ជាតិ
ពីខែឧសភា ដល់តុលា កម្ពុជារងបាតុភូតបីគឺ Neutral, El Nino និង La Nina 06, May 2021 , 7:59 am
ភ្លៀងធ្លាក់ នៅចំណុចស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៣ឧសភា។ រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម។
×
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ ចាប់ពីដើមខែឧសភា ដល់ខែតុលា ឆ្នាំ២០២១ កម្ពុជានឹងទទួលរងបាតុភូតចំនួន៣រួមមាន បាតុភូត Neutral, បាតុភូត El Nino និងបាតុភូត La Nina ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងក្នុងអាងទន្លេមេគង្គ និងប្រទេសកម្ពុជា។ នេះបើតាមការព្យាករណ៍កម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២១ របស់ក្រសួងធនធានទឹក និងឧតុនិយម។
ការព្យាករណ៍ បញ្ជាក់ថា កម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២១នេះ ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,៣៣ម៉ែត្រ។ រីឯទន្លេមេគង្គ-ក្រចេះវិញ ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,៥០ម៉ែត្រ។
សម្រាប់ទន្លេមេគង្គ-កំពង់ចាម កាលពីខែមករា ដល់ខែមីនា ទឹកមានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំ ដល់ទៅ១,២០ម៉ែត្រ តែទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំវិញប្រមាណ ០,៣២ម៉ែត្រ ក្នុងខែមេសា។ រាជធានីភ្នំពេញ ស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ ចាប់ពីខែមករាដល់ខែមីនា ទឹកមានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំដល់ទៅ ១,០៤ម៉េត្រ តែមកទល់ខែមេសា ទឹកមានកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ។ ចំណែកទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់លួង កម្ពស់ទឹកទាបជាងមធ្យមច្រើនឆ្នាំរង្វង់ ០,១៨ម៉ែត្រ ទៅ ១,៣៦ម៉ែត្រ។ នេះបើតាមក្រសួងធនធានទឹកដដែល។
ផ្អែកលើការព្យាករណ៍ទឹកជំនន់ទន្លេមេគង្គលើកទី១ នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខឆ្នាំនេះ ទឹកអាចនឹងមានកម្ពស់ ៩,៣០ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម។ នេះយោងលើស្ថានភាពទឹកទន្លេមេគង្គបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគលើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា៕
Tag:
អាកាសធាតុ
កម្ពស់ទឹកជំនន់
ក្រសួងធនធានទឹក និងឧតុនិយម
© រក្សាសិទ្ធិដោយ thmeythmey.com