អន្តរជាតិ
សហរដ្ឋអាមេរិកស្វាគមន៍ការប្រកាសរបស់ក្រុមតាលីបង់អំពីការផ្អាកការប្រយុទ្ធក្នុងអំឡុងបុណ្យ Eid-al-Fitr នៅអាហ្វហ្កានីស្ថាន 11, May 2021 , 10:59 pm
ស្ត្រីម្នាក់ដើរជាមួយក្មេងស្រីកាត់របងសាលារៀនដែលរងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១។
× ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន — កាលពីថ្ងៃចន្ទម្សិលមិញ សហរដ្ឋអាមេរិកបានស្វាគមន៍ការប្រកាសរបស់ក្រុមតាលីបង់ (Taliban) អំពីការផ្អាកការវាយប្រយុទ្ធគ្នានៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន ក្នុងអំឡុងពេលពិធីបុណ្យ Eid-al-Fitr នៅក្នុងសប្តាហ៍នេះ និងបានបញ្ជាក់ឡើងវិញអំពីការអំពាវនាវរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឲ្យថ្នាក់ដឹកនាំក្រុមតាលីបង់និងថ្នាក់ដឹកនាំអាហ្វហ្កានីស្ថានចរចាគ្នាបញ្ចប់ «អំពើហិង្សាដែលមិនសមហេតុផល» នេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា សហរដ្ឋអាមេរិកក៏ប្រឆាំងផងដែរចំពោះការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅសាលារៀនកុមារីមួយកន្លែង ក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន។
លោក Price បាននិយាយថា៖ «ទោះបីជានៅមិនទាន់ច្បាស់ខ្លាំងក៏ដោយ ក៏មានសញ្ញាខ្លះបង្ហាញថា ការបំផ្ទុះគ្រាប់បែកកាលពីចុងសប្តាហ៍កន្លងទៅនេះអាចជាសកម្មភាពរបស់ក្រុមអាយស៊ីស (ISIS) មិនមែនក្រុមតាលីបង់នោះទេ»។
លោកបានបន្ថែមថា៖ «យើងនៅកំពុងពិនិត្យមើលថា តើនរណាជាអ្នកទទួលខុសត្រូវ ប៉ុន្តែខ្ញុំអាចនិយាយថា ក្រុមអាយស៊ីសមានការទទួលខុសត្រូវចំពោះការវាយប្រហារស្រដៀងគ្នានេះលើសហគមន៍ Shia នៅក្នុងរដ្ឋធានីកាប៊ុលកន្លងមក»។
ការវាយប្រហារនេះបានកើតឡើងនៅក្នុងតំបន់រស់នៅ Dasht-e-Barchi របស់ជាតិសាសន៍ភាគតិចហាហ្សារ៉ា (Hazara) កាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត (Shiite) នៅក្នុងទីក្រុងកាប៊ុល។ នៅទីនោះ កន្លងមក ក្រុមរដ្ឋឥស្លាម (Islamic State) បានធ្វើការវាយប្រហារម្តងហើយម្តងទៀតទៅលើសាលារៀន មន្ទីរពេទ្យ និងកន្លែងគោរពបូជាសាសនាឥស្លាមនិកាយស៊ីអ៊ីត៕
© រក្សាសិទ្ធិដោយ thmeythmey.com