អន្តរជាតិ
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ប្រកាសបង្កើតកងកម្លាំងការពារប្រជាជន
06, May 2021 , 10:43 am        
រូបភាព
បាតុករស្រីម្នាក់ កាន់បដាគាំទ្ររដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។ រូបភាព៖ Nikkei Asia
បាតុករស្រីម្នាក់ កាន់បដាគាំទ្ររដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា។ រូបភាព៖ Nikkei Asia
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា នៅថ្ងៃទី៥ ខែឧសភា បានប្រកាសបង្កើតកងកម្លាំងការពារប្រជាជន ដើម្បីការពារអ្នកគាំទ្ររបស់ខ្លួន ពីការវាយប្រហារពីសំណាក់របបសឹកមីយ៉ាន់ម៉ា។ ការបង្កើតកងកម្លាំងការពារប្រជាជននេះ គឺជាដំណាក់កាលដំបូង មុននឹងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ឈានទៅដល់ការបង្កើតកម្លាំងទ័ពជាតិមួយ។
 
ស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា កាន់តែវិវឌ្ឍបន្តិចម្តងៗ នៅក្នុងស្ថានភាពមួយ ដែលអាចប្រែទៅជាសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ បន្ទាប់ពីរដ្ឋាភិបាលបង្រួបបង្រួមជាតិ បានប្រកាសបង្កើតកងកម្លាំងផ្ទាល់ខ្លួន។ 
 
បើតាមសារព័ត៌មាន The Irrawaddy រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានអះអាងថា ខ្លួនមានការទទួលខុសត្រូវ ក្នុងការកែប្រែវិស័យសន្តិសុខនៅក្នុងប្រទេស។ អនុរដ្ឋមន្រ្តីការពារជាតិ នៃរដ្ឋាភិបាលស្រមោល Daw Khin Ma Ma Myo បញ្ជាក់ថា  ព័ត៌មានលម្អិតទាក់ទិននឹងកងកម្លាំងការពារប្រជាជននេះ នឹងបញ្ចេញនៅពេលក្រោយ។ 
 
ការបង្កើតកងកម្លាំងការពារប្រជាជននេះ ធ្វើឡើងដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន, សហភាពសហព័ន្ធ និងបញ្ចប់ហិង្សា ដែលបង្កដោយរដ្ឋាភិបាលយោធា។ «នេះគឺជាកម្លាំងរដ្ឋនៃរដ្ឋាភិបាលបង្រួបបង្រួមជាតិ ក្នុងការបង្រ្កាបកម្លាំងយោធាមីយ៉ាន់ម៉ា ដែលបច្ចុប្បន្ន ប្រពឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មលើប្រជាជន»។ លោកស្រីអនុរដ្ឋមន្រ្តីការពារជាតិនៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានលើកឡើងបែបនេះ។ 
 
ទន្ទឹមនេះ លោកស្រី Daw Khin Ma Ma Myo ក៏បានព្រលយពាក្យផងដែរថា កងកម្លាំងការពារប្រជាជននេះ ជាដំណាក់កាលដំបូង មុននឹងឈានទៅដល់ការបង្កើតកងទ័ពសហភាពមីយ៉ាន់ម៉ា។ យ៉ាងណាមិញ លោកស្រីរដ្ឋមន្រ្តីការពារជាតិនៃរដ្ឋាភិបាលស្រមោលរូបនេះ មិនបានបញ្ជាក់ឱ្យបានលម្អិតឡើយ ថាតើកងទ័ពសហភាពមីយ៉ាន់ម៉ា នឹងត្រូវបង្កើតឡើងនៅពេលណា។ 
 
ការបង្កើតកងកម្លាំងការពារប្រជាជននេះ ជាសញ្ញាមួយដែលបង្ហាញថា មីយ៉ាន់ម៉ា កំពុងស្ថិតលើមាត់ជ្រោះ នៃសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ និងការបាក់បែកនៅក្នុងប្រទេស។ ចាប់តាំងពីរដ្ឋប្រហារយោធានៅខែកុម្ភៈមក ក្រុមយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិច បានប៉ះទង្គិចគ្នាជាច្រើនលើកលើនៅតំបន់ព្រំដែន ដែលជាប់ជាមួយថៃ ចិន និងឥណ្ឌារួចទៅហើយ។   
ក្នុងថ្ងៃដដែលនេះ អង្គការក្រៅរដ្ឋាភិបាលច្រើនជាង ២០០ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មអាវុធលើមីយ៉ាន់ម៉ា ដើម្បីបញ្ឈប់រដ្ឋាភិបាលយោធាពីការបង្រ្កាបលើក្រុមបាតុករមីយ៉ាន់ម៉ា និងក្រុមប្រឆាំងរដ្ឋាភិបាលយោធា។ 
 
មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៧៦០នាក់ បានបាត់បង់ជីវិត ដោយក្នុងនោះមានកុមារ ៥១រូបផងដែរ។ លើសពីនេះ មនុស្សជាច្រើនពាន់នាក់ នៅតែបន្តស្ថិតក្រោមការឃុំខ្លួន ខណៈមនុស្សជាច្រើនរយនាក់ផ្សេងទៀត បានបាត់ខ្លួន៕
 

Tag:
 មីយ៉ាន់ម៉ា
  រដ្ឋាភិបាលស្រមោល
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com