COVID-19
ជាតិ
សេដ្ឋកិច្ច
ត្រី៥ពាន់តោនរបស់ក្រុមអ្នកចិញ្ចឹមត្រីកម្ពុជា លក់មិនចេញ ខណៈការនាំចូលនៅតែមាន
08, May 2021 , 7:59 am        
រូបភាព
ដោយ:
សមាគមវារីវប្បករកម្ពុជា កាន់តែព្រួយបារម្ភពីវិស័យវារីវប្បកម្មកម្ពុជា ដោយសារទីផ្សារត្រីក្នុងស្រុកបច្ចុប្បន្នមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ វិបត្តិកូវីដ-១៩ និងការបិទខ្ទប់ការធ្វើដំណើរ បានធ្វើឲ្យទីផ្សារត្រីមានកម្រិតព្រោះលំហូរនៃការនាំចូលត្រីពីខាងក្រៅនៅបន្ត។ ស្ថាប័នពាក់ព័ន្ធ មិនទាន់មានដំណោះស្រាយនៅឡើយសម្រាប់កសិករ។
 
ក្នុងខែមេសាកន្លងមកសមាជិកវារីវប្បករកម្ពុជា បានចាប់ត្រីលក់ពីស្រះបានមួយចំនួន។ សមាគមវារីវប្បករបានបញ្ជាក់ថា នេះជាចំនួនតិចតួចប៉ុណ្ណោះ ខណៈបច្ចុប្បន្នសមាគមវារីវប្បករមានត្រីជាង ៥ពាន់តោន សល់ក្នុងស្រះនៅឡើយ។
 
លោក លក លឿន អ្នកចិញ្ចឹមត្រីប្រា ត្រីពោ និងត្រីឆ្ដោ ក្នុងខេត្តកំពង់ចាម  ជួបផលលំបាកខ្លាំង ព្រោះមិនសូវមានឈ្មួញចុះទិញត្រីដូចមុន។ លោក លឿន បានបញ្ជាក់ThmeyThmey25 ដូច្នេះ៖«ទីផ្សារត្រីសព្វថ្ងៃចង្អៀតណាស់។ ឈ្មួញពាក់កណ្ដាល ផ្អាកទិញក្នុងស្រុក ងាកទៅទិញត្រីនាំចូលខុសច្បាប់ពីវៀតណាម ព្រោះមានតម្លៃថោក»។
 
ការនាំចូលត្រីពីខាងក្រៅដោយខុសច្បាប់ មានតម្លៃទាបជាងត្រីក្នុងស្រុក ទើបឈ្មួញធ្លាប់ទិញត្រីពីកសិករក្នុងស្រុក បង្វែរទៅទិញត្រីនាំចូលវិញ។ មិនសូវមានឈ្មួញចុះទិញដូចមុន ធ្វើឲ្យត្រីអ្នកស្រុកព្រៃឈ រូបនេះសល់ក្នុងស្រះប្រមាណ ៥០០តោន ខណៈតម្លៃត្រីប្រា អាចលក់បាន ៤ ០០០រៀល ក្នុងមួយគីឡូក្រាម ត្រីពោ តម្លៃ ៦ ០០០រៀល ក្នុងមួយគីឡូក្រាម និងត្រីឆ្ដោ តម្លៃ ៩ ០០០រៀល ក្នុងមួយគីឡូក្រាម។
 
ដ្បិតបច្ចុប្បន្នទីផ្សារត្រីនៅជួបបញ្ហាក្ដី តែកសិករមានពិសោធន៍ ក្នុងការចិញ្ចឹមត្រីជិត ១០ឆ្នាំរូបនេះ មិនគិតបោះបង់នោះឡើយ។ លោកបន្តថាមិនបោះបង់ការចិញ្ចឹម តែអាចកាត់បន្ថយ។ យ៉ាងណាកសិកររូបនេះក៏ស្នើឲ្យក្រសួងពាក់ព័ន្ធ ជួយពង្រឹងទីផ្សារត្រីក្នុងស្រុក និងរឹតបន្តឹងការនាំចូលត្រីពីខាងក្រៅ។
 
ជុំវិញបញ្ហានេះ លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករ បានលើកឡើងថា អ្នកចិញ្ចឹមត្រីកំពុងរារែកចិត្ត ក្នុងការដាក់កូនត្រីចិញ្ចឹមបន្ត ព្រោះតម្លៃត្រីដែលទទួលបានទាបជាថ្លៃដើមផលិត។ លោក សុខ រ៉ាដែន បានរៀបរាប់ដូច្នេះ៖«ទីផ្សារវារីវប្បកកម្មកម្ពុជា មិនមានភាពច្បាស់លាស់។ កសិករចិញ្ចឹមបានហើយ លក់មិនចេញ។ ត្រី លក់ចេញហើយ បែរជាមិនចំណេញ។ ការគ្រប់គ្រងការនាំចូលមិនបានល្អ នាំចូលសេរី បំផ្លាញទីផ្សារខ្មែរ»។
 
សមាជិវារីវប្បករកម្ពុជា កំពុងម្នេញពីទីផ្សារវារីវប្បកម្មនៅកម្ពុជា ដែលភាពមិនច្បាស់លាស់។ ក្នុងនាមជាប្រធានសមាគមវារីវប្បករកម្ពុជា លោក សុខរ៉ាដែន មិនអាចធ្វើបានក្រៅពីអំពាវនាវបន្ថែមដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជួយពង្រឹងការអនុវត្តច្បាប់ ក្នុងការនាំចូលត្រីពីខាងក្រៅ។
 
ឆ្លើយតបបញ្ហានេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងលោក ពុំ ស៊ីថា ប្រធានរដ្ឋបាលជលផល បានលើកឡើងស្រដៀងគ្នាថា តម្លៃត្រីក្នុងស្រុកហាក់ខ្ពស់ជាងត្រីនាំចូលពិតមែន។ ជាហេតុធ្វើឲ្យឈ្មួញកាត់បន្ថយទិញត្រីក្នុងស្រុក ហើយធ្វើឲ្យត្រីក្នុងស្រុកខ្វះទីផ្សារ។ 
 
ជាក់ស្ដែងប្រភេទត្រីដែលក្រុមវារីវប្បករសល់ច្រើន មានប្រភេទត្រីប្រា ត្រីពោ និងត្រីឆ្ដោ។ បើតាមលោក ពុំ ស៊ីថា កសិករគួរចិញ្ចឹមត្រីណាដែលទីផ្សារមានតម្រូវការខ្ពស់ និងកាត់បន្ថយប្រភេទត្រីដែលមិនសូវមានតម្រូវការទីផ្សារ ទើបធ្វើឲ្យផលត្រីមិនចាល់។
 
លោកបានបន្ថែមដូច្នេះ៖«យើងមិនអាចបិទទាំងស្រុងនោះទេ តែយើងអាចរឹតបន្តឹងការនាំចូល។ កម្ពុជាជាសមាជិកអាស៊ាន ហើយក៏ស្ថិតក្នុងទីផ្សារសេរី។ កន្លងមកស្ថាប័នពាក់ព័ន្ធ ក៏បានជួយសម្របសម្រួល ដើម្បីឲ្យកសិករអាចលក់ត្រីបានខ្លះដែរ»៕

Tag:
 ទីផ្សារត្រី
© រក្សាសិទ្ធិដោយ thmeythmey.com