អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រឹទ្ធសភាអាមេរិកម្នាក់បើករថយន្តនាពេលប្រជុំតាម Zoom តែប្រឹងដាក់ Background ឲ្យ​ដូចនៅការិយាល័យ
10, May 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
សមាជិកព្រឹទ្ធសភាម្នាក់ប្រចាំរដ្ឋ Ohio សហរដ្ឋអាមេរិក ត្រូវបានគេពិនិត្យឃើញថា លោកបានបើករថយន្ត នាអំឡុងពេលប្រជុំពិភាក្សាតាម Zoom ជាមួយក្រុមប្រឹក្សាប្រចាំរដ្ឋ កាលពីពេលថ្មីៗកន្លងមកនេះ។ យោងតាម NBC សកម្មភាពកើតឡើងចំថ្ងៃដែលរដ្ឋពិចារណាលើការពិន័យបន្ថែមទាក់ទងនឹងអ្នកបើកបររថយន្តដែលធ្វេសប្រហែស។


លោក Andrew Brenner ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ។ ក្នុងកិច្ចពិភាក្សាតាម Zoom សមាជិក៥នាក់បានរង់ចាំរួចជាស្រេច បន្ទាប់មកក៏ឃើញមុខលោក Brenner ពាក់អាវស។ ប៉ុន្តែពេលបើកកាមេរ៉ា ភ្លាម គេឃើញយ៉ាងច្បាស់ថា លោកស្ថិតនៅក្នុងរថយន្ត។

មួយសន្ទុះក្រោយមក លោកបានផ្លាស់ប្តូរ Background ដើម្បីឲ្យគេគិតថា លោកស្ថិតនៅក្នុងការិយាល័យ ហើយបានទម្លាក់ខ្លួនយ៉ាងទាប។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកមិនអាចលាក់បាំងបាននោះដែរ ពីព្រោះលោកឧស្សាហ៍ងាកឆ្វេងងាកស្តាំ ជាពិសេសមានខ្សែក្រវាត់រថយន្តជាប់នឹងខ្លួនថែមទៀតផង។

លោក John Fortney ដែលជាអ្នកនាំពាក្យរបស់លោក Brenner ផ្ទាល់បានអះអាងថា លោក Brenner បានគោរពច្បាប់ ដោយលោកបានប្រើបច្ចេកវិទ្យាឧបករណ៍សំឡេងនៅពេលនិយាយ។



លោក Brenner ផ្ទាល់ បាននិយាយប្រាប់ The Columbus Dispatch ថា លោកមិនបានបង្ករឲ្យមានភាពរអាក់រអួលអ្វីនោះឡើយនៅពេលប្រជុំ។ លោករៀបរាប់ថា៖ «ខ្ញុំយកចិត្តទុកទាំងការបើកបរ និងស្តាប់ការប្រជុំ។ ខ្ញុំមានជំនួបពីរតែនៅទីតាំងផ្សេងគ្នា។ ខ្ញុំមានការហៅទូរសព្ទចូលជាច្រើនលើក។ ការនិយាយតាមទូរសព្ទ មិនជាបញ្ហា ប៉ុន្តែតាមវីដេអូ ខ្ញុំមិនសូវបានប្រយ័ត្នប្រយែង ព្រោះគាត់ថា ដូចនិយាយទូរសព្ទ»។

ករណីនេះ បានកើតឡើងនៅពេលដែលសភាតំណាងរដ្ឋ បើកការពិភាក្សាទាក់ទងនឹងការពិន័យស្តីពីការប្រើប្រាស់ទូរសព្ទនៅពេលបើកបរ។ សកម្មភាពទាំងនោះមានដូចជា ការសរសេរសារ ការថតរូប និងការប្រើប្រាស់ App ផ្សេងៗ៕



© រក្សាសិទ្ធិដោយ thmeythmey.com