ជាតិ
អាជ្ញាធរបាត់ដំបងសម្រេចបិទខ្ទប់ផ្ទះ ៥ខ្នង ដែលជាប់ផ្ទះបុរសវិជ្ជមានកូវីដ-១៩ម្នាក់ ពីភ្នំពេញ
11, May 2021 , 7:59 pm        
រូបភាព
ក្រុមគ្រូពេទ្យកំពុងយកសំណាកពលករមកពីប្រទេសថៃ (រូបភាពពី មន្ទីរសុខាភិបាលខេត្តបាត់ដំបង)
ក្រុមគ្រូពេទ្យកំពុងយកសំណាកពលករមកពីប្រទេសថៃ (រូបភាពពី មន្ទីរសុខាភិបាលខេត្តបាត់ដំបង)
ដោយ:
អាជ្ញាធរបាត់ដំបងសម្រេចបិទខ្ទប់ផ្ទះ ៥ខ្នង នៅភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ  ដែលជាប់ផ្ទះបុរសវិជ្ជមានកូវីដ-១៩ម្នាក់ ដែលបានធ្វើដំណើរពីភ្នំពេញទៅ។ នេះបើតាមរដ្ឋបាលខេត្ត។
 
រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា បុរសមានអាយុ ៣៣ឆ្នាំ ដែលទៅពីភ្នំពេញនោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ។ ក្រោយរកឃើញនោះ រដ្ឋបាលខេត្ត ក៏សម្រេចបិទខ្ទប់ផ្ទះ៥ខ្នង ដោយសារសង្ស័យអាចមានករណីពាក់ព័ន្ធជាមួយបុរសរូបនេះ។
 
ក្រៅពីបុរសរូបនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏រកឃើញពលករមកពីថៃ ៨រូបផ្សេងទៀត វិជ្ជមានកូវីដ-១៩ដែរ។ រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា អត្តសញ្ញាណមនុស្សប្រុស-ស្រី ៨នាក់ ទាំងនោះ រួមមានស្រ្តីឈ្មោះ កែត សុភណ្ឌ អាយុ ២៩ឆ្នាំ និង កែត សុភី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
 
បុរសឈ្មោះ ចេង រ៉ា អាយុ ៥១ឆ្នាំ មានទីលំនៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ បុរសឈ្មោះ ឈឹម ផាន អាយុ ៣៦ឆ្នាំ ,ឈ្មោះ ភួន ប្រ៉ក់ អាយុ ៤០ឆ្នាំ និង ភួន បញ្ញា អាយុ ២៦ឆ្នាំ មានទីលំនៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ 
 
បុរសឈ្មោះ វុទ្ធី សំណាង អាយុ ១៦ឆ្នាំ និងស្រ្តីឈ្មោះ យ៉ាន ជីមួយ អាយុ ១៦ឆ្នាំ មានទីលំនៅភូមិស្ថាបពរ២ ឃុំអំពិលប្រាំដើម ស្រុកបរវេល ខេត្តបាត់ដំបង។
 
បច្ចុប្បន្នខេត្តបាត់ដំបង មានអ្នកឆ្លងចំនួន ៥៧នាក់ ក្នុងនោះអ្នកជាសះស្បើយ ២៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាល មាន ២៨នាក់។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែឧសភា ។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ជាង២ម៉ឺននាក់។ ក្នុងនោះអ្នកជាសះស្បើយសរុប ៨,១៧០នាក់ ខណៈអ្នកស្លាប់កើនដល់ ១៣១នាក់៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com