ជាតិ
លោក សុខ ទូច៖ ករណីលួចដឹកឈើប្រណិតចេញពីឧទ្យានឫស្សីត្រឹបមានជិត២០លើកហើយ
11, May 2021 , 8:59 pm        
រូបភាព
ដោយ:
ក្រុមល្បាតព្រៃនៃឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅថ្ងៃទី១០ និងទី១១ ខែឧសភា ចាប់បានគោយន្តចំនួន ៤គ្រឿង ដែលលួចដឹក ចេញពីឧទ្យានឫស្សីត្រឹប ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ។ ឈើទាំងនោះសុទ្ធសឹងជាប្រភេទឈើប្រណិត ។
 
លើកនេះ មិនមែនជាលើកទីមួយនោះទេ ក្នុងការចាប់អ្នកដែលលួចដឹកឈើចេញពីឧទ្យានឫស្សីត្រឹប។  លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា នេះអាចជាលើកទី២០ហើយ។ ដូច្នេះលោកនឹងមិនប្រគល់សម្ភារវិញនោះទេ។ កាលពីមុន លោកបានប្រគល់ឈើទាំងនោះឲ្យស្ថាប័នពាក់ព័ន្ធ តែមិនជោគជ័យ ព្រោះក្រោយពីពិន័យពួកគេក៏ប្រព្រឹត្តទៀត។ 


គោយន្តលួចដឹកឈើចេញពីឧទ្យានឫស្សីត្រឹប 
 
«ឥលូវយើងចាប់បានឃាត់ទុកគោយន្តទុក ហើយឃើញថាការបំពានមានការថយចុះច្រើន។ សម្ភារយើងទុក ចំណែកមនុស្សយើងគ្មានសិទ្ធិឃាត់នោះទេ ព្រោះមិនមែនជានគរបាលយុត្តិធម៌។ ឈើទាំងនោះ មានប្រភេទឈើក្រម និងកកោះ ប្រមាណ ៣ម៉ែត្រគីប»។ នេះជាការបញ្ជាក់របស់លោក សុខ ទូច ប្រាប់សារព័ត៌មានថ្មីៗ២៥ ដោយបន្ថែមថា ការការពារព្រៃឈើអាចជាការប្រឈមនឹងគ្រោះថ្នាក់ផ្សេង។ ប៉ុន្តែបើបណ្ដោយឲ្យជនទាំងនោះ ឆ្លៀតឱកាសបាន ព្រៃឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប អាចនឹងបាត់បង់។
 
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានសក្ដានុពលលើ បរិស្ថាន ធម្មជាតិ និងទេសចរណ៍។ ឧទ្យានឫស្សីត្រឹប គ្របដណ្តប់ដោយព្រៃឈើ ទំហំ ១១,៤៣៥ គីឡូម៉ែត្រក្រឡា មានសត្វព្រៃ និងជីវចម្រុះជាច្រើនប្រភេទ៕
 
 


រូបភាពពីហ្វេសប៊ុកលោក សុខ ទូច

© រក្សាសិទ្ធិដោយ thmeythmey.com