ជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺ ផ្អាកផ្សារកញ្ច្រែងមាត់ស្ទឹងព្រែកត្នោត បណ្ដោះអាសន្ន
06, May 2021 , 11:29 pm        
រូបភាព
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
ដោយ:
រដ្ឋបាលខេត្តកំពង់ស្ពឺ ផ្អាកផ្សារកញ្ច្រែងមាត់ស្ទឹងព្រែកត្នោត ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នេះបើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។
 
បើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ គោលបំណងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមានតូបលក់ បន្លែ ត្រីសាច់ គ្រឿងឧបភោគ បរិភោគ នៅទីតាំងផ្សារខាងលើ ត្រូវទៅលក់បណ្ដោះអាសន្ននៅផ្សារសុវត្ថិភាព ឈួន គឹមសាន ដែលមានទីតាំងនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 
 
ក្រៅពីផ្អាកបណ្ដោះអាសន្នផ្សារកញ្ច្រែងមាត់ស្ទឹង រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានផ្អាកបណ្ដោះអាសន្ននូវទីតាំងចំនួន៣ ផ្សេងទៀត ដូចជាបន្ទប់ពិគ្រោះនិងព្យាបាលជំងឺទូទៅ អែម ចិត្តសិលា និងហាងកាហ្វេ ផល មុំ ស្ថិតនៅផ្សារក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
 
ចំណែកហាងបាយ ពេជ្រ ស្រីលាភ ស្ថិតនៅភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏បានផ្អាកដែរ។ 
 
គិតមកដល់ពេលនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៧៦២១ករណី។ អ្នកជាសះស្បើយសរុប ៦៨៤៣នាក់។ ខណៈអ្នកស្លាប់កើនដល់ ១១៤នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com