អត្ថបទពាណិជ្ជកម្ម
ភ្នាក់ងារវីងរួមគ្នាម្តងទៀត ដើម្បីជួយសហគមន៍អំឡុងពេលជំងឺកូវីដ-១៩
05, May 2021 , 11:41 am        
រូបភាព
ដោយ: ថ្មីៗ
ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ នេះ ភ្នាក់ងារវីងទូទាំងប្រទេស បានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួនម្តងទៀតហើយ ដើម្បីជួយសហគមន៍។
ខណៈពេលដែលជំងឺរាតត្បាតនៅតែបន្តជះឥទ្ធិពលដល់ប្រទេសកម្ពុជា ភ្នាក់ងារវីងនៅទូទាំងប្រទេស បានរួបរួមគ្នាម្តងទៀតហើយ ដោយបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋាន ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
 
អ្នកស្រី តាន់ សៀកលៀង មានអាយុ ៣០ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញបានរៀបចំអង្ករ ៣០០ គីឡូក្រាម ព្រមទាំងត្រីខកំប៉ុង និងទឹកត្រី នៅពីមុខហាងវីងរបស់គាត់ ដើម្បីចែកជូនដល់សហគមន៍ ដែលភាគច្រើន ជាកម្មករសំណង់ និងអ្នករើសអេតចាយ។ អ្នកស្រី សៀកលាង បានឲ្យដឹងថា៖“ ការចូលរួមរបស់ខ្ញុំ គឺមិនច្រើនទេ ប៉ុន្តែវានឹងជួយកាត់បន្ថយបន្ទុក ដល់គ្រួសាររបស់ពួកគេបានខ្លះៗ។ ម្តាយខ្ញុំ និងខ្ញុំ បានរស់នៅទីនេះជិត៣០ ឆ្នាំហើយ។ យើងចង់ជួយអ្នកជិតខាងរបស់យើង” ។
 
នៅភាគឦសាននៃប្រទេសកម្ពុជាឯណោះវិញ លោកស្រី មូ ស៊ីវតាន មានអាយុ ៣៨ ឆ្នាំ ជាម្ចាស់ហាងវីង យីហោ ថៃ ឆាង ក្នុងខេត្តរតនគិរី បានចែកអាហារដល់អ្នកខ្វះខាត និងអ្នកធ្វើការងារ នៅមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩។ លោកស្រី ស៊ីវតាន  បានមានប្រសាសន៍ថា៖“ នេះជាស្មារតីនៃការចែករំលែកដល់សហគមន៍។ ឥឡូវនេះ ខ្ញុំកំពុងបបួលបងប្អូន ឲ្យចូលរួមកិច្ចការសប្បុរសនេះ បន្ថែមទៀត” ។


 
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖“ សាមគ្គីភាពមានសារសំខាន់ ក្នុងការជម្នះនូវការលំបាកដែលកើតឡើងនៅក្នុងស្ថានភាពវិបត្តិបែបនេះ។  យើងមានមោទកភាពណាស់ ដែលភ្នាក់ងាររបស់យើងជាច្រើន បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ បែបនេះម្តងទៀត។ សកម្មភាពសប្បុរសធម៌របស់ពួកគេ នឹងជំរុញអ្នកជិតខាងរបស់ពួកគេ ឱ្យចូលរួមផងដែរ”។
 
លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារ វីង បានសង្កេតឃើញនូវការចូលរួមវិភាគទានសប្បុរសធម៌ ពីភ្នាក់ងារវីងជាច្រើន នៅទូទាំងប្រទេសនៅពេលពួកគេចែកចាយសកម្មភាពទាំងនោះ តាមអ៊ីនធឺណិត។
 
លោក ឈាងស្រេង មានប្រសាសន៍ថា៖“ យើងបានឃើញមានភ្នាក់ងារនៅខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង មណ្ឌលគីរី និងខេត្តដទៃទៀត បានជួយគាំទ្រសហគមន៍របស់ពួកគេ។ យើងបានស្នើពួកគេ ឲ្យគោរពតាមវិធានការសុវត្ថិភាព ដោយពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពសង្គម និងឈរតាមស្លាកសញ្ញាសុវត្ថិភាព នៅពេលពួកគេធ្វើកិច្ចការសប្បុរសធម៌” ។



ក្នុងគ្រាដ៏លំបាកនេះ វីងក៏មិនយកថ្លៃសេវា សម្រាប់ការផ្ទេរប្រាក់ពីវីង ទៅវីង ដោយប្រើកម្មវិធីស្មាតហ្វូនវីង ហើយអនុញ្ញាតឲ្យផ្ទេរប្រាក់ បានរហូតដល់ ២០.០០០ ដុល្លារ ក្នុង១ថ្ងៃ។ នេះនឹងផ្តល់ភាពងាយស្រួល ដល់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការផ្ញើប្រាក់ ទៅគ្រួសាររបស់ពួកគេ ហើយនឹងកាត់បន្ថយការធ្វើដំណើរ ក្នុងពេលមានជំងឺកូវីដ-១៩ នេះ។
 
ចំណែក វីងម៉ល ក៏កំពុងផ្តល់សេវាកម្មដឹកជញ្ជូនឥតគិតថ្លៃ ដល់អាជីវករដែលកំពុងជួបការលំបាក និងអ្នកដែលត្រូវការទិញអាហារ គ្រឿងទេស និងទំនិញចាំបាច់ តាមរយៈកម្មវិធីស្មាតហ្វូនវីង ។
 
ប្រជាជន ក៏អាចប្រើកម្មវិធីស្មាតហ្វូនវីង ដើម្បីទូទាត់ការចំណាយផ្សេងៗ ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ សម្រាប់សេវាកម្មសំខាន់ៗដូចជា៖ ការទូទាត់ថ្លៃទឹកភ្លើង បញ្ចូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់ជាមួយសេវាកម្មដឹកជញ្ជូន និងអាជីវកម្មផ្សេងៗ៕








 
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com