COVID-19
អន្តរជាតិ
អង្គការសុខភាពពិភពលោកទទួលស្គាល់ប្រសិទ្ធភាពវ៉ាក់សាំង Sinopharm Beijing ផ្លូវការហើយ
07, May 2021 , 10:51 pm        
រូបភាព
ដោយ: ថ្មីៗ
ទីបំផុតទៅអង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់វ៉ាក់សាំងចិន Sinopharm Beijing (BBIBP) ក្នុង​បញ្ជីប្រើប្រាស់បន្ទាន់លើការបង្ការជំងឺកូវីដ-១៩។ យោងតាម Twitter របស់ WHO វ៉ាក់សាំងចិននេះ ក្លាយជាវ៉ាក់សាំងទី៦ ដែល WHO ទទួលស្គាល់នូវសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាព។

ក្លាយជាវ៉ាក់សាំងដំបូងគេរបស់ចិនដែលបានការទទួលស្គាល់ពី​ WHO វ៉ាក់សាំង Sinopharm របស់វិទ្យាស្ថានប៉េកាំង​ នឹងស្ថិតក្នុងចំណោមវ៉ាក់សាំងដទៃទៀតដែលគេអាចបញ្ជាទិញបានតាមរយៈយន្តការ​ COVAX​។ នេះបើតាមការ​លើកឡើង​របស់អគ្គនាយក WHO​ លោក Tedros Adhanom Ghebreyesus។

«ការអនុញ្ញាតនេះពង្រីកបញ្ជីនៃចំនួនវ៉ាក់សាំងកូវីដ-១៩ ដែលយន្តការ COVAX ​អាចទិញ​និង​ផ្តល់ទំនុកចិត្តដល់ប្រទេសនានាក្នុងការពន្លឿនការអនុញ្ញាតឲ្យប្រើប្រាស់ ការនាំចូល និងគ្រប់គ្រងវ៉ាក់សាំងនេះផង»។​លោកបានថ្លែងដូច្នេះ។

ទោះជាទើបបានការទទួលស្គាល់ប្រសិទ្ធភាព និងសុវត្ថិភាពជាផ្លូវការពី WHO ក្តី​​ វ៉ាក់សាំងរបស់ចិនខាងលើនេះត្រូវបាន​ប្រើប្រាស់រួចទៅហើយនៅប្រទេសជាង ៤០ លើពិភពលោក ក្នុងចំណោមនេះមានកម្ពុជាផងដែរ។ កម្ពុជា​ទទួលបានជំនួយវ៉ាក់សាំង​ Sinopharm ពីរដ្ឋាភិបាលចិន​ក្នុងទំហំ​ ​១,៧ ​លានដូសរួចទៅហើយរាប់ចាប់ពីខែកុម្ភៈមក។ 
 
សូមបញ្ជាក់ថា បន្ថែមពីលើវ៉ាក់សាំង Sinopharm វ៉ាក់សាំង​ចំនួនប្រាំដែល WHO​ បានសម្រេចអនុញ្ញាតប្រើប្រាស់បន្ទាន់នោះមានដូចជា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna,  វ៉ាក់សាំងក្រុមហ៊ុន Pfizer, វ៉ាក់សាំង AstraZeneca ផលិតនៅកូរ៉េខាងត្បូង និងផលិតដោយវិទ្យាស្ថានSerum របស់ឥណ្ឌា និង និងវ៉ាក់សាំង​ក្រុមហ៊ុន Janssen៕

"This afternoon, WHO gave Emergency Use Listing to Sinopharm Beijing’s #COVID19 vaccine, making it the sixth vaccine to receive WHO validation for safety, efficacy and quality."-@DrTedros   

© រក្សាសិទ្ធិដោយ thmeythmey.com