COVID-19
ជាតិ
បុរសម្នាក់ទៀតនៅសៀមរាបតេស្ដវិជ្ជមានកូវីដ១៩ ក្រោយវិលត្រឡប់មកពីខេត្តព្រះសីហនុ
03, May 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ម្នាក់ទៀត ដែលជាអ្នកដំណើរទើបវិលត្រឡប់ពីខេត្តព្រះសីហនុ។
 
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលចេញផ្សាយនៅថ្ងៃទី៣ ឧសភា អ្នកជំងឺខាងលើបានរកឃើញនៅយប់ថ្ងៃទី២ ឧសភា ក្រោយមកដល់ខេត្តសៀមរាបនៅរសៀលថ្ងៃដដែល។ អ្នកវិជ្ជមានរូបនេះមានឈ្មោះ ដឹង ចាន់ណាត ភេទប្រុស អាយុ ២១ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិទី២ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ រូបគេបានជិះរថយន្តឈ្នួល មកឈប់នៅមុខវត្តព្រះព្រហ្មរ័ត្ន វេលាម៉ោង៥រសៀល ហើយបានជិះរ៉ឺម៉កកង់បីទៅកាន់មណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ ហើយក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តស្រាវជ្រាវទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
 
គួរបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៦នាក់ បានព្យាបាលជាសះស្បើយចំនួន១៥នាក់ ស្លាប់១នាក់ និង៣០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com