ជាតិ
សេដ្ឋកិច្ច
តើជំនួញជោគជ័យ ឬបរាជ័យ ពាក់ព័ន្ធនឹងអ្វីខ្លះ? ចំណេះរៀន, ចំណេះធ្វើ ឬវាសនា?
22, Aug 2021 , 11:39 am        
រូបភាព
ភ្នំពេញ៖ មិនថាតែនៅក្នុងប្រទេសកម្ពុជាទេ នៅលើពិភពលោកទាំងមូលក៏ដូចគ្នាដែរ ជំនួញមួយចំនួន ទទួលជោគជ័យក្រោយការបង្កើត តែជំនួញមួយចំនួនទៀត ក្រោយការបង្កើតបានមួយរយៈ ក៏ដួលបះជើងទៅវិញ។ រីឯជំនួញខ្លះទៀត ចំណេញមិនចំណេញ ខាតមិនខាត ចេះតែត្រដររស់ ជាមួយនឹងពេលវេលា។ តើភាពជោគជ័យនៃជំនួញ បណ្តាលពីកត្តាអ្វី? ហើយថា តើការបរាជ័យបណ្តាលមកពីមូលហេតុអ្វី? តើភាពជោគជ័យ ឬបរាជ័យនៃជំនួញ អាចបណ្តាលមកពីកម្មផលព្រេងវាសនាដែរឬទេ?
 
ការប្រតិបត្តិជំនួញ មិនស្រួលដូចការគិតចង់ធ្វើជំនួញនោះទេ មានន័យថា បើគ្រាន់តែគិតឬបញ្ចេញគំនិងចង់ធ្វើជំនួញ មនុស្សភាគច្រើនស្រមៃឃើញភ្លាមពីការទទួលបានប្រាក់ចំណេញមកវិញច្រើន ក្រោយពេលបង្កើតជំនួញ។ តែលុះដល់ពេលបង្កើត ហើយឈានមកដល់ដំណាក់កាលប្រតិបត្តិធ្វើជំនួញនោះ ការលំបាក និងការប្រឈមនានា ពិតជាកើតឡើង ហើយពេលខ្លះកើតឡើងដោយនឹកស្មានមិនដល់។ 
 
អ្នកជំនួញខ្លះ និយាយថា ការបង្កើតជំនួញមួយមិនលំបាកទេ។ តែការធ្វើឲ្យជំនួញនោះដំណើរការ ឬធ្វើឲ្យជំនួញនោះទទួលបានប្រាក់ចំណេញ និងមាននិរន្តរភាពយូរអង្វែង គឺជារឿងលំបាកបំផុត។ និយាយបែបផ្សេង មានន័យថា បង្កើតជំនួញស្រួលទេ តែការថែរក្សាជំនួញឲ្យដំណើរការជារៀងរហូត គឺជាបញ្ហាឈឺក្បាលជារៀងរាល់ថ្ងៃ។ ជំនួញខ្លះទទួលជោគជ័យបាន២០ឆ្នាំ តែខ្វះភាពហ្មត់ចត់ក្នុងការគ្រប់គ្រងតែក្នុងរយៈពេលពី៦ខែទៅ១ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនជោគជ័យនោះ អាចបិទទ្វារទៅវិញភ្លាម ក៏អាចថាបាន។ កូវីដ-១៩ ក៏បានផ្តាច់ជីវិតក្រុមហ៊ុនមិនតិចដែរទាំងនៅកម្ពុជា និងនៅលើពិភពលោក។ 
 
ចុះបើការបង្កើតអាជីវកម្ម គ្រប់គ្រងអាជីវកម្ម មើលទៅហាក់បីដូចជាលំបាកខ្លាំងម្ល៉េះ ហេតុអ្វីបានជាមនុស្សគ្រប់រូបចេះតែចង់បង្កើត និងគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង? 
 
ជាក្រិត្យក្រមសត្យានុម័ត បុគ្គលគ្រប់រូបតែងតែចង់រើបម្រាសខ្លួញចេញពីការធ្វើការឲ្យគេ ទៅជាអ្នកបង្កើតការងារឲ្យគេធ្វើវិញម្តង ពោល គឺបុគ្គលនីមួយៗតែងតែចង់គ្រប់គ្រងគេ និងចង់មានអ្វីមួយដែលជាកម្មសិទ្ធិរបស់ខ្លួនឯង។ នេះ គឺជាចំណង់ និងបំណងដែលមានពីធម្មជាតិរបស់បុគ្គលម្នាក់ៗ។ តែរឿងថា ធ្វើបានជោគជ័យ ឬមិនជោគជ័យ គឺជាវាអាស្រ័យទៅលើទេពកោលសល្យរបស់បុគ្គលម្នាក់ៗ។ បើបុគ្គលទាំងអស់សុទ្ធតែគិតត្រូវ ហើយជោគជ័យនោះ ម្ល៉េះសមនៅលើពិភពលោកនេះ គ្មានឡើយអ្នកក្រីក្រ។ 
  
មានមូលហេតុមួយចំនួនផ្សេងទៀត ដែលនាំឲ្យបុគ្គលគ្រប់រូបចង់ក្លាយខ្លួនជាម្ចាស់កម្មសិទ្ធិ ក្នុងនោះមាន៖ ទី១ ចង់កសាងស្នាដៃជាកេរសម្រាប់កូនចៅជំនាន់ក្រោយ។ ទី២ ប្រាថ្នារកប្រាក់ចំណូលដោយខ្លួនឯង និងទី៣ ចង់បង្ហាញគំនិតដែលខ្លួនឯងមាន ខុសពីធ្វើការឲ្យគេ ចាំតែស្តាប់បង្គ្រាប់គេបញ្ជាឲ្យធ្វើតែប៉ុណ្ណោះ។ ចំណុចមួយទៀតដែលនិយោជិតចេះតែចង់បង្កើតជំនួញដោយខ្លួនឯងដែរនោះ ព្រោះថា ខ្លួនគេអាចប្រឈមនឹងការបណ្តេញចេញ ឬបាត់បង់ការងារដោយប្រការណាមួយនៅពេលដែលខ្លួនគេកាន់តែមានអាយុច្រើនឡើង។ 
 
តើកត្តាអ្វីខ្លះដែលជំរុញឲ្យជំនួញមួយចំនួនជោគជ័យ? 
 
ផ្អែកលើទ្រឹស្តីសេដ្ឋកិច្ច ជំនួញមួយអាចទទួលជ័យជម្នះ លុះត្រាតែ ជំនួញនោះ ត្រូវបង្កើតឡើងដោយផ្អែកលើគោលការណ៍ និងគោរពក្បួនខ្នាតសេដ្ឋកិច្ចសុទ្ធសាធ មានន័យថា មុននឹងបង្កើតជំនួញ អ្នកបង្កើតត្រូវគិតពីដើមទុន, សិក្សាផលិតផល និងតម្រូវការរបស់អតិថិជន, សិក្សាទីតាំង(ទីតាំងនោះត្រូវនឹងផលិតផលនោះឬទេ?), អំណាចទិញរបស់អតិថិជន(ប្រាក់ចំណូលរបស់អតិថិជន), ពេលវេលានៃការវិនិយោគ (តើគេត្រូវបើកហាង Brand នៅតំបន់ក្រីក្រឬ?)។ និយាយជារួម ការសិក្សាទីផ្សារត្រូវធ្វើឡើងដោយលម្អិត និងគោរពតាមគោលការណ៍សេដ្ឋកិច្ច។ 
 
បន្ទាប់ពីសិក្សាទីផ្សាររួចហើយ ចូលដល់ដំណាក់កាលបង្កើត និងគ្រប់គ្រង។ ដំណាក់កាលនេះ គេត្រូវជ្រើសរើសធនធានមនុស្ស រៀបចំរចនាសម្ព័ន្ធនៃការគ្រប់គ្រង រួមផ្សំនឹងយុទ្ធសាស្រ្តផ្សព្វផ្សាយ។ ធនធានមនុស្សល្អ បូកផ្សំនិងការគ្រប់គ្រងល្អរបស់ក្រុមហ៊ុន វាគឺជាកត្តាធំមួយដែលអាចរុញច្រានឲ្យក្រុមហ៊ុនទទួលជោគជ័យ។ នៅត្រង់ដំណាក់កាលនេះដដែល ក្រុមហ៊ុនជោគជ័យ ឬមិនជោគជ័យអាស្រ័យភាគច្រើនទៅលើអ្នកគ្រប់គ្រង ថាតើអ្នកគ្រប់គ្រងនោះ មានទេពកោសល្យខ្លាំងប៉ុណ្ណា? ទេពកោលស្យដឹកនាំនេះមិនសំដៅតែទៅលើសញ្ញាបត្រមួយមុខនោះទេ។ ទេពកោសល្យដឹកនាំ គឺចង់សំដៅទៅលើភាពប៉ិនប្រសប់របស់បុគ្គលអ្នកដឹកនាំនោះ។ បើនិយាយពីទ្រឹស្តីដឹកនាំ អ្នកដឹកនាំភាគច្រើនអាចចេះដូចគ្នា ប៉ុន្តែ អ្នកដឹកនាំខ្លះ អាចអនុវត្តវាទៅបានជោគជ័យ តែអ្នកដឹកនាំខ្លះទៀត អនុវត្តវាទៅប្រឈមនឹងភាពបរាជ័យច្រើនទៅវិញ។ 
 
ដោយសារតែចំណុចនេះហើយ ទើបនៅក្នុងការគ្រប់គ្រង គេតែងតែឲ្យតម្លៃទៅលើភាពប៉ិនប្រសប់របស់មនុស្សក្នុងការគ្រប់គ្រង ច្រើនជាងឲ្យតម្លៃទៅលើអ្នកចេះតែទ្រឹស្តីគ្រប់គ្រង។  ទ្រឹស្តី គេអាចរៀនចេះបាន តែភាពប៉ិនប្រសប់ពីកំណើត គឺជាការប្រទានពីធម្មជាតិចំពោះបុគ្គលផ្សេងៗគ្នា។ ដោយសារតែភាពខុសគ្នានេះហើយ ទើបការដឹកនាំរបស់ក្រុមហ៊ុនមានការរីកចម្រើន ឬបរាជ័យខុសគ្នា បើទោះបីជាអ្នកដឹកនាំទាំងនោះ មានកម្រិតសិក្សាដូចគ្នាក៏ដោយក្តី។ ចំណុចមួយទៀត ដែលជំរុញឲ្យក្រុមហ៊ុនមួយជោគជ័យដែរនោះ គឺការតាំងចិត្តរួមនៃស្ថាប័នទាំងមូល ហើយការតាំងចិត្តនោះ គឺធ្វើឡើងជានិរន្តរ៍ ពោល គឺមិនមែនធ្វើឡើងតាមអារម្មណ៍ និងតាមពេលវេលាណាមួយនោះទេ។ 
  
ចុះតើកត្តាអ្វីខ្លះដែលជំរុញអាជីវកម្មមួយឈានទៅដួលបះជើង? 
 
ចម្លើយដែលអ្នកជំនួញធ្លាប់ត្អូញត្អែរប្រាប់ គឺមានដូចតទៅ៖ ទី១ កង្វះខាតទុន។ ទី២ ជម្លោះកើតឡើងរវាងភាគហ៊ុននិក។ ទី៣ ខ្វះការសិក្សាទីផ្សារ (ខ្វះចំណេះដឹងពិតប្រាកដផ្នែកជំនួញ)។ ទី៤ ជម្លោះផ្ទៃក្នុងរវាងបុគ្គលិក និងបុគ្គលិក ឬបុគ្គលិក និងថ្នាក់ដឹកនាំ។ ទី៥ អ្នកដឹកនាំខ្វះឆន្ទៈ និងខ្វះភាពប៉ិនប្រសប់។ ទី៦ ការគ្រប់គ្រប់មិនល្អ ខុសគោលការណ៍ជំនួញ (ដឹកនាំតាមអារម្មណ៍ ឬខ្វះតម្លាភាព)។ ទី៧ គឺខ្វះយុទ្ធសាស្រ្តផ្សព្វផ្សាយ និងទី៨ គឺក្រុមការងារខ្វះភាពអំណត់, ភាពអត់ធ្មត់ និង ខ្វះការតស៊ូក្រាញននៀល។ 
 
ជំនឿនៅក្នុងជំនួញ? 
 
បើទោះបីជាមានទឡ្ហីករណ៍ពិតប្រាកដលើកឡើងផ្សេងៗគ្នាក៏ដោយទាក់ទងទៅនឹងភាពជោគជ័យ ឬបរាជ័យក្នុងជំនួញក៏ដោយ ក៏«អ្នកជំនឿ»មួយចំនួននៅតែគិតថា ការធ្វើជំនួញមួយជោគជ័យអាចពឹងផ្អែកមួយផ្នែកទៅលើកម្មផលព្រេងវាសនា មានន័យថា ចំណេះ ជំនាញ ភាពប៉ិនប្រសប់ របស់អ្នកបង្កើតជំនួញអាចជួយបានតែមួយផ្នែកទេ។ តែមួយផ្នែកទៀត គឺពឹងលើសំណាង ឬអ្វីមួយដែលជារឿងអរូបី។ អ៊ីចឹងហើយបានអ្នកអ្នកជំនួញខ្លះត្រូវធ្វើពិធីសែនព្រេនបន់ស្រន់សុំសេចក្តីសុខ និងសុំឲ្យជំនួញរបស់ពួកគេដំណើរការល្អ។ល។ 
 
ម្យ៉ាងទៀត អ្នកជំនឿ នៅតែគិតថា មនុស្សកើតមក ត្រូវបានគេកំណត់រួចហើយថា អ្នកនឹងត្រូវរស់ ឬរីកចម្រើនដោយសារមុខរបរអ្វី? ហើយអ្នកនឹងធ្វើអ្វី? មានតួនាទីជាអ្វី? ជាថៅកែ? ឬជាបុគ្គលិក-កម្មករ? អ្នកខ្លះ មិនបាច់ធ្វើការច្រើនទេ តែនៅតែមានប្រាក់ចំណូលខ្លះដែរ។ និយាយឲ្យខ្លីតាមបែបជំនឿ ពេលខ្លះ លោកអ្នកមិនអាចដើរចេញពីព្រហ្មលិខិតបានឡើយ។ 
 
ជំនឿខាងលើនេះ ទំនងជាមិនសូវខុសប៉ុន្មានដែរ។ តែអ្នកវិទ្យាសាស្ត្រ និងអ្នកប្រាកដនិយមវិញ អត្ថាធិប្បាយថា ជោគជ័យ ឬបរាជ័យក្នុងជីវិតវាអាស្រ័យលើសមត្ថភាពនៃបុគ្គលនីមួយៗ។ ចូរកុំបន្ទោសលើព្រេងវាសនា និងកម្មផលឲ្យសោះ!។ អ្នកបន្ទោសលើវាសនា គឺជាបុគ្គលគ្មានជំនឿលើខ្លួនឯង។ ទោះជាជឿឬមិនជឿ ក៏ស្ថានភាពជាក់ស្តែងបង្ហាញថា អ្នករៀនជ្រៅជ្រះ ពូកែ ប៉ិនប្រសប់ខ្លាំងទាំងឡាយ ក៏មិនប្រាកដថា អាចក្លាយទៅជាអ្នកមានធនធាន ឬអ្នកមានបុណ្យស័ក្តិទាំងអស់គ្នាបានឡើយ រីឯ អ្នកមិនបានរៀនជ្រៅជ្រះ និងអ្នក«ល្ងង់»ខ្លះ ក៏មិនប្រាកដថា ជាអ្នកក្រីក្រ ឬអ្នកតូចទាបដែរ។ ដូច្នេះ តើព្រេងវាសនា ឬព្រហ្មលិខិតពិតជាមានមែនឬទេនៅក្នុងពិភពជំនួញ? 
 
ចម្លើយ៖ មានតែអ្នកធ្លាប់ប្រឡូកក្នុងពិភពជំនួញទេដែលអាចផ្តល់ចម្លើយជូនបាន៕ 
 

Tag:
 ជំនួញ
 ជោគជ័យ
 បរាជ័យ
 ទ្រឹស្តី
© រក្សាសិទ្ធិដោយ thmeythmey.com