អន្តរជាតិ
ប៉ូលិសម៉ាល់ឌីវ ចាប់ខ្លួនជនសង្ស័យក្នុងការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី Nasheed
10, May 2021 , 12:29 pm        
រូបភាព
កម្លាំងសន្តិសុខម៉ាល់ឌីវឈរយាមក្នុងរដ្ឋធានី Male ។ រូបថត AFP
កម្លាំងសន្តិសុខម៉ាល់ឌីវឈរយាមក្នុងរដ្ឋធានី Male ។ រូបថត AFP
ដោយ: ថ្មីៗ
ប៉ូលិសម៉ាល់ឌីវ នៅថ្ងៃទី៩ ខែឧសភា ចាប់បានជនសង្ស័យសំខាន់ៗដែលពាក់ព័ន្ធការបំផ្ទុះគ្រាប់ ប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី Mohamed Nasheed កាលពីថ្ងៃទី៦ ខែឧសភា នៅបរិវេណខាងក្រៅផ្ទះរបស់លោកក្នុងរដ្ឋធានី Male ។
 
ការបំផ្ទុះនៅថ្ងៃទី៦ ខែឧសភា ធ្វើឱ្យលោក Mohamed Nasheed របួសយ៉ាងធ្ងន់ធ្ងរ។ គ្រួសារលោក Nasheed បានបញ្ជាក់ថា ស្ថានភាពលោកមានភាពប្រសើរបន្តិចហើយ ក្រោយឆ្លងកាត់ការវះកាត់ជាង ១៦ម៉ោង ក៏ប៉ុន្តែលោកត្រូវបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យសិន។ ក្នុងការបំផ្ទុះនោះ ក៏មានជន រងគ្រោះបីនាក់ផ្សេងទៀត។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP ប៉ូលិសសន្និដ្ឋានថា ទង្វើនេះជាស្នាដៃក្រុមជ្រុលនិយម។ នៅថ្ងៃទី៩ ខែឧសភា ប៉ូលិសចាប់ខ្លួនជនសង្ស័យសំខាន់ឈ្មោះ Adhuham Ahmed Rasheed វ័យ២៥ឆ្នាំ។  ផ្អែកតាមរូបភាពពីប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ជនសង្ស័យរូបនេះមានវត្តមាននៅក្បែរកន្លែងកើតហេតុ មុនគ្រាប់បែកផ្ទុះឡើងក្បែរផ្ទះលោក Nasheed ក្នុងទីក្រុង Male ។ 
 
ជនសង្ស័យពីរនាក់ទៀត ក៏ត្រូវចាប់ខ្លួនដែរមានឈ្មោះ Mujaz Ahmed អាយុ២១ឆ្នាំ និង Thahmeen Ahmed អាយុ៣២ឆ្នាំ។ ជាមួយគ្នានេះ ប៉ូលិសក៏កំពុងតាមរកអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។
 
សូមបញ្ជាក់ថា លោក Nasheed ត្រូវបានទម្លាក់ចេញពីតំណែងក្នុងរដ្ឋប្រហារឆ្នាំ២០១២ ។ បច្ចុប្បន្ន លោកជាសមាជិកសភាដ៏មានឥទ្ធិពល។ លោកតែងចេញមុខរិះគន់មិនប្រណីក្រុមជ្រុលនិយមនៅម៉ាល់ឌីវផងដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com