ជាតិ
រដូវបិទនេសាទ៖ សូមចូលរួមធ្វើពហិកាមិនពិសា និងទិញត្រីមានពង ក្នុងរដូវត្រីពង-កូន
09, May 2021 , 7:29 pm        
រូបភាព
ពងត្រីឃើញមានដាក់លក់នៅក្នុងផ្សារ ខេត្តស្ទឹងត្រែង កាលពីឆ្នាំកន្លងទៅ
ពងត្រីឃើញមានដាក់លក់នៅក្នុងផ្សារ ខេត្តស្ទឹងត្រែង កាលពីឆ្នាំកន្លងទៅ
ដោយ:
ខេត្តស្ទឹងត្រែង ដែលមានប្រព័ន្ធទន្លេមេគង្គហូរឆ្លងកាត់ ត្រូវក្រុមអ្នកស្រាវជ្រាវរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានចាត់ទុកថា គឺជាជម្រកចុងក្រោយ របស់ត្រីមេពូជ ជាច្រើនប្រភេទពង-កូន នៅក្នុងរដូវរស្សា។ ជារៀងរាល់ឆ្នាំ ត្រីមេពូជទាំងនោះ បានបង្កើតកូនតូចៗ រាប់លានកោដិក្បាល ដើម្បីផ្គត់ផ្គង់ដល់វាលទំនាបលិចទឹក ជាពិសេសបឹងទន្លេសាប។ 

 
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្តីពីរដូវបិទនេសាទ សម្រាប់ក្នុងដែននេសាទខេត្តស្ទឹងត្រែង ដែលជារៀងរាល់ឆ្នាំ អនុវត្តចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា។ ក្នុងអំឡុងពេលបិទនេសាទនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា មិនអនុញ្ញាតឱ្យធ្វើនេសាទដោយឧបករណ៍ «មង» គ្រប់ប្រភេទ ឧបករណ៍ឆក់ បំពុល និងគ្រឿងផ្ទុះផងដែរ។
 
ទោះយ៉ាងណា ប្រជានេសាទ នៅតែអាចនេសាទបាន ដោយប្រើប្រាស់នូវឧបករណ៍ជាលក្ខណៈគ្រួសារ ដូចជា សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀត ដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
 
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ មេត្តាកុំទិញត្រីមានពងក្នុងពោះ និងពងត្រី នៅក្នុងរដូវបិទនេសាទនេះ។ ការធ្វើពហិកាមិនពិសា មិនទិញត្រីមានពង និងពងត្រី ស្មើនឹងអ្នកបានចូលរួមចំណែក កាត់បន្ថយការនេសាទត្រីមេពូជទាំងនោះ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com