COVID-19
ជាតិ
អាជីវករនៅផ្សារយាយត្រប់ ក្នុងខេត្តតាកែវទាំងអស់ ត្រូវយកសំណាកធ្វើតេស្តកូវីដ-១៩
09, May 2021 , 4:29 pm        
រូបភាព
ដោយ:
តាកែវ៖ ផ្សារយាយត្រប់ ក្នុងឃុំរវៀងស្រុកសំរោង ត្រូវផ្អាកដំណើរការបណ្ណោះអាសន្ន ចាប់ពីថ្ងៃទី៩ឧសភាក្រោយបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាអាជីវករក្នុងផ្សារនេះ។ រដ្ឋបាលខេត្តតាកែវក៏បានចេញសេចក្ដីសម្រេចឱ្យអាជីវករក្នុងផ្សារនេះទាំងអស់ត្រូវយកសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។
 
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តតាកែវក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត ចុះយកសំណាកអាជីវករនៅផ្សារយាយត្រប់ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៩ឧសភា នៅសាលាដំណាក់ភូមិថ្មី ឃុំរវៀង ស្រុកសំរោង។
 
សម្រាប់អ្នកខកខានយកសំណាកក្នុងពេលនេះ អាចទៅធ្វើតេស្ដនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកបាន។រដ្ឋបាលខេត្តតាកែវក៏ហាមមិនឱ្យមានការជួបជុំ ឬប្រមូលផ្ដុំមនុស្សច្រើនផងដែរ។ ករណីលើកលែងចំពោះការជួបជុំសមាជិកគ្រួសារក្នុងលំនៅដ្ឋានរួម, ការរៀបចំពិធីបុណ្យសពដោយគោរពតាមគោលការណ៍អាជ្ញាធរ។ ការជួបជុំរបស់មន្ត្រីសុខាភិបាលដើម្បីយកសំណាកការបំពេញភារកិច្ចរបស់អាជ្ញាធរសមត្ថកិច្ចនិងសេវាសង្គ្រោះបន្ទាន់ក៏ត្រូវបានលើកលែងផងដែរ។ 
 
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី៩ឧសភានេះខេត្តតាកែវបានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៣ នាក់ដែរក្នុងនោះមានស្លាប់ម្នាក់។ ដោយឡែកអ្នកកើតកូវីដ-១៩ក្នុងប្រទេសកម្ពុជាគិតមកដល់ពេលនេះមានចំនួន ១៩២៣៧នាក់ ដែល​ក្នុងនោះ​សះស្បើយ​ចំនួន៧៦៤១​នាក់ និង​ស្លាប់មាន​១២០​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com