COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាណាព្យាបាលសិស្សនៅជនបទ ម្នេញពីការសិក្សារបស់កូន
10, May 2021 , 7:59 am        
រូបភាព
ត្រាំខ្នារ, តាកែវ៖ កូវីដ-១៩ ធ្វើឲ្យការសិក្សារបស់សិស្ស និស្សិត ត្រូវបានផ្អាកបណ្ដោះអាសន្នទូទាំងប្រទេសជាលើកទី៣។ ការផ្អាកនេះ ក្រសួងអប់រំតម្រូវឲ្យគ្រឹះស្ថានរដ្ឋ និងឯកជនរៀបចំការសិក្សារតាមប្រព័ន្ធអនឡាញ។ មធ្យោបាយរៀនរបៀបថ្មីនេះ បណ្ដាលឲ្យសិស្សនៅជនបទ មិនអាចសិក្សាបាន ដោយសារកត្តាខ្វះចំណេះដឹងបច្ចេកវិទ្យា និងប្រព័ន្ធអ៊ីនធឺណែត។ នៅផ្សារត្រាំខ្នារនេះវិញ អាជ្ញាធរ បានបិទខ្ទប់ផ្សាររយៈពេល១៤ថ្ងៃនៅថ្ងៃទី៣០ ខែមេសា ដោយសារមានករណីវិជ្ជមានកូវីដ-១៩ ឆ្លងក្នុងតំបន់ផ្សារនេះ។

 
ទិដ្ឋភាពកុមារ កុមារី និងសិស្សានុសិស្សថ្នាក់វិទ្យាល័យ ដែលខ្លះដើរ ខ្លះជិះកង់ និងខ្លះជិះម៉ូតូ លែងមានទៀតហើយនៅតាមផ្លូវតម្រង់ទៅសាលារៀន។ សំឡេងជួងម៉ឹងៗ នៅរៀងរាល់ម៉ោង៦៖៥០នាទីព្រឹក ឮលាន់កងរំពងពេញផ្ទៃសាលា ដែលជាសូរសព្ទសម្រាប់ប្រាប់សិស្សថា ដល់ម៉ោងចូលរៀននោះ ប្រែទៅជាស្ងាត់បាត់សូន្យឈឹង។ សាលារៀនដែលធ្លាប់តែអ៊ូអរ ក្លាយជាត្រមោចម្នាក់ឯង។ ការណ៍នេះ បណ្ដាលមកពីសាលារៀនទាំងអស់ទូទាំងប្រទេស ត្រូវបានផ្អាកបណ្ដោះអាសន្ន ដោយសារកូវីដ-១៩ និងត្រូវរៀនតាមអនឡាញ។
 
ពាក្យថា «អនឡាញ» នេះ មិនមែនជាពាក្យថ្មីទេសម្រាប់អ្នកនៅភ្នំពេញ។ តែនៅជនបទ គឺផ្ទុយពីភ្នំពេញ។ ឪពុកម្ដាយសិស្ស នៅជនបទ ភាគច្រើនមិនស្គាល់អ្វីជាអនឡាញនោះឡើយ។ ពួកគាត់ ខ្វះចំណេះដឹងផ្នែកបច្ចេកវិទ្យា និងមិនមានទូរសព្ទទំនើបសម្រាប់រៀនថែមទៀត។ លើសពីនេះ គ្រូបង្រៀនភាគច្រើនមានវ័យចំណាស់ និងមិនសូវចេះប្រើកម្មវិធីបង្រៀនអនឡាញ។ ការណ៍នេះ បណ្ដាលឲ្យការសិក្សារ តាមអនឡាញនៅតាមបណ្ដាខេត្ត មិនដំណើរការដូចនៅរាជធានីភ្នំពេញឡើយ។  

 
ដោយសារសាលារៀនផ្អាកបណ្ដោះអាសន្ន អ្នកស្រី ហុង ស្រីនាង ត្រូវមើលថែទាំកូនផង និងលក់កាហ្វេផង។ ស្រ្តីរូបនេះ ខ្នះខ្នែងលក់កាហ្វេ ដែលជារបរប្រចាំថ្ងៃ និងបង្រៀនកូនៗ នាពេលទំនេរ តែថា អ្នកស្រីមិនសូវបានបង្រៀនដិតដល់ច្រើននោះទេ ដោយសារចំណេះដឹងខ្លួននៅមានកម្រិត។ ទោះរវល់នឹងការងារប៉ុណ្ណា ក៏អ្នកស្រី ស្រវាស្រទេញបង្រៀនកូនៗ ដែលមិនអាចរៀនអនឡាញបាន។ 
 
មាតាវ័យ២៩ឆ្នាំរូបនេះ ពន្យល់ពីការបង្រៀនកូននៅផ្ទះដូច្នេះ៖ «យប់ឡើងទំនេរ ខ្ញុំបង្រៀនកូនពៅខ្លះៗ។ វារៀនថ្នាក់ទី២។ ខ្ញុំបង្រៀនបានតែ ក ខ ហ្នឹងទេ។ តែខ្ញុំបង្រៀនមិនដូចគ្រូនៅសាលាទេ។ ខ្ញុំរៀនបានតិចដែរ។ ពេលថ្ងៃ ខ្ញុំរវល់លក់កាហ្វេ ហើយប្ដីរវល់ធ្វើម៉ូតូឲ្យគេ ដូច្នេះយើងបានឆ្លៀតបង្រៀនតែយប់ៗទេ»។ 
 
អ្នកម្ដាយវ័យក្មេងរូបនេះ មិនខុសពីឪពុកម្ដាយភាគច្រើន ដែលដើរតួនាទីជាគ្រូបង្រៀន និងអប់រំកូនៗរបស់ខ្លួនឲ្យសម្ភីរៀនសូត្រ ដ្បិតតែ ពួកគេមិនអាចរៀនអនឡាញបានក្នុងបរិបទកូវីដ-១៩នេះ។ ថ្វីបើអ្នកស្រីឆ្លៀតយ៉ាងណាក៏ដោយ អ្នកស្រីយល់ថាកូនៗរបស់ខ្លួនអាចមិនសូវឈ្លាសវៃដូចមុនឡើយ។ ការណ៍ មិនអាចរៀនជាមួយគ្រូតាមអនឡាញនេះ ធ្វើឲ្យអ្នកស្រី ព្រួយចំបែងចិត្តពីចំណេះដឹងកូនៗ។  
 
មិនខុសពីអ្នកស្រី ហុង ស្រីនាង អ្នកលក់ឪឡឹកនៅភូមិក្រាំងស្បូវ ក្បែផ្សារត្រាំខ្នារ លោក យង់ សិត  មានកូនស្រីរៀននៅនៅវិទ្យាល័យសុខអានត្រាំខ្នារម្នាក់ និងកូនប្រុសម្នាក់កំពុងសិក្សាសាកលវិទ្យាល័យ។ កូនស្រីរបស់លោកដែលកំពុងរៀនថ្នាក់ទី៨  មិនអាចរៀនអនឡាញបាននោះទេ ដោយសារសាលារដ្ឋមិនមានកម្មវិធីបង្រៀនអនឡាញ។ មូលហេតុនេះ នាំឲ្យកូនស្រីរបស់លោកទំនេរនៅផ្ទះ និងលេងទូរសព្ទច្រើន។ 



ចំពោះ កូនបងវិញ ដែលជានិស្សិតឆ្នាំទី១ កំពុងរៀនតាមអនឡាញ។ និស្សិតរូបនេះ តែងតែរអ៊ូប្រាប់លោកថា ខ្លួនមិនសូវយល់មេរៀនឡើយ។ ការសិក្សាតាមអនឡាញនេះ ជារបៀបរៀនថ្មីសន្លាងសម្រាប់កូនរបស់លោក ដែលទើបបញ្ចប់ថ្នាក់ទុតិយភូមិនៅឆ្នាំ២០២០នេះ។ 
 
«កូនបងរបស់ខ្ញុំ កំពុងរៀនតាមអនឡាញហ្នឹងរាល់ថ្ងៃ។ គេថា រៀនតាមអនឡាញ ដូចអង្គុយមើលទូរទស្សន៍ដែរ។ ខ្ញុំ ពិបាកចិត្តរាល់ថ្ងៃពីការសិក្សារបស់កូន»។ នេះជាការពោលរបស់លោក ដោយបារម្ភរថា កូនរបស់លោក ហាក់មិនសូវចង់រៀនតាមអនឡាញនេះទេ។ 
 
កសិករឱហាតធ្វើការ មិនខ្លាចហត់នឿយរូបនេះ នឹកបារម្ភពីចំណេះដឹងកូន ដោយសារលោកមិនអាចបង្រៀនកូនៗបន្ថែមនៅផ្ទះបាន។ ពីមុន កូនៗនៅថ្នាក់ទាប លោកមានចំណេះដឹងបង្រៀនកូនបាន។ បុរសសម្បុរស្រអែម សក់រួញអង្គាដីរូបនេះ តែងតែខ្មីឃ្មាតគ្រប់យ៉ាងដើម្បីកូនរបស់លោកបានរៀន ទោះលោកមិនអាចចេញទៅរកស៊ីដូចមុន និងមិនមានចំណូលអំឡុងបរិបទកូវីដ-១៩នេះ។ លោកនៅតែបង់ថ្លៃសិក្សាថ្នាក់សាកលវិទ្យាល័យរបស់កូនប្រុស ដើម្បីអាចរៀនបានធម្មតា។ លោកយល់ថា ការរៀនអនឡាញ ប្រសើរជាងនៅផ្ទះទំនេរ ដែលអាចភ្លេចមេរៀន និងលេងតែទូរសព្ទ។ 
 
ការខកខាន មិនបានរៀននេះ មិនមែនមានកង្វល់តែឪពុកម្ដាយបង្កើតនោះទេ។ គ្រូបង្រៀន ដែលគេតែងតែហៅថា ឪពុកម្ដាយទីពីរនោះ ក៏ព្រួយចិត្តរឿងកូនសិស្សខ្លួនមិនបានរៀននោះដែរ។ នៅក្នុងថ្នាក់រៀននីមួយៗ តែងតែមានសិស្សពូកែ មធ្យម និងខ្សោយ។ 
 
អ្នកគ្រូ អ៊ុត ណៃអ៊ីន យល់ថា នៅជនបទ គេមិនអាចរៀនតាមអនឡាញបាននោះទេ ដោយសារឪពុកម្ដាយ ខ្វះចំណេះដឹងពីបច្ចេកវិទ្យា និងខ្វះឧបករណ៍សម្រាប់រៀនតាមអនឡាញ។ អ្នកគ្រូបង្រៀននៅវិទ្យាល័យអង្គតាភោគ ក្នុងស្រុកបាទី រម្លឹកថា នៅក្នុងថា្នក់របស់ខ្លួន មានសិស្សតិចណាស់ ដែលមានទូរសព្ទប្រើប្រាស់ សម្រាប់សិក្សាតាមអនឡាញ។ 



អ្នកគ្រូបង្រៀនមុខវិជ្ជាភាសាបរទេស រូបនេះ រម្លឹកថា កាលពីសាលារៀនទាំងអស់ត្រូវបានផ្អាកទូទាំងប្រទេសលើកទី១ សិស្សរបស់ខ្លួនបានបោះបង់ការសិក្សាអស់ជិត១០នាក់។ អ្នកគ្រូ ណៃអ៊ីន បានបញ្ចុះបញ្ចូលកូនសិស្សរបស់ខ្លួនឲ្យចូលរៀនវិញ តែថា ពួកគេបានសម្រេចចិត្តរកការងារធ្វើ ដើម្បីជួយសម្រួលជីវភាពគ្រួសារលំបាក។ 
 
មានមាឌល្អិត សម្បុរស សម្ដីច្បាស់ៗ គ្រូបង្រៀន ដែលធ្លាប់ជាសិស្សពូកែភាសាខ្មែរទូទាំងខេត្ត ប្រាប់សារព័ត៌ថ្មីៗទាំងទឹកមុខស្ងួតថា៖ «ផ្អាកសាលាលើកមុន សិស្សរបស់ខ្ញុំមួយចំនួន បានបោះបង់ការសិក្សា។ យើងមិនអាចរៀនអនឡាញ។ ពួកគាត់ ទំនេរនៅផ្ទះ មិនមានការងារអ្វីធ្វើ។ អាណាព្យាបាលគាត់ ឲ្យគាត់ទៅធ្វើការសិន ហើយមិនបានចូលរៀនវិញឡើយ»។ 
 
ចំពោះសិស្ស ដែលបានមកចូលរៀនវិញ ក៏បានភ្លេចមេរៀនខ្លះនោះដែរ។ សិស្សានុសិស្សនៅជនបទមិនបានសិក្សាតាមប្រព័ន្ធអនឡាញនោះទេ។ បញ្ហាសេវាអ៊ីនធឺណេត ជាបញ្ហាតូចមួយ តែខ្វះការយល់ដឹងបច្ចេកវិទ្យា ជាហេតុដ៏សំខាន់ ដែលនាំឲ្យសិស្សនៅជនបទ មិនអាចសិក្សាតាមអនឡាញ ដូចអ្នកទីក្រុង។ 
 
ជីវភាពខ្វះខាត ជាកត្តាចម្បងមួយទៀត ដែលជំរុញឲ្យសិស្សានុសិស្សមួយចំនួន បោះបង់ការសិក្សា ដ្បិតថា កូវីដ-១៩ បានធ្វើឲ្យចំណូលក្នុងគ្រួសារធ្លាក់ចុះ។ មិនអាចរៀនតាមអនឡាញ និងមិនមានជម្រើសផ្សេង អាណាព្យាបាលនៅជនបទ សង្ឃឹមថា កូវីដ-១៩ នឹងអាចធូរស្បើយឆាប់ៗ ដើម្បីឲ្យកូនៗ បានរៀនសូត្រធម្មតាវិញ៕ 
 


Tag:
 បទយកការណ៍
  កូវីដ-១៩
  អប់រំ
  អនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com