COVID-19
ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ១៤ថ្ងៃទៀត 09, May 2021 , 11:09 am
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ រាជធានីភ្នំពេញបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងគ្រប់រូបភាពជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ទៀត គិតចាប់ពីថ្ងៃទី៩ ខែឧសភារហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅគ្រប់ទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈនិងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ។នេះជាការដាក់បម្រាមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ក្នុងសេចក្ដីណែនាំ ដែលចេញផ្សាយនៅថ្ងៃទី៨ខែឧសភា លោក ឃួង ស្រេង បានបញ្ជាក់ថា៖«បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និងចរាចរណ៍គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេលនៃការហាមឃាត់នេះនឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ ស្ដីពីវិធានការទប់ស្ដាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ»។
ការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនិងគ្រប់រូបភាព ជាបណ្ដោះអាសន្ន របស់លោក ឃួង ស្រេង នេះធ្វើឡើងដើម្បីឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបម្រាមលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់តាំងពីថ្ងៃទី ១១មេសាមកម្ល៉េះ ដែលកាលនោះអាជ្ញាធរបានមើលឃើញថា មានប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន នៅតែបំពានគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាត លួចលាក់ប្រមូលផ្ដុំ និងណាត់គ្នាជួបជុំទទួលទានគ្រឿងស្រវឹង។ ចំណែកការបន្តបម្រាមលក់ដូរគ្រឿងស្រវឹង នាពេលនេះ គឺដោយសារតែស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសរាជធានីភ្នំពេញ នៅតែមានកម្រិតខ្ពស់។
គិតត្រឹមថ្ងៃទី៨ ឧសភា កម្ពុជា មានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៨៧១៧នាក់ ដែលក្នុងនោះសះស្បើយចំនួន ៧៣៤០នាក់ និងស្លាប់មាន១១៤នាក់៕
Tag:
ស្រា
គ្រឿងស្រវឹង
ភ្នំពេញ
ឃួង ស្រេង
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com