អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ា ចោទអ្នកសារព័ត៌មានជប៉ុនម្នាក់ ពីបទចែកចាយព័ត៌មានមិនពិត
04, May 2021 , 9:59 pm        
រូបភាព
អ្នកសារព័ត៌មានជប៉ុន លោកYuki Kitazumi ដែលត្រូវបានប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួន។ រូបភាព៖ AP
អ្នកសារព័ត៌មានជប៉ុន លោកYuki Kitazumi ដែលត្រូវបានប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួន។ រូបភាព៖ AP
របបសឹកមីយ៉ាន់ម៉ា បានចោទប្រកាន់អ្នកសារព័ទ៌មានជប៉ុនម្នាក់ ក្រោមច្បាប់ប្រឆាំងព័ត៌មានមិនពិត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo នៅថ្ងៃទី៤ ខែឧសភា។ អ្នកសារព័ត៌មានរូបនេះ អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។
 
លោក Yuki Kitazumi អ្នកកាសែតក្រៅម៉ោងជនជាតិជប៉ុនវ័យ៤៥ឆ្នាំ ត្រូវបានក្រុមប៉ូលិសមីយ៉ាន់ម៉ា ចាប់ខ្លួនកាលពីពាក់កណ្តាលខែមេសាកន្លងទៅ។ បើតាមស្ថានទូតជប៉ុនប្រចាំនៅមីយ៉ាន់ម៉ា អ្នកសារព័ត៌មានរូបនេះ ត្រូវបានចោទពីបទចែកចាយព័ត៌មានមិនពិត នៅថ្ងៃទី៣ ខែឧសភា។ 
 
តាមច្បាប់ព្រហ្មទណ្ឌដែលត្រូវបានរដ្ឋាភិបាលយោធា ធ្វើវិសោធនកម្មនៅក្នុងខែកុម្ភៈកន្លងទៅ បុរសរូបនេះ អាចនឹងជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។ ការចាប់ខ្លួនអ្នកសារព័ត៌មានជប៉ុន ទំនងជាធ្វើឡើងដោយសារតែលោក តែងតែសរសេរព័ត៌មានពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងក្រុមយោធា និងព័ត៌មានផ្សេងៗ តាមបណ្តាញសង្គម ដើម្បីរិះគន់របបសឹក។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo មន្រ្តីស្ថានទូតជប៉ុនប្រចាំនៅមីយ៉ាន់ម៉ា បានអះអាងថាអ្នកសារព័ត៌មានរូបនេះ មិនមានបញ្ហាសុខភាពអ្វីឡើយ។ លើសពីនេះ ស្ថានទូតជប៉ុន នឹងបន្តជំរុញឱ្យរដ្ឋាភិបាយយោធាមីយ៉ាន់ម៉ា ដោះលែងរូបលោកថែមទៀត។
 
ក្នុងអំឡុងទស្សកិច្ចទៅចក្រភពអង់គ្លេស រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជប៉ុន នឹងបន្តធ្វើគ្រប់យ៉ាង ដើម្បីឱ្យរបបសឹកដោះលែងអ្នកសារព័ត៌មានជប៉ុន ដែលកំពុងស្ថិតក្រោមការជាប់ឃុំ។ នៅក្នុងខែមេសាកន្លងទៅ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato ក៏បានទាមទារឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកសារព័ត៌មានរបស់ខ្លួនផងដែរ។ 
 
គិតត្រឹមតួលេខចុងក្រោយ អ្នកសារព័ត៌មានចំនួន ៥០រូប ត្រូវស្ថិតក្រោមការជាប់ឃុំនៅមីយ៉ាន់ម៉ា ដោយអ្នកសារព័ត៌មានចំនួន ២៥រូប ត្រូវបានកាត់ទោសរួច។ លើពីនេះ អាជ្ញាធរមីយ៉ាន់ម៉ា បានចេញដីការចាប់ខ្លួនអ្នកសារព័ត៌មានចំនួន ២៩រូបផ្សេងទៀត៕
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com