COVID-19
ជាតិ
ខេត្តកំពង់ស្ពឺ មានអ្នកសះស្បើយពីកូវីដ-១៩ ចំនួន៩នាក់ នៅថ្ងៃទី១៣ ឧសភានេះ
13, May 2021 , 12:09 pm        
រូបភាព
ខេត្តកំពង់ស្ពឺ មានអ្នកសះស្បើយពីជំងឺកូវីដ-១៩ សរុប៩នាក់នៅថ្ងៃទី១៣ឧសភានេះ ក្នុងនោះមានទារក១នាក់ និងកុមារម្នាក់ផង។ ទន្ទឹមនឹងការប្រកាសពីអ្នកសះស្បើយ កាលពីថ្ងៃទី១២ ឧសភា ខេត្តនេះ ក៏បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មី៥នាក់បន្ថែមទៀតដែរ ដែលធ្វើឱ្យកំពុងបន្តសម្រាកព្យាបាល មានជាង ១២០នាក់។
 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឹ បានប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ចំនួន៩នាក់បានជាសះស្បើយ នៅថ្ងៃទី១៣ឧសភានេះ ក្នុងនោះមានទារិកាអាយុ១ឆ្នាំម្នាក់ និងកុមារីវ័យ ៧ឆ្នាំម្នាក់ ដែលរស់នៅឃុំជង្រុក ស្រុកគងពិសី។  
 
មនុស្ស៧នាក់ផ្សេងទៀត ជាបុរសវ័យ ៤៦ឆ្នាំ រស់នៅឃុំក្រាំងចេក ស្រុកឧត្តុង្គ។ បុរសវ័យ ២២ឆ្នាំ រស់នៅឃុំអមលាំង ស្រុកថ្ពង។ ស្ត្រី៣នាក់ ដោយមានវ័យ៣០ឆ្នាំ, វ័យ៣៥ឆ្នាំ និងវ័យ៣៧ឆ្នាំ  រស់នៅឃុំសែនដី ស្រុកសំរោងទង។  ស្ត្រីវ័យ ៣២ឆ្នាំ រស់នៅឃុំរលាំងគ្រើល ស្រុកសំរោងទង និងស្ត្រីវ័យ ៣០ឆ្នាំរស់នៅឃុំជាំសង្កែ  ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ តាមលោកអភិបាល អ្នកជំងឺទាំង៩នាក់នេះត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ 
 
តាមលោក វ៉ី សំណាង អ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ នៅមានជាង ១២០នាក់ទៀត ដែលកំពុងបន្តសម្រាកព្យាបាល។
 
ក្រៅពីប្រកាសពីករណីសះស្បើយ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានរកឃើញមនុស្សចំនួន៥នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១២ ឧសភា។ ក្នុងចំណោមអ្នកវិជ្ជមានថ្មី៥នាក់នេះ ម្នាក់ជាពលករពីប្រទេសថៃ , ម្នាក់ជាអ្នកធ្វើការនៅភ្នំពេញ, ម្នាក់ជាកម្មកររោងចក្រ និង២នាក់ទៀតជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ 
 
រដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ជាក់ទៀតថា ពលករខ្មែរមកពីប្រទេសថៃ ដែលវិជ្ជមានកូវីដ-១៩ នោះជាបុរសវ័យ១៨ រស់នៅភូមិព្រៃឥដ្ឋ ឃុំពោធិអង្ក្រង ស្រុកបសេដ្ឋ។ ចំណែកអ្នកទើបត្រឡប់ពីភ្នំពេញ ហើយវិជ្ជមានកូវីដ-១៩នោះ គឺជាបុរសវ័យ៣៣ឆ្នាំ រស់នៅភូមិស្វាយចចឹប ឃុំស្វាយចចឹប ស្រុកបសេដ្ឋ។ មនុស្ស៣នាក់ផ្សេងទៀត មានស្ត្រីវ័យ ៣៥ឆ្នាំជាកម្មកររោងចក្រមួយកន្លែងក្នុងស្រុកសំរោងទង។ ស្ត្រីរូបនេះ មានអាសយដ្ឋាននៅភូមិពង្រ ឃុំតាំងស្យា ស្រុកភ្នំស្រួច។ 
 
ចំណែកមនុស្ស២នាក់ទៀត ជាពលរដ្ឋរស់នៅមូលដ្ឋាន ដែលជាស្ត្រីវ័យ២០ឆ្នាំរស់នៅភូមិអង្គ ឃុំក្រាំងចេក ស្រុកឧត្តុង្គ និងបុរសវ័យ ៤៣ឆ្នាំរស់នៅភូមិអូរក្រសារ ឃុំវាលពន់ ស្រុកថ្ពង។
 
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានសម្រេចបិទខ្ទប់ផ្នែកខ្លះ នៃភូមិពង្រ និងផ្នែកខ្លះនៃភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រយៈពេល២សប្តាហ៍ផងដែរ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ ការបិទខ្ទប់នេះ ចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៦ខែឧសភា៕
 
 

Tag:
 កំពង់ស្ពឺ
 វ៉ី សំណាង
 សះស្បើយ
 ទារក
 កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com