អន្តរជាតិ
ក្រសួងសុខាភិបាលថៃ៖ ប្រជាជនថៃមានអាទិភាពទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ មុនជនបរទេស
05, May 2021 , 2:13 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ ជា ពេជ្រដាឡែន
 
ប្រជាជនថៃ នៅតែមានអាទិភាពទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនជនបរទេស។ ក្រសួងសុខាភិបាលថៃបញ្ជាក់បែបនេះនៅថ្ងៃទី៤ ខែឧសភា ក្រោយមានរបាយការណ៍ទាក់ទងការចុះឈ្មោះរបស់ជនបរទេសដើម្បីទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃ។
 
លោក Rungrueng Kitphati អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ បានទាត់ចោលព័ត៌មានមួយចំនួនទាក់ទងជនបរទេសដែលត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះដើម្បីទទួលបានបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ បើតាមលោក Kitphati ប្រជាជនថៃដែលស្ថិតនៅស្ថានភាពងាយនឹងរងគ្រោះថ្នាក់ និងតំបន់ មានហានិភ័យខ្ពស់ នៅតែទទួលបានអាទិភាពក្នុងការទទួលបានការចាក់វ៉ាក់សាំង ដោយសារ តែវ៉ាក់សាំងនៅមានកំណត់។ 
 
បើតាមកាសែតបាងកកប៉ុស្តិ៍ នៅដើមសប្ដាហ៍នេះ មានជនបរទេសមួយចំនួនបង្ហោះសារលើបណ្ដាញសង្គមរបស់ពួកគេពីការចុះឈ្មោះក្នុងប្រព័ន្ធចុះឈ្មោះរបស់រដ្ឋាភិបាលថៃដើម្បីទទួលបានវ៉ាក់សាំង។ អ្នកប្រើប្រាស់ Twitter ម្នាក់សរសេរថា ខ្លួនចុះឈ្មោះរួចហើយ និងត្រៀមទទួលវ៉ាក់សាំងនៅខែមិថុនាក្នុងខេត្តឈៀងម៉ៃ។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យខាងលើ អះអាងថា រដ្ឋាភិបាលថៃគ្មានគម្រោងផ្ដល់វ៉ាក់សាំងឱ្យជនបរទេសក្នុងខែមិថុនា ឬខែកក្កដាឡើយ។ លោក Kitphati បញ្ជាក់ថា ជនបរទេសដែលរស់នៅក្នុងប្រទេសថៃ គួររង់ចាំគោលនយោបាយជាក់លាក់ណាមួយដែលប្រកាសដោយរដ្ឋាភិបាល។ លោកបន្តថា នៅពេលមានវ៉ាក់សាំងគ្រប់គ្រង រដ្ឋាភិបាលថៃ នឹងប្រកាសផ្លូវការពីការទទួលវ៉ាក់សាំងសម្រាប់ជនបរទេស ដូចនេះពួកគេមិនចាំបាច់បារម្ភឡើយ។
 
បច្ចុប្បន្ន ប្រជាជនថៃចំនួនជិត១,៥លាននាក់ដែលស្ថិតក្នុងក្រុមអាទិភាព បានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ រួចរាល់ ដោយមានទាំងមន្រ្តីសុខាភិបាល បុគ្គលិកជួរមុខ និងប្រជាជននៅតំបន់ ដែលមានហានិភ័យខ្ពស់។ ថៃប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech និងវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com