អន្តរជាតិ
ប្រជាជនមីយ៉ាន់ម៉ាដែលប្រើទូរទស្សន៍ផ្កាយរណប អាចជាប់ពន្ធនាគារ ១ឆ្នាំ
05, May 2021 , 10:59 am        
រូបភាព
រូបថត AFP
រូបថត AFP
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃទី៤ ខែឧសភា បានចេញផ្សាយ ពីការហាមឃាត់ប្រើប្រាស់ទូរទស្សន៍ផ្កាយរណប ក្រោមហេតុផលប៉ះពាល់សន្តិសុខជាតិ។ អ្នកដែលល្មើស នឹងអាចប្រឈមជាប់ពន្ធនាគាររហូតដល់១ឆ្នាំ។
 
នាពេលកន្លងទៅ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ធ្លាប់បានប្រកាសម្តងហើយថា អ្នកកាន់កាប់ចានផ្សាយរណបទូរស្សន៍ ត្រូវតែប្រគល់វាទៅឱ្យអាជ្ញាធរ ព្រោះវាលែងស្របច្បាប់ទៀតហើយនៅមីយ៉ាន់ម៉ា។ នៅតំបន់ខ្លះ អាជ្ញាធរ បានចុះរឹបអូសចានផ្កាយរណបនៅតាមហាងលក់ថែមទៀត។ ការប្រើប្រាស់ចានផ្កាយរណបទូរទស្សន៍នេះ អាចធ្វើឱ្យប្រជាជនទទួលដំណឹង ឬព័ត៌មានផ្សេងៗពីមីយ៉ាន់ម៉ា មកពីខាងក្រៅប្រទេសមកវិញ។ 
 
ចុងក្រោយនេះ របបសឹកមីយ៉ាន់ម៉ា ក៏សម្រេចចិត្តហាមឃាត់ការប្រើប្រាស់ទូរទស្សន៍ផ្កាយរណប រួមទាំងចានផ្កាយរណប ដែលមានទោសទណ្ឌអាចមានដល់ការជាប់ពន្ធនាគារ។
 
«ទូរទស្សន៍ផ្កាយរណប គឺលែងស្របច្បាប់ហើយ»។ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV ផ្សាយបែបនេះនៅថ្ងៃទី៤ ខែឧសភា ដោយបន្ថែមថា អ្នកដែលបំពាននឹងច្បាប់ស្តីពីប្រព័ន្ធវីដេអូ និងទូរទស្សន៍ អាចជាប់ប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ និងត្រូវពិន័យជាប្រាក់រហូតដល់ ៣២០ដុល្លារ។ អ្នកប្រើប្រាស់ចានផ្កាយរណប ក៏អាចជាប់ទោសដូចគ្នា។ 
 
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមីយ៉ាន់ម៉ា ប្រព័ន្ធផ្សព្វផ្សាយខុសច្បាប់មួយចំនួន កំពុងផ្សាយព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ, នីតិរដ្ឋ និងលើកទឹកចិត្តឱ្យប្រជាជនប្រព្រឹត្តបទល្មើសក្បត់ជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
គួរបញ្ជាក់ថា មកទល់ពេលនេះ បញ្ហាជាច្រើនកំពុងតែកើតមានឡើងនៅមីយ៉ាន់ម៉ា ក្នុងនោះមានដូចជា បាតុកម្ម ការកាប់សម្លាប់ និងការប៉ះទង្គិចគ្នារវាងក្រុមយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចជាដើម។ 
បាតុករមីយ៉ាន់ម៉ាជាច្រើននាក់ នៅតែបន្តធ្វើបាតុកម្មប្រឆាំងយោធា ទោះរដ្ឋប្រហារបានកើតឡើងយូរខែហើយក្តី។ ទន្ទឹមនេះ ការប៉ះទង្គិច ដែលបង្កឱ្យមានករណីមនុស្សស្លាប់ ក៏នៅតែបន្តកើតមានផងដែរ។ មនុស្សយ៉ាងហោចណាស់ ៧៦០នាក់ ត្រូវបានប៉ូលិសមីយ៉ាន់ម៉ាបាញ់សម្លាប់ ដោយគិតត្រឹមថ្ងៃទី៤ ខែឧសភា។ 
 
មិនតែប៉ុណ្ណោះ ការប៉ះទង្គិចរវាងក្រោមជនជាតិភាគតិច និងក្រុមយោធា នៅតែបន្តកើតមាន។ នៅក្នុងរដ្ឋC hin ដែលមានព្រំដែនជាប់ជាមួយឥណ្ឌា កម្លាំងការពាររដ្ឋ Chin (CDF) បានអះអាងថា ខ្លួនបានសម្លាប់កម្លាំងយោធាមីយ៉ាន់ម៉ា យ៉ាងហោចណាស់ ៤នាក់ និង១០នាក់របួស។ 
 
ស្របគ្នានេះ ឧក្រិដ្ឋកម្ម ក៏បានកើតមានផងដែរលើមន្រ្តីរបបយោធា។ នៅក្នុងតំបន់ Sagaing ទូរទស្សន៍ DVB បានចុះផ្សាយថា មន្រ្តីថ្នាក់តំបន់ម្នាក់ ដែលត្រូវបានតែងតាំងដោយក្រុមយោធា ត្រូវបានសម្លាប់ដោយការកាត់ក្បាល។ មុនករណីស្លាប់បែបនេះមួយថ្ងៃ នៅក្នុងទីក្រុងយ៉ាំងហ្គោន មន្រ្តីថ្នាក់តំបន់ម្នាក់ទៀត ក៏ត្រូវបានគេចាក់សម្លាប់ផងដែរ៕
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com