អន្តរជាតិ
ចិន ផ្អាកយន្តការកិច្ចសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្រ្តជាមួយអូស្ត្រាលី
06, May 2021 , 8:29 pm        
រូបភាព
ចិន នៅថ្ងៃទី៦ ខែឧសភា ប្រកាសផ្អាករាល់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចទាំងអស់ជាមួយអូស្ត្រាលី ដោយលើកហេតុផលថា អូស្ត្រាលីបង្កការរាំងស្ទះដល់ការផ្លាស់ប្ដូរទំនាក់ទំនងទ្វេភាគី។ ប៉ុន្តែការសម្រេចចិត្តនេះ អាចជាការឆ្លើយតបនឹងទីក្រុងកង់បេរ៉ាដែលលុបចោល និងសើរើកិច្ចព្រមព្រៀងរវាងប៉េកាំង និងរដ្ឋរបស់អូស្ត្រាលី។ វាក៏ជាសញ្ញាបង្ហាញពីការធ្លាក់ចុះទំនាក់ទំនងទ្វេភាគីដែលកំពុងតែល្អក់កករផងនោះ។
 
ទំនងក្ដៅចិត្តនឹងសកម្មភាពថ្មីៗនេះរបស់អូស្ត្រាលី ចិនសម្រេចព្យួរដោយគ្មានកំណត់កិច្ចសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្រ្តទ្វេភាគី។ កិច្ចសន្ទនានេះ ជាយន្តការមួយដែលអនុញ្ញាតឱ្យភាគីទាំងពីរផ្លាស់ប្ដូរយោបល់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ 
 
«ថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីខ្លះ អនុវត្តវិធានការជាច្រើនដែលធ្វើឱ្យអាក់ខានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរជាធម្មតារវាងចិន និងអូស្ត្រាលីដោយផ្អែកតាមគំនិតសង្រ្គាមត្រជាក់ និងការរើសអើង។» គណៈកម្មការជាតិដើម្បីកំណែទម្រង់ និងការអភិវឌ្ឍរបស់ចិនបញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន។ គណៈកម្មការនេះមិនបញ្ជាក់ឱ្យច្បាស់ពីសកម្មភាពរបស់ទីក្រុងកង់បេរ៉ាដែលនាំឱ្យទំនាក់ទំនងមានបញ្ហាឡើយ។
 
កិច្ចប្រជុំចុងក្រោយរបស់កិច្ចសន្ទនានេះ ធ្វើឡើងនៅទីក្រុងប៉េកាំងក្នុងឆ្នាំ២០១៧ ។ 
 
ចាប់ពីឆ្នាំ២០១៨ មក ទំនាក់ទំនងចិន និងអូស្ត្រាលីក៏ប្រែទៅជាយ៉ាប់យ៉ឺនបន្តិចម្ដងៗ។ ការទាមទាររបស់អូស្ត្រាលីលើការស៊ើបអង្កេតប្រភពជំងឺកូវីដ-១៩ បានរុញទម្លាក់ទំនាក់ទំនងចុះកាន់តែជ្រៅ។ ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលី ក៏លុបចោលកិច្ចព្រមព្រៀងពីររវាងទីក្រុងប៉េកាំង និងរដ្ឋ Victoria ក្រោមគំនិតផ្ដួចផ្ដើមខ្សែវាត់ និងផ្លូវ ហើយចាប់ផ្ដើមសើរើកិច្ចព្រមព្រៀងជួលកំពង់ផែនៅ Darwin ទៀតផង។
 
លើសពីនោះ អូស្ត្រាលី ក៏ចូលជាមួយអាមេរិកក្នុងការរិះគន់ចិនលើសំណុំរឿងសិទ្ធិមនុស្សនៅស៊ីនជាំង បញ្ហាហុងកុង កោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។ ចិនក៏ប្រើធម៌ក្ដៅដាក់អូស្ត្រាលីវិញ ជាមួយនឹងដំឡើងពន្ធ ឬផ្អាកនាំចូលផលិតផលជាច្រើនមុខ។ ចិន ជាទីផ្សារដ៏ធំរបស់អូស្ត្រាលី៕
 
 
 
 
 

Tag:
 ចិន
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com