ជាតិ
សង្គមជាតិ
ពលរដ្ឋក្នុងខេត្តតាកែវ កំពង់ស្ពឺ និងកំពង់ចាម ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព
05, May 2021 , 12:39 pm        
រូបភាព
 លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី៥ ខែឧសភា បានកំណត់ខេត្តចំនួន៣ទៀតគឺខេត្តតាកែវ កំពង់ស្ពឺ និងកំពង់ចាម ដែលត្រូវឱ្យពលរដ្ឋអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។ ការសម្រេចនេះធ្វើឡើងដើម្បីទប់ស្កាត់ និង គ្រប់គ្រងនៃជំងឺកូវីដ-១៩។
 
ក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា វិធានការពាក់ម៉ាស់ និងរក្សាគម្លាតនឹងត្រូវអនុវត្តឡើង រហូតដល់ថ្ងៃជូនដំណឹងសាជាថ្មី។ 
 
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ដូច្នេះថា៖«ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ មីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍»។
 
បើតាមអនុក្រឹត្យលេខ៣៧ អនក្រ.កប បុគ្គល មិនពាក់ម៉ាស់ នៅទីកន្លែង ដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ ដូចការកំណត់របស់ក្រសួងសុខាភិបាល នឹងត្រូវទទួលការព្រមានសិន សម្រាប់កំហុសលើកទី១ ហើយបើនៅតែបំពានលើកទី២ នឹងប្រឈមការពិន័យប្រាក់ពី២សែនរៀល ទៅ១លានរៀល។ ចំណែកបុគ្គលដែលមិនរក្សាគម្លាតសុវត្ថិភាព ក៏រងការពិន័យដូចគ្នាដែរ។
 
សូមជម្រាបថា គិតមកទល់ពេលនេះ មានខេត្តចំនួន៩ហើយ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពផងដែរ។ ខេត្តទាំងនោះមានដូចជា រាជធានីភ្នំពេញ ព្រៃវែង កណ្តាល ព្រះសីហនុ សៀមរាប និងបន្ទាយមានជ័យ។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦៩៧១ករណី ក្នុងនោះ អ្នកជាសះស្បើយ  ៦០១៩នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ កើនដល់ ១១០នាក់៕
 
 
 
 
 

Tag:
 ម៉ាស់
© រក្សាសិទ្ធិដោយ thmeythmey.com