ជាតិ
សង្គមជាតិ
តើកាសែតជាភាសាបារាំងឈ្មោះអ្វីខ្លះមានវត្តមាននៅកម្ពុជាក្នុងចន្លោះឆ្នាំ១៨៦៣-១៩៥៣?
03, May 2021 , 3:29 pm        
រូបភាព
ភ្នំពេញ៖ កាសែតជាសន្លឹកត្រូវបានបង្កើតឡើងមុនដំបូងបំផុតនៅទ្វីបអឺរ៉ុបនៅដើមឆ្នាំ១៦០០។ រីឯនៅក្នុងប្រទេសកម្ពុជាវិញ កាសែតបោះពុម្ពជាសន្លឹកជាភាសាខ្មែរបានចេញផ្សាយជាលើកដំបូងនៅឆ្នាំ១៩៣៦។ មុនកាលបរិច្ឆេទនេះ វត្តមានសារព័ត៌មានជាសន្លឹកនៅក្នុងប្រទេសកម្ពុជា បានបោះពុម្ពផ្សាយជាភាសាបារាំង ព្រោះ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣។ តើកាសែតជាភាសាបារាំងឈ្មោះអ្វីខ្លះមានវត្តមាននៅកម្ពុជាក្នុងចន្លោះឆ្នាំ១៨៦៣-១៩៥៣?

 
មុនឆ្នាំ១៩៣៦ដែលជាឆ្នាំបង្កើតកាសែតជាភាសាខ្មែរដំបូងនោះ ប្រទេសកម្ពុជា ក៏មានវត្តមានកាសែតជាភាសាបារាំងមួយចំនួនផងដែរ ក្នុងនោះ មានដូចជា៖ L’Avenir du Cambodge (អនាគតកម្ពុជា) និង L’Echo du Cambodge (សំឡេងកម្ពុជា)។ L’écho du Cambodge ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩០២ រីឯ L’Avenir du Cambodge មិនត្រូវបានគេចាំកាលបរិច្ឆេទនៃការបង្កើតឡើយ។ 
 
ផ្អែកលើការស្រាវជ្រាវរបស់លោក ហេង ឧត្តម អនុបណ្ឌិតផ្នែកសារព័ត៌មាននៃប្រទេសបារាំង, កាសែត Le Petit Cambodgien (ខ្មែរតូចច្រឡឹង) បានបង្កើតឡើងក្នុងឆ្នាំ១៨៩៩-១៩០០, កាសែត La Petite Opinion (គំនិតតូច) បានបង្កើតឡើងនៅឆ្នាំ១៩០៥, កាសែត L’Impartial de Phnom Penh (ភ្នំពេញមិនលម្អៀង) បានបង្កើតឡើងក្នុងឆ្នាំ១៩១១-១៩១២, កាសែត La Gazette de Phnom Penh បានបង្កើតឡើងនៅឆ្នាំ១៩១៧, កាសែត L’Educateur Francais (គ្រូភាសាបារាំង) បានបង្កើតឡើងនៅឆ្នាំ១៩១៩។ល។ 
 
ក្រៅពីភាសាបារាំង និងភាសាខ្មែរ ក្នុងចន្លោះឆ្នាំ១៨៦៣-១៩៥៣ ប្រទេសកម្ពុជាក៏មានសារព័ត៌មានជាភាសាវៀតណាម និងភាសាចិនដែរ៕ 
បញ្ជាក់៖ ថ្ងៃទី៣ខែឧសភាឆ្នាំ២០២១នេះ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោកក្រោមប្រធានបទ៖«ព័ត៌មាន គឺជាផលប្រយោជន៍ ឬទ្រព្យសម្បតិ្តសាធារណៈ។ 
 
 

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com