COVID-19
ជាតិ
ព្រះសីហនុ មានអ្នកកូវីដ-១៩ថ្មី១៥នាក់, កំពង់ចាម៤នាក់ ឯសៀមរាប ត្បូងឃ្មុំ ព្រៃវែងមាន១នាក់រៀងខ្លួន
08, May 2021 , 8:59 pm        
រូបភាព
រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី
រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី
ដោយ:
ខេត្តព្រះសីហនុ មានករណីវិជ្ជមានកូវីដ-១៩ចំនួន ១៥នាក់ ខណៈខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់បន្ថែមដែរ។ ដោយឡែកខេត្ត សៀមរាប ត្បូងឃ្មុំ និងខេត្តព្រៃវែង មានអ្នកឆ្លងថ្មី ១ករណី រៀងខ្លួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តទាំងនេះ។
 
រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា បានរកឃើញមនុស្ស១៥នាក់បន្ថែមទៀត មានវិជ្ជមានកូវីដ-១៩  ក្នុងនោះមាន៤នាក់ជាកុមារ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តអ្នកវិជ្ជមានទាំង១៥នាក់ ភាគច្រើនជារស់នៅសង្កាត់លេខ៤ ដែលអាជ្ញាធរដាក់ជាតំបន់ក្រហម ខណៈ២ករណីទៀត ជាពលរដ្ឋរស់នៅភូមិ ១ និងភូមិ៣ ក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ។
 
នៅឯខេត្តកំពង់ចាមវិញ អាជ្ញាធរក៏បានរកឃើញមនុស្ស ៤នាក់បន្ថែមដែរ ដែលមានវិជ្ជមានកូវីដ-១៩ ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម អ្នកវិជ្ជមានកូវីដ-១៩ ទាំង៤នាក់សុទ្ធតែជាបុរស ដែលមានអាយុ៣៨ឆ្នាំ , អាយុ៣៩ឆ្នាំ , អាយុ៦១ឆ្នាំ និងម្នាក់ទៀតក្មេងជាងគេ គឺអាយុ ២១ឆ្នាំ។
 
ដោយឡែក ខេត្តត្បូងឃ្មុំ ព្រៃវែង និងសៀមរាប ក៏បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១ករណីបន្ថែមរៀងខ្លួនដែរ ដោយអ្នកវិជ្ជមានកូវីដ-១៩ ជាបុរសអាយុ៤២ឆ្នាំ រស់នៅក្នុងឃុំប៉ើស២ ស្រុកក្រូចឆ្មារ ។


 រូបភាព៖ រដ្ឋបាលខេត្តព្រៃវែង
 
ចំណែកអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ដែលត្រូវបានអាជ្ញាធរខេត្តព្រៃវែងរកឃើញកាលពីថ្ងៃទី៧ ឧសភាពគឺជាស្ត្រី វ័យ៣៨ឆ្នាំ រស់នៅក្នុងភូមិជីផុច ឃុំជីផុច ស្រុកមេសាង ដែលស្ត្រីរូបនេះ បានធ្វើដំណើរទៅកាន់ខេត្តព្រៃវែង ពីរាជធានីភ្នំពេញ តាមរថយន្តឈ្នួល។  នេះបើតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រៃវែង។ ខេត្តព្រៃវែង ក៏បានបង្ហាញអត្តសញ្ញាណមនុស្ស២នាក់បន្ថែមទៀតដែរ ដែលបានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៨ ឧសភានេះ។
 
រីឯខេត្តសៀមរាបឯណោះវិញ ក៏បានរកឃើញមនុស្សម្នាក់ទៀត មានតេស្តវិជ្ជមានកូវីឌ-១៩ ដែរ ដែលជាបុរស អាយុ៣៨ឆ្នាំ រស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ អ្នកជំងឺរូបនេះ បានធ្វើដំណើពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប។
 
គួរកត់សម្គាល់ថា ក្រៅពីបង្ហាញអត្តសញ្ញាណពលរដ្ឋមានវិជ្ជមានកូវីដ-១៩ ដែលត្រូវបានរកឃើញនៅក្នុងភូមិសាស្ត្រខេត្តខ្លួនហើយ រដ្ឋបាលខេត្តទាំង៥ មានខេត្តព្រះសីហនុ ,កំពង់ចាម ,សៀមរាប,ត្បូងឃ្មុំ និងព្រៃវែង ក៏បានអំពាវនាវ ដល់អ្នកធ្លាប់ពាក់ព័ន្ធជាមួយអ្នកកើតកូវីដ-១៩ ខាងលើ ត្រូវធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។ ក្នុងករណីសង្ស័យ អាជ្ញាធរខេត្ត ប្រាប់ឱពលរដ្ឋទៅធ្វើតេសត្តរកជំងឺកូវីដ-១០។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៨៧១៧។ អ្នកជាសះស្បើយចំនួន ៧៤៣០ និងអ្នកស្លាប់ចំនួន ១១៤នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com