនៅទីក្រុងប៉ារីស និងបានបន្តការសិក្សាស្រាវជ្រាវលើជំនាញនេះបន្ថែមទៀតនៅកម្រិតខ្ពស់។ បន្ទាប់មក ខ្ញុំក៏ត្រូវចូលបម្រើកាតព្វកិច្ចនៅវៀតណាមខាងត្បូង។ គឺនៅក្នុងអំឡុងពេលដែលសង្គ្រាមកំពុងក្តៅគគុកនោះហើយ (១៩៦៥-១៩៦៧) ដែលខ្ញុំបានចាប់ផ្តើមផ្លូវដើរលើអាជីពអ្នកកាសែតនេះ។ សារព័ត៌មាន Le Monde បានទទួលខ្ញុំជាបុគ្គលិកនៅក្នុងឆ្នាំ ១៩៦៨ ហើយខ្ញុំបានធ្វើការរហូតដល់ខ្ញុំចូលនិវត្តន៍នៅក្នុងឆ្នាំ ២០០៥។
 
ការធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលខ្ញុំធ្វើពេញមួយជីវិតនេះ មិនមែនគ្រាន់តែជាអាជីពមួយប៉ុណ្ណោះទេ។ វាគឺជាចំណង់។ វា គឺជាផ្នែកមួយនៃជីវិត។ គេអាចធ្វើជាអ្នកសារព័ត៌មាននៅក្នុងក្រុមហ៊ុនមួយ។ តែគេពុំអាចធ្វើត្រឹមតែជាអ្នកកាសែត ដើម្បីផលិតសេចក្តីរាយការណ៍នោះបានឡើយ។ ខ្ញុំបានបំពេញការងារជាង២០ឆ្នាំនៅអាហ្វ្រិក និងជាង៤០ឆ្នាំនៅអាស៊ី ដែលខ្ញុំកំពុងរស់នៅបច្ចុប្បន្ន។


លោក Jean-Claude Pomonti ពេលចុះយកព័ត៌មានក្នុងរាជធានីភ្នំពេញ​នៅឆ្នាំ​១៩៨៩
 
លោក គី សុខលីម៖ ក្នុងចំណោមអត្ថបទដែលលោកបានសរសេរ តើមានអត្ថបណាខ្លះដែលធ្វើឱ្យលោកសប្បាយចិត្ត ព្រោះតែលោកបានសរសេរវា?
លោក ហ្សង់ក្លូដ៖ ពិបាកនិយាយដែរ។ បើទុកឱ្យអ្នកដទៃវាយតម្លៃលើអត្ថបទខ្ញុំ ប្រហែលសមរម្យជាង។ តែអត្ថបទនិយាយពីទីប្រឹក្សាយោធាអាមេរិកម្នាក់ដែលត្រូវបានដោះលែងនៅក្នុងសង្គ្រាមវៀតណាមនោះ បានធ្វើឱ្យខ្ញុំទទួលបានពានរង្វាន់ Albert-Londres សម្រាប់អ្នកកាសែតល្បីនៅក្នុងឆ្នាំ១៩៧៣។ មានអត្ថបទរបស់ខ្ញុំជាច្រើនទៀតដែលត្រូវបានដកស្រង់យកទៅផ្សាយបន្តទាំងនៅបារាំង និងនៅបរទេស។ ខ្ញុំពិតជាមានមោទកភាពមែន។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា នៅពេលអត្ថបទខ្ញុំត្រូវបានចេញផ្សាយហើយ ខ្ញុំមិនដែលអានអត្ថបទខ្ញុំឡើងវិញទេ។ មិនបានអានឡើងវិញទេ ព្រោះជាទូទៅ វាធ្វើឱ្យខ្ញុំខកចិត្ត [គាត់ចេះតែគិតខ្លួនឯងថា អត្ថបទនៅខ្វះនេះ ឬនោះ]។ អត្ថបទដែលបានអានហើយ ហើយធ្វើឲ្យខ្ញុំពេញចិត្តនោះ មានតិចតួចណាស់។ 
 
លោក គី សុខលីម៖ លោកធ្លាប់ជាអ្នកឆ្លងឆ្លើយព័ត៌មានរបស់កាសែត Le Monde ប្រចាំ នៅអាស៊ីអាគ្នេយ៍។ តើមានព្រឹត្តិការណ៍អ្វីខ្លះដែលធ្វើឱ្យលោកកត់សម្គាល់ជាងគេ?
 
លោក ហ្សង់ក្លូដ៖ គឺការរីកចម្រើននៃតំបន់នេះដែលស្ថិតនៅចន្លោះប្រទេសឥណ្ឌា និងប្រទេសចុងបូព៌ា ហើយដែលខ្ញុំបានស្គាល់សព្វកន្លែងហើយក្នុងរយៈកន្លះសតវត្សរ៍មកនេះ។ មើលទៅតំបន់នេះមាន ថាមពលក្លៀវក្លាណាស់! បន្ទាប់ពីចំណាយពេលឆ្លងកាត់សង្គ្រាមផង និង វិបត្តិផង ឥឡូវនេះតំបន់អាស៊ីអាគ្នេយ៍រីកលូតលាស់គ្រប់កន្លែង ហើយក្លាយជា«តំបន់ខ្លាសេដ្ឋកិច្ច», ទំនើប និងអភិវឌ្ឍន៍។ ជាការពិត មានការដើរថយក្រោយខ្លះ ដើរលើផ្លូវមិនត្រឹមត្រូវខ្លះ និងមានអំពើពុករលួយជាដើម។ សង្គ្រាមវិញនៅតែបន្តនៅទីនេះទីនោះមិនចេះចប់។  ប្រទេសចិនរបស់លោក ស៊ី ជិនពីង ដ៏មានឥទ្ធិពល ក៏ចេះតែមានគំនាបមកលើប្រទេសភាគខាងត្បូងរបស់ខ្លួនដែរ។ ប៉ុន្តែ ការរីកលូតលាស់គឺនៅត្រង់ហ្នឹងហើយ ទោះបីជារោគរាតត្បាតកូវីដ-១៩ ធ្វើឱ្យខាតបង់ពេលវេលាមែន។
 
យ៉ាងណាក៏ដោយ ខ្ញុំចង់បញ្ជាក់បន្ថែម ទាក់ទងទៅនឹងកម្ពុជា។ សៀវភៅដំបូងរបស់ខ្ញុំដែលមានចំណងជើងថា «Cambodge, des courtisants aux partisants», ដែលត្រូវបានបោះពុម្ពនៅឆ្នាំ ១៩៧១ ដោយមានកិច្ចសហការជាមួយលោក Serge Thion បាននិយាយពីប្រទេសកម្ពុជា ហើយថ្មីៗនេះ សៀវភៅដែលមានចំណងជើងថា «Cambodge, Maitres de la terre et de l’eau បោះពុម្ពឆ្នាំ ២០១៧ ក៏និយាយពីកម្ពុជាដូចគ្នាដែរ។ កម្ពុជាក្នុងពេលតែមួយ គឺជាប្រទេសដ៏ទាក់ទាញផង និងជាប្រទេសដ៏កំសត់ផង។ ជាមួយប្រទេសនេះ ខ្ញុំបានស្គាល់ទាំងពេលវេលាដ៏សោកសង្រេង និងទាំងពេលវេលាដ៏សប្បាយរីករាយ។
 
លោក គី សុខលីម៖ គេថា សារព័ត៌មាន គឺជាអំណាចទីបួន តើលោកយល់យ៉ាងណាដែរ ? ក្នុងនាមជាអ្នកកាសែត តើលោកមើលឃើញសារប្រយោជន៍អ្វីខ្លះពីអាជីព និងតួនាទីរបស់លោកនៅក្នុងសង្គម ? 
 
លោក ហ្សង់ក្លូដ៖ មានការភាន់ច្រឡំនៅក្នុងវិស័យទំនាក់ទំនងដែលកំពុងវិវត្តយ៉ាងលឿន។ ទោះយ៉ាងណាក៏ដោយ គេនៅតែអាចធ្វើសេចក្តីរាយការណ៍ល្អៗបាន។ ខ្ញុំជឿជាក់ថាអ៊ីចឹង។ ទោះបីពេលខ្លះ ជំនួញផ្នែកសារព័ត៌មានតម្រូវឲ្យយកចិត្តមហាជនក៏ដោយ ក៏ត្រូវតែមានដែនកំណត់របស់វាដែរ ហើយខ្ញុំនៅតែគិតថា គុណភាពនៃអត្ថបទ, នៃរូបថត, នៃវីដេអូឯកសារល្អ នៅតែមានតម្លៃ។ 


លោក Jean-Claude Pomonti កត់ត្រា​នាពេលចុះសម្ភាស​នៅឧត្តុង្គ កាលពីឆ្នាំ១៩៧៣
 
លោក គី សុខលីម៖ មតិខ្លះនិយាយថា សារព័ត៌មានគឺជាដៃគូនៃការអភិវឌ្ឍរបស់ប្រទេសមួយ។ តើលោកយល់យ៉ាងណាដែរ ?
 
លោក ហ្សង់ក្លូដ៖ នៅពីក្រោយឃ្លានេះ គឺមានការដាក់កម្រិតមួយហើយ។ ប្រសិនបើច្បាប់លែងការពារសេរីភាពសារព័ត៌មានទៀតហើយនោះ នោះសេរីភាពផ្សេងទៀតទាំងអស់ក៏មាន´´បញ្ហាដែរ។ ជាធម្មតា សារព័ត៌មាន ពិតជាដៃគូនៃការអភិវឌ្ឍ តែក្នុងលក្ខខណ្ឌណាដែលសារព័ត៌មានអាចបំពេញកិច្ចការរបស់ខ្លួនដោយសេរីបាន។
 
លោក គី សុខលីម៖ នៅតាមប្រទេសមួយចំនួន គេនិយាយថា សារព័ត៌មានត្រូវនិយាយការពិត ប៉ុន្តែការពិតខ្លះក៏មិនត្រូវនិយាយដែរ។ ពេលខ្ញុំសិក្សាជាមួយគ្រូសារព័ត៌មានជនជាតិបរទេស គ្រូបង្រៀនទាំងនោះ បង្រៀនយើងឱ្យផ្សាយតែការពិតទាំងអស់។ តើលោកគិតយ៉ាងណា?
 
លោក ហ្សង់ក្លូដ៖ តួនាទីអ្នកកាសែត គឺផ្តល់ព័ត៌មាន និងរៀបរាប់អ្វីដែលកើតឡើង។ ពុំគួរមានក្រសួងព័ត៌មានឡើយ។ ការផ្តល់ព័ត៌មានវាមិនមែនជាវិស័យមួយនៅក្នុងកិច្ចការរដ្ឋាភិបាលឡើយ។ សេរីភាពនៃការផ្តល់ព័ត៌មាន គឺជាអ្វីដែលយើងត្រូវទទួលបាន និងត្រូវតែស្របច្បាប់។
 
លោក គី សុខលីម៖ ការផ្តល់ព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក និងបណ្ដាញសង្គមបានធ្វើឱ្យប្រែប្រួលទាំងស្រុងរបៀបនៃការផ្តល់ព័ត៌មាន។ តើវាជារឿងល្អ ឬជារឿងអាក្រក់ ?
 
លោក ហ្សង់ក្លូដ៖ យើងមានសារព័ត៌មានមុនសម័យអ៊ីនធឺណិត និងមានសារព័ត៌មានក្នុងសម័យអ៊ីនធឺណិត។ ខ្ញុំស្គាល់សម័យទាំងពីរនេះ។ លើការអនុវត្តជាក់ស្ដែង វាពិតជាមានការផ្លាស់ប្ដូរទាំងស្រុងមែន លើផ្នែកទម្រង់។ ប៉ុន្តែផ្នែកខ្លឹមសារ ? សំខាន់គឺថា តើអ៊ីនធឺណិត ត្រូវបានប្រើប្រាស់ដោយមានប្រយោជន៍ ឬអត់?
 
លោក គី សុខលីម៖ នៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ តើលោកមានដំបូន្មានអ្វីខ្លះដល់អ្នកកាសែត វ័យក្មេង ?
 
លោក ហ្សង់ក្លូដ៖ បើមានប្រធានបទល្អហើយ ធ្វើវាទៅ ! ហាត់រៀនថតរូបឱ្យល្អ, រៀនកាត់ត ដំឡើងរូបភាពវីដេអូឱ្យល្អ, ហាត់សរសេរឱ្យល្អ។ ខិតខំព្យាយាមធ្វើប្រធានបទល្អៗទៅ នៅសល់ប៉ុន្មាន[ចំណេះខ្វះខាតប៉ុន្មាន] វានឹងមកតាមក្រោយហើយ។ 
 
លោ គី សុខលីម៖ លោកធ្លាប់បានសម្ភាសសម្តេច ហ៊ុន សែន ជាច្រើនដង។ តើលោកធ្លាប់មានអនុស្សាវរីយ៍អ្វីខ្លះជាមួយគាត់ទេ ? 
 
លោក ហ្សង់ក្លូដ៖ ខ្ញុំធ្លាប់ជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ញឹកញាប់ កាលខ្ញុំនៅធ្វើជាអ្នកឆ្លងឆ្លើយព័ត៌មានរបស់កាសែត Le Monde រហូតដល់ឆ្នាំ ២០០៥។ តែចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលជួបគាត់ទៀតឡើយ។ សម្រាប់ខ្ញុំ ការប្រែប្រួលមួយបានចាប់ផ្តើមនៅឆ្នាំ១៩៩៨ ពោលគឺចាប់ពីពេលដែលសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបានកើនឡើង ហើយឈានទៅដឹកនាំប្រទេស។ គឺចាប់ពីពេលនោះមកហើយ ដែលគណបក្សប្រជាជនកម្ពុជាធ្វើសេចក្តីសម្រេចលើអ្វីៗទាំងអស់ ហើយចំពោះខ្ញុំ គឺវាមិនល្អទេសម្រាប់ថ្ងៃអនាគត៕
 
 
 

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com