ជាតិ
ស្មារតីការពារជនរងគ្រោះ ត្រូវតែជាចលនារួមដោយមិនចំពោះ!
12, May 2021 , 8:19 pm        
រូបភាព
រូបភាពពី​ Medium
រូបភាពពី​ Medium
«បញ្ឈប់ហិង្សាប្រឆាំងស្ត្រីភេទ»
«យុត្តិធម៌សម្រាប់ស្ត្រី»
«យុត្តិធម៌សម្រាប់ Yubi»
 
ទាំងអស់នេះជាសារប្រកូកប្រកាសដែលអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាជាច្រើនរួមទាំងបុគ្គលសាធារណៈដែលមានឥទ្ធិពលជាច្រើននាក់ផងបន្តចែកចាយភ្ជាប់មួយសំណេរបន្ថែមខ្លីៗផង ក្នុងគោលបំណងជំរុញឲ្យមានការចូលរួមស្វែងរកយុត្តិធម៌ជូនជនរងគ្រោះក្នុងករណីប៉ុនប៉ងរំលោភសេពសន្ថវៈដែលត្រូវបានគេស្គាល់ថា ជាពិធីការិនីបម្រើការនៅស្ថានីយ៍ទូរទស្សន៍ My TV។ 

ថ្វីបើរឿងរ៉ាវនេះមិនទាន់ត្រូវបានកាត់សេចក្តី និងស៊ើបអង្កេតដឹងច្បាស់លាស់ក្តី ការចាប់ឃុំ និងចោទប្រកាន់តាមផ្លូវច្បាប់ប្រឆាំងនឹង​ក្មេងស្រីរូបនេះក្នុងសំណុំរឿងលួចទូរសព្ទ និងប៉ងចាក់សម្លាប់តាមបណ្តឹងឧកញ៉ាយ៉ាងរហ័ស​និងមិនបង្អែរបង្អង់នោះរឹតតែធ្វើឲ្យសាធារណៈជនទូទៅកាន់តែសង្ស័យ និងមិនពេញចិត្តកាន់តែខ្លាំងទៀត។ 
 
សាធារណជនភាគច្រើនសង្ឃឹមថា សំឡេង​និងមតិរបស់ខ្លួនតាមបណ្តាញសង្គមនៅពេលនេះនឹងអាចក្លាយជាស្នូរជួងជំរុញបន្ថែមឲ្យមានការស្រាវជ្រាវស្វែងរកយុត្តិធម៌ពិតប្រាកដមួយ ទោះជាសំណុំរឿងនោះពាក់ព័ន្ធនឹងបុគ្គលដែលមានអំណាច និងធនធានក៏ដោយចុះ។ 
 
 ជាធម្មតា នៅពេលមានមនុស្សណាម្នាក់រំលោភបំពានច្បាប់ ទោះជាមានអំណាចឬធនធានច្រើនបែបណាក៏ដោយ អ្វីដែលយើងគ្រប់គ្នាចង់ឃើញគឺ ជននោះត្រូវទទួលទោសតាមការកម្រិតនៃច្បាប់ដែលមានជាធរមាន។ អ្វីដែលគ្រប់គ្នានមិនចង់ឃើញនោះ គឺជនរងគ្រោះស្លូតត្រង់ និងទន់ខ្សោយបែរជាត្រូវបន្តរងទុក្ខទោស និងក្លាយជាជនរងគ្រោះដែលគ្មានឱកាសទទួលបានយុត្តិធម៌ពិតប្រាកដទៅវិញ ។
 
ជាការពិត លុយកាក់ និងអំណាចប្រហែលជារបស់ដែលមនុស្សផងទាំងពួងប្រាថ្នាចង់បាន ប៉ុន្តែសង្គមដ៏ល្អមួយ លុយកាក់ឬអំណាចនោះមិនអាចយកមកបិទបាំងទង្វើអាក្រក់ស្មោកគ្រោក របស់មនុស្ស និងការពារមនុស្សប្រព្រឹត្តខុសច្បាប់បានឡើយ។ ដរាបណា យុត្តិធម៌ពិត មួយ សម្រាប់ជនរងគ្រោះនៅតែមិនទាន់មាន ឬយុត្តិធម៌មានដោយអន្លើៗនោះ វាមិនមែនជាសង្គមមួយដែលយើងគ្រប់គ្នាប្រាថ្នាចង់បានទេ។
 
ម្យ៉ាងវិញទៀត ចរន្តមហាជនថ្មីយ៉ាងផុសផុលនេះ បង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនយើងយល់ដឹងពីអំណាច និងលទ្ធភាពរបស់ខ្លួនក្នុងការចូលរួមចំណែកកែប្រែចំណុចខ្វះខាត និងជំរុញការធានាយុត្តិធម៌ពិតមួយក្នុងសង្គមសង្គម។ 
 
បណ្តាញសង្គមឯណោះទៀត ក៏នៅតែមានឥទ្ធិពល និងជាយន្តការមានប្រសិទ្ធភាពមួយដើម្បីជំរុញការដោះស្រាយបញ្ហាធំៗជាពិសេសបញ្ហាអសកម្ម ទង្វើអសីលធម៌ និងបំពានច្បាប់ដែលកើតមានឡើងនៅក្នុងសង្គមខ្មែរបច្ចុប្បន្នដែរ។
 
យ៉ាងណាមិញ ខណៈដែលបណ្តាញសង្គមត្រូវបានប្រើប្រាស់កាន់តែញឹកញាប់ក្នុងបុព្វហេតុស្វែងរកយុត្តិធម៌ ដល់ជនរងគ្រោះ វាជារឿងចាំបាច់ណាស់ដែលយើងម្នាក់ជាពលរដ្ឋដែលឈឺឆ្អាលនឹងយុត្តិធម៌សង្គមត្រូវស្វែងយល់ឲ្យដឹងច្បាស់ពីហេតុផល និងគោលបំណងនៃការរៀបចំនេះដូចគ្នា។ នេះក៏ដោយសារ ការយល់ដឹងនេះហើយជួយឲ្យយើងអាចចូលរួមបានដោយត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាពថែមទៀត។ 
 
យុត្តិធម៌ត្រូវមានចំពោះមនុស្សគ្រប់គ្នាដែលជាជនរងគ្រោះ
 
ស្របពេលដែលពាក្យថា «នីតិរដ្ឋ»ត្រូវបានគេលើកយកមកនិយាយជាញឹកញាប់ ហើយគ្រប់គ្នាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ បញ្ហានិទណ្ឌភាពដែលជនល្មើសគេចពីសំណាញ់ច្បាប់ និងការប្រើប្រាស់អំណាចទឹកលុយដើម្បីផ្អឹបយុត្តិធម៌ទុកមួយឡែក មិនត្រូវកើតមានឡើងឡើយ។ 
 
បើសិនជាយុត្តិធម៌ត្រូវបានបែងចែក ហើយគោលការណ៍ស្មើគ្នាចំពោះមុខច្បាប់នៅតែមិនត្រូវបានអនុវត្តត្រឹមត្រូវទេ វានឹងបន្តធ្វើជាឧបសគ្គដ៏ធំក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌សង្គមយើងដូចគ្នា។ ពេលនោះហើយ មនុស្សគ្រប់គ្នាជាពិសេសអ្នកមានលុយ មានអំណាច មានយសស័ក្តិ ប្រាកដជាចិញ្ចឹមចិត្តបន្តប្រព្រឹត្តខុស និងមិនរាងចាលឡើយ ដ្បិតខ្លួននៅតែអាចរួចផុតពីសំណាញ់ច្បាប់ដដែលនៅចុងក្រោយ។
 
ដូច្នេះហើយ ខ្លូនខ្ញុំផ្ទាល់ សង្ឃឹមយ៉ាងមុតមាំថា ស្មារតីការចូលរួមឈឺឆ្អាលពីមហាជនដូចក្នុងករណី  Yubi នៅពេលនេះ នឹងនៅបន្តទៅមុខមិនចំពោះ និងជួយជំរុញបន្ថែមដល់ការផ្តល់យុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះផ្សេងទៀតដែលជួបបញ្ហាស្រដៀងគ្នា។ 
 
ការបន្តសកម្មភាពរួមគ្នានេះ នឹងមានចំណែកសំខាន់ណាស់ក្នុងការឈានទៅបញ្ចប់វប្បធម៌និទណ្ឌភាពក្នុងសង្គម, ជំរុញឲ្យមានការអនុវត្តគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់ និងធានាយុត្តិធម៌សង្គមបានត្រឹមត្រូវផងដែរ។ ម្យ៉ាងវិញ វាក៏ជាកម្លាំងចិត្តដ៏ធំសម្បើមមួយសម្រាប់ជនរងគ្រោះឯទៀតហ៊ានទម្លាយពីបញ្ហាដែលខ្លួនជួប និងតតាំងរកយុត្តិធម៌ដើម្បីខ្លួនឯង។
 
ត្រង់ចំណុចនេះ ខ្ញុំចង់សង្កត់ធ្ងន់ថា មនុស្សគ្រប់គ្នាទោះមាន ទោះក្រ ទោះស្រី ឬប្រុស ក្មេងឬចាស់ឲ្យតែជាជនរងគ្រោះដោយសាររឿងអយុត្តិធម៌សង្គមគឺ សក្តិសមនឹងទទួលបានយុត្តិធម៌ពិតប្រាកដដូចគ្នា។ ម្យ៉ាង ច្បាប់ដែលមានជាធរមាននោះ ក៏រឹតតែមិនគួរត្រូវបានប្រើប្រាស់ដើម្បីសង្កត់សង្កិនមនុស្សទាំងឡាយណាដែលមានទន់ខ្សោយដែរ។ ផ្ទុយទៅវិញ រាល់បុគ្គលទាំងឡាយណាដែលបំពានច្បាប់, បង្កើតបញ្ហា ឬបំផ្លិច បំផ្លាញសង្គមឯណោះវិញទេ ដែលស័ក្តិសមនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
 
សរុបមក ទង្វើឈឺឆ្អាលជួយរកយុត្តិធម៌ និងស្មារតីចូលរួមការពារជនរងគ្រោះ គឺជាចំណុចដ៏ល្អមួយសម្រាប់សង្គមកម្ពុជាយើងនាពេលបច្ចុប្បន្ន។  នេះក៏ដោយសារ ការព្រងើយកន្តើយ មិនចេះឱបក្រសោប យិតយោង និងពួតដៃគ្នាក្នុងពេលជួបទុក្ខលំបាក ប្រៀបបាននឹងការអនុញ្ញាតឲ្យទង្វើអសីលធម៌ ទង្វើខុសច្បាប់ និងរឿងមិនគប្បីជាច្រើនទៀតបន្តចាក់ស្រេះក្នុងសង្គមយើងដូចគ្នា។ ម្យ៉ាងវិញទៀត អ្វីដែលរឹតតែសំខាន់បំផុតនោះគឺ លទ្ធភាពដែលអាចធានាបានថា យុត្តិធម៌ត្រូវតែមានចំពោះរាល់មនុស្សគ្រប់គ្នាដែលរងគ្រោះពិតប្រាកដ៕ 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com