COVID-19
ជាតិ
លោក វ៉ី សំណាង៖ កម្មករពីខេត្តឬតំបន់ពាក់ព័ន្ធកូវីដ-១៩ ត្រូវយកសំណាកសិន មុនចូលធ្វើការវិញ
09, May 2021 , 11:29 pm        
រូបភាព
ភ្នំពេញ៖ កម្មករនិយោជិក ដែលត្រឡប់មកធ្វើការវិញ ក្នុងករណីមកពីបណ្ដាខេត្តផ្សេង ឬតំបន់ដែលកំពុងរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវយកសំណាក និងមានលទ្ធផលតេស្តលើកទី២ អវិជ្ជមាន ទើបអនុញ្ញាតឱ្យចូលធ្វើការវិញ។ នេះបើតាមសេចក្ដីណែនាំបន្ថែមរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្ដីពីវិធានការចូលរួមអនុវត្តបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សម្រាប់និយោជក កម្មករនិយោជិក ដែលបម្រើការងារនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចេញផ្សាយកាលពីថ្ងៃទី ៧ ឧសភា។

 
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីណែនាំបន្ថែមដល់និយោជក កម្មករនិយោជិក ដែលបម្រើការងារនៅខេត្តកំពង់ស្ពឺ។ ក្នុងសេចក្ដីណែនាំខាងលើ លោក វ៉ី សំណាង បញ្ជាឱ្យរដ្ឋបាលរោងចក្រ សហគ្រាស ត្រូវបញ្ជូនកម្មករនិយោជិក ដែលមកពីបណ្ដាខេត្តនានា ឬតំបន់ពាក់ព័ន្ធនឹងកូវីដ-១៩ ដើម្បីយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ឬមន្ទីរពេទ្យបង្អែកដែលនៅជិតជាបន្ទាន់។ បន្ថែមលើនេះ ត្រូវឱ្យកម្មករនិយោជិក នៅដោយឡែករហូតដល់លទ្ធផលតេស្តលើកទី២ អវិជ្ជមាន ទើបអនុញ្ញាតឱ្យចូលធ្វើការវិញ។
 
អភិបាលខេត្តកំពង់ស្ពឺ បន្តថា រោងចក្រ សហគ្រាសទាំងអស់ ត្រូវមានបញ្ជីឈ្មោះកម្មករ ដែលចំណូលខេត្ត ឬស្រុក ដោយត្រូវអនុវត្តវិធានការដែលរោងចក្រ សហគ្រាស ធ្វើកន្លងមក។ ម្ចាស់រោងចក្រ សហគ្រាស ត្រូវរាយការណ៍ព័ត៌មានទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាៈខេត្ត ដើម្បីសហការនៅពេលមានហេតុការណ៍ជាយថាហេតុ ពិសេសក្នុងករណីកម្មករនិយោជិកពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយអ្នកកូវីដ-១៩។ 
 
ដោយឡែក ចំពោះកម្មករនិយោជិក ដែលមានបំណងស្នើសុំច្បាប់ឈប់សម្រាក រោងចក្រ សហគ្រាស ត្រូវសួរនាំឱ្យច្បាស់ពីគោលបំណង ឬហេតុផល។ ក្នុងករណីម្ចាស់រោងចក្រ សហគ្រាស មានការសង្ស័យ ត្រូវរាយការណ៍មកកាន់រដ្ឋបាលខេត្ត។ ជាមួយគ្នា ម្ចាស់រោងចក្រ ឬសហគ្រាសណា ដែលមិនបានចូលរួមអនុវត្ត និងបង្កឱ្យមានការឆ្លងរាលដាល ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ នេះបើតាមសេចក្ដីណែនាំខាងលើ៕ 
 

Tag:
 កម្មករ
  និយោជិក
  កំពង់ស្ពឺ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com