COVID-19
ជាតិ
កូវីដ-១៩៖ កំពង់ចាម១៣នាក់, កំពង់ធំ៧នាក់, បាត់ដំបង៤នាក់ ច្រើនជាកម្មករនិងអ្នកពីភ្នំពេញ
13, May 2021 , 1:18 pm        
រូបភាព
រូបភាពពី ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
រូបភាពពី ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
ដោយ:
រដ្ឋបាលខេត្តកំពង់ចាម កំពង់ធំ និងបាត់ដំបង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មីជាងរៀងរាល់ថ្ងៃ ដែលភាគច្រើនជាពលរដ្ឋដែលទើបធ្វើដំណើរពីរាជធានីភ្នំពេញ កម្មកររោងចក្រ និងជាពលករពីប្រទេសថៃ។ កាលពីថ្ងៃទី ១២ ឧសភា ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់បន្ថែម ខណៈកំពង់ធំមាន៧នាក់ ឯបាត់ដំបងមាន៤នាក់បន្ថែមដែរ ដែលសុទ្ធពលករពីប្រទេសថៃ។
 
រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញពលរដ្ឋចំនួន១៣នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ដែលក្នុងនោះទាំងកម្មករ និងពលរដ្ឋរស់នៅស្រុកកងមាស បាធាយ និងស្រីសន្ធរ ព្រមទាំងមានពលរដ្ឋរស់នៅស្រុកពញាក្រែក មេមត់ និងក្រុងសួង នៃខេត្តត្បូងឃ្មុំផងដែរ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងចំណោមពលរដ្ឋទាំង១៣នាក់នេះ មាន៧នាក់ជាស្ត្រី និង៦នាក់ជាបុរស។
 
ខេត្តកំពង់ធំ ក៏បន្តបានរកឃើញមនុស្ស៧នាក់ទៀត មានវិជ្ជមានកូវីដ-១៩ដែរ ដែលភាគច្រើនអ្នកធ្វើដំណើរ ទៅពីរាជធានីភ្នំពេញ។ បើតាមរដ្ឋបាលខេត្តកំពង់ធំ មនុស្សទាំង៧នាក់ មានអសយដ្ឋាននៅស្រុកកំពង់ស្វាយ៤នាក់ ស្រុកតាំងគោក២នាក់ និងស្រុកស្ទោង១នាក់។ រដ្ឋបាលខេត្តកំពង់ធំ អំពាវនាវឲ្យអ្នកដែលបានពាក់ព័ន្ធ មនុស្ស៧នាក់ខាងលើ រួសរាន់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ។
 
ដោយឡែកខេត្តបាត់ដំបង នៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤នាក់បន្ថែម នៅថ្ងៃទី១២ ខែឧសភា លើពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ។ ពលករ ៣នាក់មានអាសយដ្ឋាននៅស្រុកបរវេល និងម្នាក់នៅស្រុកសំពៅលូន។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង ដែលបានឱ្យទៀតថា ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន៧១នាក់ អ្នកជាសះស្បើយចំនួន ២៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលចំនួន ៤២នាក់។
ត្រឹមថ្ងៃទី១២ ឧសភា កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ២១១៤១នាក់ ដោយករណីនាំចូលមាន៦០៦ករណី។ ចំណែកអ្នកជាសះស្បើយ៩៥១៩នាក់ ខណៈអ្នកស្លាប់មាន ១៤២នាក់៕
 
 
 
 

Tag:
 កំពង់ចាម
 កំពង់ធំ
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com