ជាតិ
សេដ្ឋកិច្ច
លោក អូន ព័ន្ធមុនីរ័ត្ន ណែនាំឱ្យក្រសួងនានាបន្ថយចំណាយមិនចាំបាច់ សម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩
05, May 2021 , 3:07 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ភ្នំពេញ៖ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩(COVID-19)នៅកម្ពុជា ដែលឈានទៅដល់ការអនុវត្តវិធានការបិទខ្ទប់ទីតាំងភូមិសាស្ត្រមួយចំនួននោះ បានបង្ខំឱ្យរដ្ឋាភិបាល ត្រូវកាត់បន្ថយកញ្ចប់ថវិកាចំណាយ របស់ក្រសួងនីមួយៗសម្រាប់ឆ្នាំ២០២១ ដើម្បីដោះស្រោយបញ្ហាអាទិភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺនេះ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ចជាតិ។
 
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់នៅក្នុងសារាចរណែនាំ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិ សម្រាប់អនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១ នាថ្ងៃទី៤ឧសភា ថា ក្រៅពីប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិកក្រសួងនីមួយៗត្រូវកាត់បន្ថយការចំណាយណាដែលមិនចាំបាច់(ការធ្វើវិចារណកម្មចំណាយថវិកា) ដោយបង្វែរថវិកាដែលសន្សំបានការបន្ថយចំណាយមិនចាំបាច់នោះ  យកមកទ្រទ្រង់ផលប៉ះពាល់ ឬសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ 
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន  ចំណាយនានាមិនចាំបាច់របស់ក្រសួងនីមួយៗដែលត្រូវកាត់បន្ថយសម្រាប់ឆ្នាំ២០២១  ឬព្យួរការចំណាយនោះ មានចំណាយលើសម្ភារការិយាល័យ,  ចំណាយលើកិច្ចប្រជុំសិក្ខាសាលា និងសន្និសីទ, ចំណាយលើសោហ៊ុយបេសកកម្មក្នុង-ក្រៅប្រទេស, ចំណាយលើការរៀបចំពិធីបុណ្យ ការថែទាំជួសជុលអគារផ្សេងៗ និងប្រាសាទ និងចំណាយលើថ្លៃប្រេងឥន្ទនៈ និងប្រេងរំអិល... ជាដើម។ 
 
ការធ្វើវិចារណកម្មចំណាយថវិកាថ្នាក់ជាតិនេះ គឺត្រូវលើកលែងចំពោះក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ) រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញរាជធានី ឮខេត្តទាំងអស់។ នេះជាការរៀបរាប់របស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបន្តថា ក្រសួងដែលជាគោលដៅ នៃការរួមចំណែកដល់ការសន្សំធនធានថវិកា ដើម្បីបង្វែរមកដោះស្រោយបញ្ហាអាទិភាពនាបច្ចុប្បន្ន ក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩នោះ មានក្រសួងចំនួន៧ គឺក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងអភិវឌ្ឍន៍ជនបទ,ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំដែនដី និងនគរូបនីយកម្ម ,និងក្រសួងមហាផ្ទៃ។ ក្រសួង ស្ថាប័នផ្សេងៗ ព្រមទាំងមុខចំណាយត្រៀមបម្រុងនានា ដែលប្រើកញ្ចប់ឥណទាន មិនទាន់បែងចែកប្រចាំឆ្នាំ របស់រាជរដ្ឋាភិបាល។
 
ជាមួយនឹងការកាត់សន្សំខាងលើនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏នឹងផ្អាកការផ្តល់ធានាចំណាយសម្រាប់គម្រោងត្រៀមបម្រុង របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ផងដែរ។ លោក អូន ព័ន្ធមុនីរ័ត្ន   ដែលជាឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីចាំបាច់  សម្រាប់គម្រោងថ្មី និងគម្រោងទទួលបានការសម្រេចរួចហើយ ដែលមានចរិតទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចក្នុងស្រុក, គម្រោងស្តារឡើងវិញដែលខូចខាតដោយទឹកជំនន់ក្នុងឆ្នាំ២០២០, គម្រោងពហុឆ្នាំដែលផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ត្រូវបានផ្តល់អាទិភាព ក្នុងការស្នើសុំការសម្រេចដោយឡែកទៅតាមករណី និងតាមលទ្ធភាពថវិកាជាក់សែ្តង។
 
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ  ស្នើដល់គ្រប់ក្រសួង ស្ថាប័ន និងគ្រឹះស្ថានសាធារណៈ រដ្ឋបាលដែលពាក់ព័ន្ធ និងអង្គការក្រោមឱវាទ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវអនុវត្តសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាព៕ 
 
 
 
 
 

Tag:
 COVID-19
  លោក អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com