COVID-19
ជាតិ
ខេត្តសៀមរាបបន្តរកឃើញករណីថ្មីចំនួន២ទៀត ជាពលរដ្ឋវិលមកពីខេត្តព្រះសីហនុ
07, May 2021 , 8:23 am        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ នាយប់ថ្ងៃទី៦ ខែឧសភា រដ្ឋបាលខេត្តសៀមរាបបានប្រកាសពីការបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដថ្មីចំនួន២ទៀត ដែលពួកគេសុទ្ធសឹងពីពលរដ្ឋដែលទើបវិលត្រឡប់ពីធ្វើការនៅខេត្តព្រះសីហនុ។
 
យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយយប់ថ្ងៃទី៦ ខែឧសភា បុគ្គលិកវិជ្ជមានទាំង២ខាងលើ រួមមាន ទី១ ឈ្មោះ ថោង សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិកសិកម្ម សង្កាត់ស្រង៉ៃ ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តព្រះសីហនុ ត្រូវជាឪពុករបស់ សុជាតិ សុជាតា អាយុ២ឆ្នាំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ និងទី២  ឈ្មោះ នឿន ម៉ាប់ ភេទស្រី អាយុ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក បានធ្វើដំណើរមកពីខេត្តព្រះសីហនុជាមួយស្វាមី ត្រូវជាម្ដាយរបស់ ជាន រដ្ឋា អាយុ១១ខែ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
  
ករណីនេះ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តបានយកសំណាក និងណែនាំឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ អំឡុងពេលដែលពួកគេមកដល់ខេត្តសៀមរាប។
  
សូមរំលឹកថា គិតត្រឹមថ្ងៃទី៦ ខែឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
 
  
 

© រក្សាសិទ្ធិដោយ thmeythmey.com