ជាតិ
ដើមពោធិលោកតាក្រហមក ដែលរលំដោយសារខ្យល់កន្រ្តាក់ ងើបឈរវិញហើយ
08, May 2021 , 5:59 pm        
រូបភាព
ដោយ:
ដើមពោធិលោកតាក្រហមក ឈរវិញហើយ ក្រោយដួលរលំ ដោយសារខ្យល់កន្រ្តាក់។ លោក ម៉ៅ ឌុន នាយករដ្ឋបាលខេត្តត្បូងឃ្មុំ ថា អាជ្ញាធរបានចំណាយពេលមួយព្រឹកថ្ងៃទី ៨ ឧសភានេះពេញ ដើម្បីលើកដើមពោធិដែលមានអាយុកាលយូរឆ្នាំនេះ ឲ្យឈរឡើងវីញ។
 
ដើមពោធិលោកតាក្រហមក ស្ថិតនៅភូមិពោធិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិប្រវត្តិសាស្រ្តទុំទាវ។ បន្ទាប់ពីដួលរលំដោយសារខ្យល់កន្រ្តាក់កាលពីថ្ងៃទី៦ ខែឧសភា រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់ចែងលើកដាំដើមពោធិនេះ ឡើងវិញ។
 
បើតាមលោក ម៉ៅ ឌុន បានប្រាបសារព័ត៌មានថ្មីដូច្នេះ៖«យើងត្រូវចំណាយពេលតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ដើម្បីលើកដើមពោធិនេះដាំឡើងវិញ។ រួមមានទាំងការកាប់ដី កាប់មែក លាបថ្នាំ និងលើកដាំដោយអេស្កាវ៉ាទ័រ»។
 
ប្រធានរដ្ឋបាលខេត្តត្បូងឃ្មុំរូបនេះបានបញ្ជាក់ទៀតថា ដើមពោធិ៍នេះមានអាយុកាលច្រើនឆ្នាំមកហើយ ត្រូវដាំឡើងវិញដោយអ្នកជំនាញកសិកម្ម ដូច្នេះមិនអាចងាប់បានទេ។ លោកបន្ថែមថា រដ្ឋបាលខេត្តយកចិត្តទុកដាក់ ដាំឡើងវិញ ព្រោះដើមពោធិនេះមានតម្លៃសម្រាប់សាសនា វប្បធម៌ និងពលរដ្ឋក្នុងតំបន់នោះ ដែលតែងគោរពបូជាផង៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com