ជាតិ
តុលាការឲ្យសកម្មជនបរិស្ថាន៣នាក់ ជាប់ពន្ធនាគារជិត២ឆ្នាំ ខណៈសង្គមស៊ីវិលចាត់ទុកថាជាការសងសឹក
06, May 2021 , 2:09 pm        
រូបភាព
សកម្មជនបរិស្ថានរបស់មាតាធម្មជាតិទាំងបី។ (រូបពីស្ថានទូតអាមេរិកប្រចាំកម្ពុជា)
សកម្មជនបរិស្ថានរបស់មាតាធម្មជាតិទាំងបី។ (រូបពីស្ថានទូតអាមេរិកប្រចាំកម្ពុជា)
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសាលក្រមករណីសកម្មជនអង្គការមាតាធម្មជាតិ៣នាក់ ដោយសម្រេចឲ្យជាប់ពន្ធនាគាររយៈជិត២ឆ្នាំ និងរងការពិន័យជាទឹកប្រាក់៤លានរៀល។ សង្គមស៊ីវិលជាតិ និងអន្តរជាតិចាត់ទុកថាសាលក្រមរបស់តុលាការ ជាការរំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដោយសងសឹកនឹងអង្គការមាតាធម្មជាតិ ដែលបានស្នើសុំអន្តរាគមន៍ ឲ្យបញ្ឈប់ការលុបបឹងតាមោក។


នៅថ្ងៃទី៥ឧសភានេះ តុលាការ បានប្រកាសសាលក្រមសម្រេចឲ្យ កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវស្មី ឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ហើយលោក ថុន រដ្ឋា និង លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ជាប់ពន្ធនាគារ២០ខែ។ នេះបើតាម លោក ហេង គីមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃអង្គការសមាគមបណ្តាញយុវជនកម្ពុជា (CYN) ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ។ លោក ហេង គីមហុង ដែលបានចូល​ស្ដាប់សាលក្រម បានចាត់ទុកថាចំណាត់ការនេះ ជារឿងអយុត្តិធម៌សម្រាប់សកម្មជនបរិស្ថាន និងសបញ្ជាក់ឲ្យឃើញពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជ។
 
ជុំវិញដំណើរការសំណុំរឿងនេះ សារព័ត៌មានថ្មីៗ មិនអាចសុំការពន្យល់បន្ថែម ពី លោក សំ ចំរើន មេធាវី របស់សកម្មជនបរិស្ថានខាងលើបានឡើយ ដោយសារទាក់ទងមេធាវីរូបនេះ តាមប្រព័ន្ធទូរស័ព្ទមិនបាន។ 
 
លោក ភួន ពុទ្ធារិទ្ធ ដែលត្រូវជាបងប្រុសរបស់ កញ្ញា​ ភួន កែវរស្មី ថ្លែងថា ការប្រកាសសាលក្រមនេះ គឺដូចអ្វីដែលលោកគិតរួមហើយ ពោលគឺប្អូនរបស់ខ្លួន ពិតជាមិនបានទទួលយុត្តិធម៌ឡើយ។ ជុំវិញសំណុំរឿងនេះ លោកនិងក្រុមមេធាវី គ្រោង​ប្ដឹងឧទ្ធរណ៍បន្តទៀត។ «ការយល់ឃើញរបស់ខ្ញុំ ដូចអ្វីដែលខ្ញុំរំពឹងទុកកន្លងមកអ៊ីចឹង! ខ្ញុំមិនសង្ឈឹមទេថា ប្អូនស្រីខ្ញុំ ទទួលបានយុត្តិធម៌ពីតុលាការ។ ដូចដឹងហើយថា តុលាការ បច្ចុប្បន្នអត់ឯករាជ្យ អត់យុត្តិធម៌ទេ។ បានន័យថា ការប្រកបការងាររបស់ពួកគាត់បច្ចុប្បន្ន គឺស្ថិតក្រោមអំណាចរបស់មនុស្សមួយក្រុម។ យើងនឹងប្ដឹងឧទ្ធរណ៍បន្តទៀត ដើម្បីរកយុត្តិធម៌»។ នេះបើតាមលើកឡើងរបស់លោក ពុធធារិទ្ធិ។ 
 
លោក អំ សំអាត ​នាយករង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ក៏សម្ដែងការសោកស្ដាយ និងចាត់ទុកការសម្រេចនេះ ជារឿងអយុត្តិធម៌ដែរ ហើយគឺជាសារគំរាមកំហែង ឬបំភិតបំភ័យ ដល់សកម្មជនបរិស្ថានផ្សេងទៀតផង។ លោកសង្កត់ធ្ងន់ថា តុលាការ ហាក់គ្មានភស្តុតាងច្បាស់លាស់ ក្នុងការចោទប្រកាន់ទេ។ លោកអះអាងយ៉ាងដូច្នេះថា៖ «បើយើងមើលទៅលើការជជែកដេញដោល ក្នុងសវនាការ កន្លងមក វាហាក់ដូចជា មិនមានភស្តុតាងណាមួយដែលបញ្ជាក់ថា អ្នកទាំងអស់ហ្នឹង បានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ផ្ទុយទៅវិញ វីដេអូដែលលើកមកបង្ហាញហ្នឹង។ វាជាការងារចូលរួមក្នុងកិច្ចការពារធម្មជាតិ និងបរិស្ថានទៅវិញ​»។ អ្នកឃ្លាំងមើលសិទ្ធិមនុស្សរូបនេះ បន្ថែមថា សកម្មភាពចូលរួមការពារធនធានធម្មជាតិបែបនេះ គឺគួរតែត្រូវបានលើកទឹកចិត្ត ដើម្បីឲ្យមានការចូលរួមបន្ថែម។ 
 
លោក Phil Robertson អនុប្រធានប្រចាំអាស៊ី នៃអង្គការឃ្លាំងមើលសិទ្ធិមនុស្ស(Human Rights Watch) បានចេញសេចក្ដីថ្លែងថា ការផ្ដន្ទាទោសលើសកម្មជនបរិស្ថាន នៃអង្គរការមាតាធម្មជាតិនេះ គឺជាការសងសឹក។ «សកម្មជនបរិស្ថានទាំងនេះ បានបង្ហាញភាពក្លាហាន អំពីអំពើពុករលួយ និងការរំលោភសិទ្ធិនានា ដែលជាប់ទាក់ទងនឹងសម្ព័ន្ធអាជីវកម្ម​ ដែលគំរាមកំហែងដល់ធនធានធម្មជាតិ និងជីវចម្រុះកម្ពុជា។ ការផ្តន្ទាទោសនៅថ្ងៃនេះ គឺជាផ្នែកមួយ នៃការសងសឹកបន្តរបស់រដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងអង្គការមាតាធម្មជាតិ ដែលជាបន្លារបស់មន្រី្តរដ្ឋាភិបាល ពោល គឺបំផ្លាញក្រុមនោះចោល(ក្រុមសកម្មជនបរិស្ថានរបស់មាតាធម្មជាតិ)ដោយការចោទប្រកាន់តាមការបង្កើតបទប្រព្រឹត្តក្លែងក្លាយ»។ នេះបើតាមការលើកឡើងរបស់លោក Phil Robertson ដោយបន្តស្នើទៅ ​រដ្ឋាភិបាលបរទេស, ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងម្ចាស់ជំនួយផ្សេងទៀត គួរតែទាមទារឲ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ លើការផ្ទន្ទាទោស ចំពោះសកម្មជនបរិស្ថាននេះ។ 
 
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានបង្ហាញការព្រួយបារម្ភជុំវិញ ការកាត់ទោសនេះដែរ ហើយអះអាងថា សកម្មជនទាំងនោះ បានធ្វើសកម្មភាពប្រកបដោយសន្តិវិធី។ ទន្ទឹមនឹងនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យអំពាវដោះលែងពួកគេ។ «ការ​និយាយដើម្បីការពារបរិស្ថាន​​របស់ប្រទេសកម្ពុជា ដែលរងការគំរាមកំហែង ​ដោយការកាប់ និងការធ្វើអាជីវកម្មឈើខុសច្បាប់ គឺជារឿងគួរឲ្យកោតសរសើរ។ យើងសូមអំពាវនាវ ឲ្យ​មានការដោះលែងពួកគេ ដើម្បីឲ្យគ្រប់គ្នាអាចស្តាប់ឮសាររបស់ពួកគេ ក្នុងការការពារធនធានធម្មជាតិ»។ នេះការអំពាវនាវរបស់ស្ថានទូតអាមេរិក ដែលបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៥ឧសភា ឆ្នាំ២០២១។ ក្រៅពីនេះ នៅមានអង្គការជាតិ និងអន្តជាតិផ្សេងទៀតដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) និងលោកស្រី Mary Lawlor អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីអ្នកការពារសិទ្ធិមនុស្ស ក៏បង្ហាញក្ដីកង្វល់ពីការផ្តន្ទាទោសនេះដែរ។ 
 
សូមជម្រាបថា សកម្មជនបរិស្ថានទាំងបីខាងលើ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ឃាត់ខ្លួនកាល ពី៨ខែមុន ពោលគឺ ថ្ងៃទី៣កញ្ញា ឆ្នាំ២០២០។ ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធ នឹងយុទ្ធនាការគ្រោងធ្វើដំណើរពីវត្តភ្នំ ទៅកាន់ផ្ទះសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំអន្តរគមន៍ បញ្ឈប់ការលុបបឹងតាមោក៕ 
 

Tag:
 សកម្មជនបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com