សង្គមអន្តរជាតិ​
អន្តរជាតិ
បុគ្គលិកអនាម័យម្នាក់សុំឈប់ក្រោយបម្រើការ៣៥ឆ្នាំ ដោយសារមេមិនដែលឲ្យតម្លៃ
09, May 2021 , 10:29 pm        
រូបភាព
ដោយ: ធីតា
ស្ត្រីបម្រើការផ្នែកអនាម័យម្នាក់នៅធនាគារ HSBC ក្រុង Southampton ប្រទេសអង់គ្លេស បានសរសេរពាក្យលាឈប់ពីការងារ ក្រោយបម្រើការអស់រយៈពេល៣៥ឆ្នាំ។ លិខិតលាឈប់របស់គាត់ត្រូវបានចែកចាយពេញបណ្តាញសង្គម ដែលក្នុងនោះគាត់បានរៀបរាប់ពីការងារដែលមិនទទួលបាននូវការអើពើទាល់តែសោះពីសំណាក់ចៅហ្វាយនាយ។
 
អ្នកស្រី Julie Cousins មិនអាចទ្រាំទ្របាននឹងការងារដែលខំប្រឹងប្រែងរាល់ថ្ងៃ ប៉ុន្តែមិនទទួលនូវការយកចិត្តទុកដាក់ ជាពិសេសពីអ្នកគ្រប់គ្រងរបស់ខ្លួន។ ទីបំផុតគាត់បានសម្រេចចេញចូលនិវត្តន៍ក្នុងអាយុ៦៧ឆ្នាំ ក្រោយបម្រើការអស់រយៈពេល៣៥ឆ្នាំ។
 
លោក Joe ដែលជាកូនប្រុសបានបង្ហោះលិខិតម្តាយខ្លួននៅលើបណ្តាញសង្គម Twitter ហើយទទួលបាននូវសារលើកទឹកចិត្តជាច្រើនចំពោះអ្នកស្រី Julie។ សារព័ត៌មាន BBC បានទាក់ទងទៅធនាគារ HSBC ដើម្បីសុំការបកស្រាយ ដោយខាងធនាគារមិនមានមតិលើករណីបុគ្គលនោះឡើយ ប៉ុន្តែព្យាយាមសិក្សាស្វែងយល់ពីរឿងរ៉ាវដែលបានកើតឡើង។
 
ក្នុងលិខិតរបស់ខ្លួន អ្នកស្រី Julie បានត្អូញត្អែរថា គាត់មិនដែលទទួលបាននូវការយកចិត្តទុកដាក់ទាល់តែសោះពីចៅហ្វាយនាយ ក្រៅពីការបង្ខំ និងរងនូវពាក្យពេចន៍មិនសមគួរ។ «បន្តឆ្ពោះទៅមុខ ហើយសូមអ្នកទាំងអស់គ្នាចងចាំថា ក្នុងលោកនេះ អ្នកមិនអាចធ្វើអ្វីបានគ្រប់យ៉ាងឡើយ ដូច្នេះត្រូវមានចិត្តល្អ ពីព្រោះអ្នកទាំងអស់គ្នា មិនល្អជាងអ្នកអនាម័យនោះឡើយ»។ នេះជាសម្រង់ខ្លឹមសារក្នុងលិខិតរបស់អ្នកស្រី Julie ទៅកាន់ស្ត្រីទាំងអស់នៅកន្លែងបម្រើការរបស់ខ្លួន។
 
ថ្លែងប្រាប់ Mail Online អ្នកស្រី Julie បានអះអាងថា គាត់បានសម្រេចឈប់ពីការងារនេះ ខណៈមនុស្សមួយចំនួនគិតថា ជាការងារតូចតាច។ ចំពោះសាខា HSBC ចុងក្រោយនេះ គាត់បានប្រឹងប្រែងធ្វើការងារយ៉ាងខ្លាំងអស់រយៈពេល៥ឆ្នាំ។
 
អ្នកស្រី Julie ទទួលបាននូវសារលើកទឹកចិត្តជាច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គម ដោយពួកគេសុទ្ធតែបានអះអាងថា ទទួលស្គាល់នូវការងាររបស់បុគ្គលិកអនាម័យ។ លោកស្រី Frances O’Grady អគ្គលេខាធិការសមាជសហជីពអង់គ្លេស បានថ្លែងប្រាប់ BBC ថា៖ «បុគ្គលិកអនាម័យពិតជាបានដើរតួនាទីយ៉ាងសំខាន់នាអំឡុងវិបត្តិកូវីដ-១៩នេះ ដោយធ្វើឲ្យកន្លែងការងារ និងទីសាធារណៈមានអនាម័យ ហើយពួកគាត់ជាអ្នកដែលប្រឈមគ្រោះថ្នាក់ខ្លាំង»។
 
លោកស្រី បានលើកឡើងថា និយោជក និងរដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតសម្រាប់លក្ខខណ្ឌការងាររបស់បុគ្គលិកដែលគេមើលរំលង។ «វាមិនត្រឹមត្រូវនោះឡើយដែលបុគ្គលិកអនាម័យនៅតែបន្តទទួលបានប្រាក់ខែតិច និងកិច្ចសន្យាមិនច្បាស់លាស់»៕
 


© រក្សាសិទ្ធិដោយ thmeythmey.com