COVID-19
ជាតិ
មនុស្ស១២នាក់ទៀត នៅខេត្តកំពង់ធំ វិជ្ជមានកូវីដ-១៩
05, May 2021 , 12:06 pm        
រូបភាព
 រូបភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមន្រ្តី ពីរដ្ឋបាលខេត្តកំពង់ធំ
រូបភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមន្រ្តី ពីរដ្ឋបាលខេត្តកំពង់ធំ
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន១២នាក់បន្ថែមទៀត។តាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្នុងចំណោមនោះ មាន១១នាក់
ជាអ្នកស្រុកស្ទោង និងម្នាក់ ជាអ្នកស្រុកបារាយណ៍។
 
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន១១នាក់ថ្មីនេះ មាន៥នាក់ ជាអ្នកភូមិលាបទង
ឃុំកំពង់ចិនត្បូង, ៤នាក់ ជាអ្នកភូមិអំពិល , ម្នាក់ជាអ្នកភូមិឈាយ ឃុំសំព្រោជនិងម្នាក់ទៀតជាអ្នកភូមិល្ហុង ឃុំចំណារលើ ស្រុកស្ទោង។ អ្នកទាំង១១នេះ បានឆ្លងជំងឺពីអ្នកភូមិ
និងសាច់ញាតិខ្លួន ដែលរស់នៅក្នុងភូមិខ្លួន។ ចំណែកឯ អ្នកជំងឺកូវីដ-១៩ថ្មីម្នាក់ទៀតជាអ្នកភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ បានធ្វើដំណើរមកពីខេត្តព្រះសីហនុ
មកខេត្តកំពង់ធំ ជាមួយភរិយា។
 
ក្នុងចំណោមមនុស្ស១២នាក់វិជ្ជមានកូវីដ-១៩ថ្មីនេះ មានតាំងពីកុមារអាយុ៥ឆ្នាំ ដល់មនុស្សចាស់អាយុ៤៦ឆ្នាំ។
ក្រោយតេស្តវិជ្ជមាន អ្នកស្រុកស្ទោងទាំង១១នាក់ ត្រូវបានអាជ្ញាធរបញ្ជូនទៅសម្រាកព្យាបាលនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ។ ចំណែក
អ្នកស្រុកបារាយណ៍ម្នាក់ទៀត ត្រូវបានអាជ្ញាធរបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ហើយអ្នកដែលបានពាក់ព័ន្ធនឹងអ្នកជំងឺរូបនេះ
(ភរិយា) ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន បារាយណ៍។
 
គិតត្រឹមព្រឹកថ្ងៃទី៥ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំ មានអ្នកជំងឺកូវីដ-១៩ ចំនួន៦៣នាក់។ អាជ្ញាធរខេត្ត
នឹងបន្តស្រាវជ្រាវចំពោះអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ ពិសេសអ្នកស្រុកស្ទោងដែលពាក់ព័ន្ធនឹងអ្នកជំងឺទាំង១១នាក់ថ្មីនេះ។ អាជ្ញាធរ
ក៏អំពាវនាវឲ្យពលរដ្ឋពាក់ព័ន្ធទាំងអស់ ទៅធ្វើសំណាករកមេរោគកូវីដ-១៩នៅសាលាបឋមសិក្សាឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦,២៩៩ករណី ក្នុងនោះ១៥,៧៤៤នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំណែកអ្នកជាសះស្បើយ ៥,៧៩១នាក់ ខណៈអ្នកជំងឺចំនួន១០,៣៩៤នាក់ទៀតកំពុងសម្រាកព្យាបាល។ អ្នកស្លាប់ដោយសារជំងឺកូវីដឥ១៩ បានកើនដល់១០៧នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com