COVID-19
ជាតិ
​ពលរដ្ឋជាង ១.៧លាននាក់បានចាក់វ៉ាក់សាំង​កូវីដ-១៩ ក្នុងនោះជាង៣៥ម៉ឺននាក់ ជាអ្នកនៅតំបន់ក្រហម
09, May 2021 , 3:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែឧសភា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជាមាន ១.៧​លាននាក់ហើយ ក្នុងនោះពលរដ្ឋនៅតំបន់ក្រហមមានជាង៣៥ម៉ឺននាក់។ យុទ្ធនាការចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋនៅតំបន់ក្រហម ចាប់ផ្តើមតាំងពីថ្ងៃទី១ ឧសភាមកម្ល៉េះ។ ​ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នៅថ្ងៃទី៨ ខែឧសភា។
 
របាយការណ៍ទាំងពីរខាងលើបានបង្ហាញថា គិតត្រឹមថ្ងៃទី៨ ខែឧសភា ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា មានចំនួនសរុប ១ ៧១៨ ៧០៨នាក់។ ក្នុងនោះពលរដ្ឋទូទៅមានចំនួនសរុប ១ ០៦៩ ២១០នាក់ និងកងកម្លាំងប្រដាប់អាវុធចំនួនសរុប ៦៤៩ ៤៩៨នាក់។​ ក្នុងចំណោមពលរដ្ឋជាង ១.៧លាននាក់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នោះ មាន​ចំនួន ៣៥​១, ៥៣៧នាក់ ជាអ្នកនៅតំបន់ក្រហម។ 
 
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ស្ថិតក្នុងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជា ការបិទខ្ទប់តំបន់ដែលប្រឈមឆ្លងខ្លាំង និងបម្រាមគោចរជាដើម ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។ ដើម្បីជោគជ័យលើការងារនេះ រដ្ឋាភិបាល បានកំណត់ផែនការជាជំហានៗ។ ដោយជំហានទី១ ពីខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ ដោយចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាលឱ្យអស់ដែលមានជិត២,៥លាននាក់។
 
សម្រាប់ជំហានទី២ នៃផែនការរបស់រដ្ឋាភិបាល នឹងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរស់នៅក្នុងខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ព្រះសីហនុ ស្វាយរៀង សៀមរាប បន្ទាយមានជ័យ កែប និងខេត្តកំពត។  ជំហាននេះ នឹងអនុវត្តឡើងចាប់ពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ ប្រជាជនរស់នៅក្នុងខេត្តទាំង១១ មានជាង២លាននាក់ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រមាណ៤លានដូស។
 
ចំពោះជំហានទី៣ នៃការផែនការចាក់វ៉ាក់សាំងនោះ គឺនឹងអនុវត្តពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទៅលើប្រជាជនជាង៤,៤លាននាក់ រស់នៅក្នុងខេត្តចំនួន១២។ ក្នុងនោះ មានខេត្តកោះកុង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ រតនៈគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងក្រចេះ។
 
គិត​មកដល់ពេលនេះ​កម្ពុជា មាន​អ្នក​កើត​កូ​វីដ​-១៩ សរុប​ចំនួន ១៩២៣៧នាក់ ដែល​ក្នុងនោះ​សះស្បើយ​ចំនួន ៧៦៤១​នាក់ និង​ស្លាប់មាន​១២០​នាក់​៕

Tag:
 វ៉ាក់សាំង
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com