កីឡាជាតិ
អន្តរជាតិ
Conte ស្វាគមន៍សត្រូវចាស់ Mourinho ដែលនឹងដឹកនាំ Roma រដូវកាលក្រោយ
05, May 2021 , 5:29 pm        
រូបភាព
លោក Antonio Conte អ្នកចាត់ការទូទៅ Inter Milan ស្វាគមន៍ការមកដល់របស់លោក Jose Mourinho ចំពោះការតែងតាំងជាអ្នកដឹកនាំក្រុមថ្មីរបស់ AS Roma។ អតីតគ្រូ Spurs រូបនេះ នឹងជំនួសលោក Paulo Fonseca ចាប់ពីរដូវកាលក្រោយទៅ។

 
Mourinho ត្រូវបាន Tottenham Hotspur បញ្ចប់ពីតំណែងអ្នកចាត់ការ កាលពីថ្ងៃទី១៩ ខែមេសា បន្ទាប់ពីដឹកនាំក្រុមមិនបានល្អ។ មិនទាន់បានកន្លះខែស្រួលបួលផង អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រកបានទ្រនំតែម្តង ដោយត្រូវត្រឡប់ទៅអ៊ីតាលីដើម្បីដឹកនាំក្រុម Roma។
 
ក្រោយដំណឹងនេះត្រូវបានប្រកាសជាសារធារណៈតាមរយៈក្លិប Roma អតីតអ្នកចាត់ការ Chelsea លោក Conte ដែលធ្លាប់ប៉ះទង្គិចគ្នាជាមួយលោក Mourinho បានស្វាគមន៍ការមកដល់របស់អ្នកចាត់ការដែលជាគូប្រជែងចាស់រូបនេះ ។
 
អំឡុងដឹកនាំក្រុមនៅអង់គ្លេសដូចគ្នាដែលកាលនោះលោក Conte ដឹកនាំ Chelsea ហើយ Mourinho ធ្វើការនៅ Manchester United អ្នកទាំងពីរបានវាយប្រហាគ្នាតាមរយៈពាក្យសម្តីខ្លាំងៗ។ Special One ធ្លាប់បានហៅអ្នកចាត់ការសញ្ចាតិអ៊ីតាលីថាជា «តុក្កតាបិសាច» រីឯលោក Conte ហៅ Mourinho ថាជា «បុរសតូច»។
 
បើទោះយ៉ាងណាក៏ដោយលោក Conte អះអាងថាលោកនៅតែគោរពយ៉ាងពេញទំហឹងចំពោះអតីតគ្រូបង្វឹក Inter Milan លោក Mourinho ដែលនឹងជំនួស Paulo Fonseca សម្រាប់តំណែងអ្នកចាត់ការ Roma ដែលជាគូប្រជែងនៅ Serie A ចាប់ពីរដូវកាលក្រោយ។
 
Conte ដែលជួយ Inter លើកពានលីគកំពូលអ៊ីតាលីរដូវកាលនេះបានប្រាប់កាសែត Le Iene ថា៖ «នេះជាដំណឹងដ៏អស្ចារ្យសម្រាប់អ្នករាល់គ្នា។ ខ្ញុំសូមជូនពរឱ្យគាត់ទទួលបានលទ្ធផលល្អបំផុត។ ជាការពិត រវាងពួកយើង គឺមានការគោរពគ្នាយ៉ាងខ្លាំង» ។
 
Mourinho អតីតគ្រូ Chelsae, Man Utd, Spurs, Real Madrid និង Porto រូបនេះ ធ្លាប់បង្កើតភាពជោគជ័យបំផុតនៅទឹកដីអ៊ីតាលី ដោយជួយ Inter Milan ឈ្នះជើងឯក Serie A និង Champions League នៅរដូវកាល ២០០៩-១០៕
 

Tag:
 Antonio Conte
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com