ជាតិ
ក្រោយផ្ទុះកូវីដ-១៩នៅពន្ធនាគារ អ្នកជាប់ឃុំ១៤៦នាក់នៅព្រះសីហនុ ត្រូវផ្ទេរទៅពន្ធនាគារកំពតវិញ
13, May 2021 , 6:01 pm        
រូបភាព
រូបភាពពីអគ្គនាយក_ដ្ឋាន_ពន្ធ_នាគារ_នៃ_ក្រសួង_មហាផ្ទៃ
រូបភាពពីអគ្គនាយក_ដ្ឋាន_ពន្ធ_នាគារ_នៃ_ក្រសួង_មហាផ្ទៃ
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាលដាល់កូវីដ-១៩ ក្នុងពន្ធនាគារខេត្តព្រះសីហនុ និងសុវត្ថិភាពដល់អ្នកជាប់ឃុំទាំងអស់ អាជ្ញាធរសម្រេចផ្ទេរអ្នកជាប់ឃុំជាស្រី្ត១៤៦នាក់ ទៅពន្ធនាគារខេត្តកំពតបណ្ដោះអាសន្ន។ នេះបើតាមលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។


លោក នុត សវនា បានបញ្ជាក់ថា ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ជាង៣០នាក់ ក្នុងពន្ធនាគារខេត្តព្រះសីហនុ អង្គភាពពន្ធនាគារ បានដាក់ចេញវិធានការបន្តបន្ទាប់ ដើម្បីទប់ស្កាត់នឹងកូវីដ-១៩។ លោកអះអាងថា ក្រុមជំនាញក៏បានបែងចែកឲ្យអ្នកជាប់ឃុំនៅដោយឡែកពីគ្នា ពិសេសជនងាយរងគ្រោះ ដូចទណ្ឌិតចាស់ជរា និងស្រី្តជាដើម។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី១៣ ឧសភា លោក សវនា ថ្លែងយ៉ាងដូច្នេះថា៖ «យើងផ្ទេរអ្នកជាប់ឃុំដែលងាយរងគ្រោះ ដើម្បីកុំឲ្យពួកគាត់មានការព្រួយបារម្ភភ័យខ្លាចឆ្លងកូវីដ-១៩ ដែលក្នុងនោះ យើងយកអគារស្រីៗ ដាក់អ្នកវ័យចាស់ជរា ទើបឲ្យស្រី្តជាប់ក្នុងអគារនោះផ្ទេរទៅកំពតបណ្ដោះអាសន្នសិន»។ នេះបើតាមលោក សវនា ពន្ធនាគារព្រះសីហនុ មានទណ្ឌិតវ័យចាស់ជរា ប្រមាណ១០០នាក់ ។ 
 
ដោយឡែក អ្នកជាប់ឃុំដែលស្រី្តទាំង១៤៦នោះ គឺបានធ្វើតេស្តកូវីដ-១៩រួច ទើបបញ្ជូនទៅ ឃុំនៅអគារថ្មី ដែលទើបសាងសងរួចក្នុងពន្ធនាគារខេត្តកំពត។ អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា ក្រុមការងារអង្គភាពពន្ធនាគារ នឹងចាត់វិធានការតឹងរឹង ដោយមិនឲ្យចល័ត ឬច្របូកច្របល់ ដែលបង្កហានិភ័យដល់ទណ្ឌិត កំពុងជាប់ក្នុងខេត្តកំពតនោះទេ។ 
 
ទណ្ឌិតដែលជាអ្នកជំងឺកូវីដ គឺសម្រាកព្យាបាលក្នុងពន្ធនាគារខេត្តព្រះសីហនុ ក្រោមកិច្ចសហការជាមួយក្រុមគ្រូពេទ្យជំនាញមន្ទីរពេទ្យខេត្ត។ ប៉ុន្តែបើមានករណីអ្នកជំងឺណាមួយ មានសភាពមិនប្រក្រតី ឬបញ្ហាសុខភាពប្រែប្រួលធ្ងន់ធ្ងរ នោះក្រុមការងារនឹងបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ នេះបើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
 
រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧០នាក់ទៀត នៅថ្ងៃទី១៣ ឧសភា ជាកម្មកររោងចក្រ និងសាច់ញាតិរបស់កម្មករ ហើយសុទ្ធតែជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ៕ 
 
អត្ថបទទាក់ទង
 

Tag:
 ព្រះសីហនុ
  ពន្ធនាគារ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com