COVID-19
រថយន្ត
អន្តរជាតិ
អង្គការពីរនៅឥណ្ឌាជួយរដ្ឋាភិបាលខ្លួនដោយផ្តល់សេវាយានយន្តដឹកជំងឺដោយឥតគិតថ្លៃ
10, May 2021 , 8:39 pm        
រូបភាព
ដោយ: ធីតា
អង្គការក្នុងស្រុកពីរនៅក្រុង Gurugram ប្រទេសឥណ្ឌា បានចូលរួមចែករំលែកទុក្ខលំបាករដ្ឋាភិបាលខ្លួន តាមរយៈការដាក់ឲ្យដំណើរការយានយន្តសង្គ្រោះបន្ទាន់ដោយបំពាក់អុកស៊ីសែន ដើម្បីដឹកអ្នកជំងឺកូវីដ-១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងក្លានៅប្រទេសអាស៊ីខាងត្បូងមួយនេះ។
 
អង្គការមូលនិធិ Rewa និង Sai បានចាប់ផ្តើមសេវាកម្មដឹកអ្នកជំងឺដោយឥតគិតថ្លៃ ដោយផ្តើមបំពាក់អុកស៊ីសែន និងសម្ភារវេជ្ជសាស្ត្រនៅលើម៉ូតូកង់បី (CNG) ចំនួន៥។ ជាមួយគ្នានេះ អ្នកបើកបរក៏មានរបាំងការពារមុខ ពាក់ស្រោមដៃ មួក ឯកសណ្ឋាន និងមានជំនាញផ្នែកវេជ្ជសាស្ត្រផងដែរ។ 
 
យោងតាមការផ្សាយរបស់ Tribune India លោក Sunil Yadav ប្រធានមូលនិធិ Rewa បានលើកឡើងថា៖ «យើងផ្តល់សេវាកម្មដោយឥតគិតថ្លៃ និងជិតបំផុត។ អ្នកផ្តល់លេខទំនាក់ទំនង ហើយយើងនឹងទៅដល់ទីតាំងដោយប្រើរយៈពេលខ្លីប៉ុណ្ណោះ។ ដើម្បីធានាសុវត្ថិភាព យើងបំពាក់ឧបករណ៍អុកស៊ីសែន និងសម្ភារវេជ្ជសាស្ត្រចាំបាច់មួយចំនួន»។
 
លោក Hare Ram ដែលជាអ្នកបើកបររ៉ឹម៉កម៉ូតូម្នាក់ បានអះអាងថា លោករីករាយដែលត្រូវបានអង្គការរើសយកលោកក្នុងចំណោមអ្នកបម្រើសេវាកម្មទៅដឹកអ្នកជំងឺ។ «យើងទទួលបានកម្រៃប្រចាំថ្ងៃជារឿងមួយ ប៉ុន្តែយើងមានចំណែកឆ្លើយតបទៅនឹងតម្រូវការក្នុងពេលវេលាដ៏លំបាក វាជារឿងដែលធ្វើដោយពេញចិត្តបំផុត»។
 
គិតត្រឹមល្ងាចថ្ងៃទី១០ ខែឧសភា ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ជាង២២លាន និងមានអ្នកស្លាប់ជិត២៥ម៉ឺននាក់។ តួលេខនេះ កើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយត្រឹមមួយសប្តាហ៍មានអ្នកឆ្លងជាង១លាននាក់ និងស្លាប់រាប់ពាន់នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com