COVID-19
ជាតិ
កូវីដ-១៩៖ អ្នកជាប់ឃុំ គួរតែត្រូវការពារខ្ពស់បំផុត
11, May 2021 , 2:05 pm        
រូបភាព
អ្នកជនជាប់ឃុំ ក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង (រូបពីអគ្គនាយកដ្ឋានពន្ធនាគារ)
អ្នកជនជាប់ឃុំ ក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង (រូបពីអគ្គនាយកដ្ឋានពន្ធនាគារ)
ករណីជំងឺកូវីដ-១៩ ឆ្លងចូលពន្ធនាគារខេត្តព្រះសីហនុ ជាការពញ្ញាក់ស្មារតីដល់រដ្ឋាភិបាលកម្ពុជា ឲ្យបន្តយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀត ក្នុងការការពារអ្នកជាប់ឃុំពីជំងឺរាតត្បាតនេះ។
 

 
រដ្ឋាភិបាលកម្ពុជា ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការការពារអ្នកជាប់ឃុំពីជំងឺកូវីដ-១៩ ដ្បិតថា អ្នកជាប់ឃុំ រស់នៅប្រជ្រៀតគ្នា ដូច្នេះ បើមានអ្នកជាប់ឃុំក្នុងចំនួនណាមួយ ឆ្លងជំងឺកូវីដ-១៩ វា នឹងបង្កហានិភ័យខ្លាំងក្នុងការឆ្លងរាលដាលក្នុងពន្ធនាគារ ហើយការគ្រប់គ្រងជំងឺនេះ នៅក្នុងពន្ធនាគារ អាចនឹងមានការលំបាកនិងមានភាពស្មុគស្មាញ។ 
 
តាមពិតទៅ ចាប់តាំងពីដើមទីមក រដ្ឋាភិបាលកម្ពុជា ប្រុងប្រយ័ត្នខ្លាំងណាស់ ក្នុងការការពារមិនឲ្យជំងឺកូវីដ-១៩ វាយលុកទៅដល់ពន្ធនាគារ។ តែទីបំផុត ពន្ធនាគារ នៅតែគេចមិនផុតពីជំងឺរាតត្បាតនេះដដែល។ 
 
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា អ្នកជាប់ឃុំជាបុរស៣៤នាក់ ក្នុងពន្ធនាគារខេត្តព្រះសីហនុ បានឆ្លងជំងឺកូវីដ-១៩។ វា ជាករណីលើកដំបូងនៃការឆ្លងជំងឺកូវីដ-១៩ ចូលដល់ពន្ធនាគារនៅកម្ពុជា។  
 
ករណីលើកដំបូងនេះ គឺជាការពញ្ញាក់ស្មារតី ក៏ដូចជាការក្រើនរម្លឹករដ្ឋាភិបាលកម្ពុជា រួមទាំងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធផ្នែកពន្ធនាគារ ឲ្យបន្ថែមការយកចិត្តទុកដាក់ និងត្រូវដាក់ចេញវិធានការឲ្យកាន់តែម៉ត់ចត់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យមានឱកាសឆ្លងចូលពន្ធនាគារដទៃទៀត។
 
លោក នុត សវនា អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លើកឡើងថា វិធានការដ៏ចាំបាច់ ដើម្បីគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ ក្នុងពន្ធនាគារខេត្តព្រះសីហនុ គឺការធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយប្រើឧបករណ៍ធ្វើតេស្តរហ័ស (Rapid Test) លើអ្នកជាប់ឃុំទាំងអស់ ដែលមានចំនួនសរុបជាង១,៨ពាន់នាក់ រួមទាំងមន្រ្តីពន្ធនាគារ និងក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងបរិវេណពន្ធនាគារ។ 
 
លោក អះអាងថា ឧបករណ៍ធ្វើតេស្តរហ័យនេះ បានបង្ហាញលទ្ធផលភ្លាមៗ គឺជំងឺកូវីដ-១៩ មិនបានឆ្លងដល់អ្នកផ្សេងទៀតនោះទេ ក្រៅតែពីអ្នកជាប់ឃុំទាំង៣៤នាក់។ ប៉ុន្តែ អ្នក ដែលធ្វើតេស្តអវិជ្ជមានទាំងអស់នោះ ត្រូវរង់ចាំធ្វើតេស្តម្តងទៀត ក្នុងរយៈពេល១៤ថ្ងៃក្រោយ។ 
 
លោក បន្តថា វិធានការសំខាន់មួយទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងពន្ធនាគារខេត្តព្រះសីហនុ គឺការយកអ្នកមានសញ្ញាសង្ស័យពីជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធផ្ទាល់ ទៅដាក់ក្នុងអគារដាច់ដោយឡែក។ ជាមួយគ្នានេះ លោក ផ្តល់ព័ត៌មានថា ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធនាគារ កំពុងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យអ្នកជាប់ឃុំនៅពន្ធនាគារខេត្តព្រះសីហនុ។  
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ បញ្ជាក់ថា៖«យើង កំពុងមើលថែអ្នកជំងឺនិងគ្រប់គ្រងសភាពការណ៍ [ក្នុងពន្ធនាគារខេត្តព្រះសីហនុ]…»។  
 
លោក ប្រាប់ថា អ្នកជាប់ឃុំទាំង៣៤ ដែលផ្ទុកជំងឺកូវីដ-១៩ ត្រូវបានរៀបចំដាក់ឲ្យព្យាបាលក្នុងពន្ធនាគារខេត្តព្រះសីហនុ ដោយមិនបញ្ជូនចេញទៅព្យាបាលនៅខាងក្រៅនោះទេ។ លោក ប្រាប់ទៀតថា ពន្ធនាគារខេត្តសីហនុ កំពុងមានភាពចង្អៀតណែន ដោយសារទីធ្លាមិនសូវធំទូលាយ ហើយចំនួនអ្នកជាប់ឃុំ ក៏មានការកើនឡើង។
 
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា ក្រុមអង្គការសង្គមស៊ីវិល មានក្តីបារម្ភយូរមកហើយ ចំពោះការឆ្លងជំងឺកូវីដ-១៩ ចូលពន្ធនាគារ។ លោក មានប្រសាសន៍ថា៖«ក្នុងពន្ធនាគារនីមួយៗ មានភាពចង្អៀតណែន អ៊ីចឹង ការឆ្លង [ជំងឺកូវីដ-១៩] តគ្នា គឺងាយណាស់ បើយើង មិនបានបង្កើននូវកិច្ចការពារនិងការទប់ស្កាត់បន្ថែមទៀត»។
 
ផ្អែកលើរបាយការណ៍ពីក្រសួងមហាផ្ទៃ បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំសរុបជាង៣,៨ម៉ឺននាក់ នៅទូទាំងប្រទេស ដោយក្នុងនោះ ស្ត្រី មានជាង២,៥ពាន់នាក់។ រដ្ឋាភិបាល ទទួលស្គាល់ថា ពន្ធនាគារនៅកម្ពុជា មានភាពចង្អៀតណែន និងកំពុងព្យាយាមដោះស្រាយភាពចង្អៀតណែននេះ។ 
 
ថ្នាក់ដឹកនាំពន្ធនាគារ អាចណែនាំឲ្យអ្នកជាប់ឃុំ អនុវត្តវិធានការអនាម័យបាន ដូចជា ការលាងដៃដោយសាប៊ូ និងការសម្អាតដៃដោយជែល ឬអាល់កុល ជាដើម រួមទាំងការពាក់ម៉ាស់ផងដែរ។ ប៉ុន្តែ ការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ក្នុងពន្ធនាគារ មិនទាន់អាចធ្វើបានឡើយ ដោយសារពន្ធនាគារ មានភាពចង្អៀតណែន។  
 
លោក អំ សំអាត យល់ឃើញថា ការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ គឺជាវិធានការមួយ ដែលអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ក្នុងពន្ធនាគារ។ លោក លើកយោបល់មួយចំនួន ដើម្បីអាចកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ រួមមាន ការមិនឃុំខ្លួន ចំពោះបទល្មើសណា ដែលមិនគួរឃុំខ្លួន ការព្យួរទោស និង ការអនុវត្តទោសសហគមន៍ ។ល។

ការព្យួរទោស គឺអ្នកទោស នៅតែជាប់ទោស តែអនុញ្ញាតឲ្យរស់នៅក្រៅឃុំ។ ការអនុវត្តទោសសហគមន៍ គឺការអនុញ្ញាតឲ្យអ្នកទោស ដែលមានទោសស្រាល ឬអ្នកទោស ដែលបានកែប្រែខ្លួន ទៅរស់នៅជុំគ្នា ក្នុងសហគមន៍ណាមួយ។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បំភ្លឺថា មកដល់ពេលនេះ កម្ពុជា មិនទាន់អាចអនុវត្តទោសសហគមន៍នោះទេ។ ប៉ុន្តែ លោក បកស្រាយថា ក្រសួងយុត្តិធម៌ កំពុងអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមតុលាការ  ដែលជាដំណោះស្រាយមួយ អាចឈានទៅដល់ការរំដោះភាពចង្អៀតណែនក្នុងពន្ធនាគារ។
 
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ ឆ្លើយតបនឹងសារព័ត៌មានថ្មីៗថា៖«ពាក់ព័ន្ធនឹងអ្នកឆ្លង [ជំងឺកូវីដ-១៩] គឺខាងពន្ធនាគារ មានវិធានការសុខាភិបាល រួមទាំងវិធានការនៃការទប់ស្កាត់ការឆ្លងរាលដាល និង វិធានការការពាររួចហើយ ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរាលរាលក្នុងពន្ធនាគារ»។
 
លោក អំ សំអាត ផ្តល់យោបល់ទៀតថា តុលាការ គួរពិនិត្យមើលស្ថានភាពជាក់ស្តែង អំពីអ្នកទោស ដែលអាចអនុញ្ញាតឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយការលើកលែងទោសដល់អ្នក ដែលបានអនុវត្តទោសជិតចប់ ក៏គួរស្ថិតក្នុងការពិនិត្យពិចារណាដែរ។ មន្រ្តីសង្គមស៊ីវិលរូបនេះ បន្ថែមថា យោបល់ទាំងអស់នេះ ដែលលោក លើកឡើង គឺអង្គការសង្គមស៊ីវិល ធ្លាប់ផ្តល់ជូនរដ្ឋាភិបាល ក៏ដូចតុលាការរួចមកហើយ។
 
លោក នុត សវនា បានឲ្យដឹងថា អាជ្ញាធរ កំពុងស្រាវជ្រាវរកមូលហេតុ ដែលជំងឺកូវីដ-១៩ ចូលដល់ពន្ធនាគារខេត្តព្រះសីហនុ។ ដ្បិតមិនទាន់ដឹងមូលហេតុច្បាស់លាស់ តែលោក សន្និដ្ឋានថា ទំនងជាដោយសារអ្នកជាប់ឃុំថ្មី មានផ្ទុកជំងឺកូវីដ-១៩ ទើបបានជាជំងឺនេះ រាលដាលដល់ពន្ធនាគារខេត្តព្រះសីហនុ។ 
 
លោក និយាយថា កន្លងមក អ្នកជាប់ឃុំថ្មី គ្រាន់តែត្រូវបានពិនិត្យអាការខាងក្រៅប៉ុណ្ណោះ ដូចជា កម្តៅ ការក្អក ការឈឺក ជាដើម ហើយបន្ទាប់ពីធ្វើចត្តាឡីស័ក១៤ថ្ងៃ ពួកគេ ក៏ត្រូវបញ្ចូលទៅក្នុងបន្ទប់ឃុំឃាំង ជាមួយអ្នកជាប់ឃុំផ្សេងទៀតតែម្តង ដោយពុំបានឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ-១៩ឡើយ ខណៈកាលពីមុន តាមពន្ធនាគារ មិនទាន់មានឧបករណ៍ធ្វើតេស្តរហ័ស។ លោក សារភាពថា ការបញ្ចូលអ្នកជាប់ឃុំថ្មី ទៅក្នុងពន្ធនាគារ ដោយមិនបានឆ្លងកាត់ការធ្វើតេស្ត ថាជាការថ្លោះធ្លោយនិងជាចន្លោះប្រហោង ដែលជំងឺកូវីដ-១៩ ឆ្លងចូលទៅដល់ពន្ធនាគារខេត្តព្រះសីហនុ។ 
 
មុនពន្ធនាគារខេត្តព្រះសីហនុ មានករណីឆ្លងជំងឺកូវីដ-១៩ រដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ដែលជាសេនាធិការ បានចេញសេចក្តីណែនាំនិងវិធានការមិនតិចដងទេ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលដល់ពន្ធនាគារ។ វិធានការទាំងនោះ មានទាំងការផ្អាកមិនឲ្យអ្នកជាប់ឃុំ ជួបមេធាវីឬសាច់ញាតិថែមទៀត។ ការអនុញ្ញាតឲ្យអ្នកជាប់ឃុំ ជួបមេធាវីឬសាច់ញាតិ លុះត្រាតែមានភាពចាំបាច់ខ្លាំង។ រីឯ ការចេញចូលពន្ធនាគារ ត្រូវបានពិនិត្យនិងរឹតបន្តឹង។ 
 
លើសពីនេះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យឆ្លងដល់ពន្ធនាគារ រដ្ឋាភិបាល បានរៀបចំចាក់វ៉ាក់សាំងឲ្យអ្នកជាប់ឃុំ មន្រ្តីពន្ធនាគារ និង ក្រុមគ្រួសារមន្រ្តីពន្ធនាគារ ដោយចាប់ផ្តើមពីពន្ធនាគារក្នុងរាជធានីភ្នំពេញទៅ។ លោក នុត សវនា បង្ហាញតួលេខថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អ្នកជាប់ឃុំ មន្រ្តីពន្ធនាគារ និង ក្រុមគ្រួសារមន្រ្តីជាប់ឃុំជាង១ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ 
 
កាលពីអំឡុងខែមីនា ឆ្នាំ២០២០ ជាពេលដែលជំងឺកូវីដ-១៩ ទើបនឹងឆ្លងចូលមកកម្ពុជា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំមួយ ស្តីពីការត្រៀមវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយក្រោយចេញពីកិច្ចប្រជុំនាកាលនោះ សម្តេចរដ្ឋមន្រ្តី បានថ្លែងទៅកាន់អ្នកសែតថា៖«ពន្ធនាគារ យើង ក៏មានវិធានការ ដើម្បីការពារដែរ ធ្វើម៉េចកុំឲ្យឆ្លងដល់អ្នកកំពុងជាប់ឃុំ។ កាលណា ឆ្លងដល់អ្នកជាប់ឃុំ វាអាចមានបញ្ហាស្មុគស្មាញច្រើន»។
 
ចំណែកអង្គការសង្គមស៊ីវិលកម្ពុជា និងអង្គការអន្តរជាតិនានា ដូចជា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) និង អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជាដើម ក៏ធ្លាប់បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកខ្ពស់ក្នុងការការពារអ្នកជាប់ឃុំពីជំងឺកូវីដ-១៩ដែរ។ ភាពចង្អៀតណែនក្នុងពន្ធនាគារកម្ពុជា គឺជាក្តីបារម្ភខ្លាំងរបស់អង្គការជាតិ-អន្តរជាតិ ព្រោះភាពចង្អៀតណែននេះ បង្កភាពងាយស្រួលក្នុងការចម្លងជំងឺកូវីដ-១៩ដល់អ្នកជាប់ឃុំ។  
 
អង្គការសហប្រជាជាតិ ផ្សាយលើគេហទំព័ររបស់ខ្លួន កាលពីដើមខែមីនា ឆ្នាំ២០២១ថា មានអ្នកទោសជាង៥,២ម៉ឺននាក់ ក្នុងប្រទេស១២២ ដែលឆ្លងជំងឺកូវីដ-១៩ ហើយក្នុងចំណោមអ្នកទោសជាង៥,២ម៉ឺននាក់នោះ មានជាង៣,៨ពាន់នាក់ ក្នុងប្រទេស៤៧ ដែលស្លាប់ដោយសារជំងឺនេះ។ 
 
អង្គការសហប្រជាជាតិ បង្ហាញថា បញ្ហាធំមួយរបស់ពន្ធនាគារ គឺភាពចង្អៀតណែន ដូច្នេះហើយ ទើបប្រទេសជាច្រើន ព្យាយាមរកវិធីទប់ស្កាត់កុំឲ្យចំនួនអ្នកជាប់ឃុំ មានការកើនឡើង ដូចជា ការព្យួរទោស ចំពោះអ្នកប្រព្រឹត្តបទល្មើសមិនសូវធ្ងន់ធ្ងរ ការដោះលែងអ្នកទោស ដែលបានអនុវត្តទោសជិតចប់ និង ការដោះលែងអ្នកទោស ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ជាដើម។ 
 
បើតាមតួលេខពីអង្គការសហប្រជាជាតិ មានអ្នកទោសជាង៧ម៉ឺននាក់ហើយ នៅតាមប្រទេសនានា ដែលត្រូវបានដោះលែង ក្នុងអំឡុងពិភពលោក កំពុងប្រឈមនឹងជំងឺកូវីដ-១៩៕ 
  
 
 
 

Tag:
 COVID-19
  អ្នកជាប់ឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com