COVID-19
ជាតិ
កូវីដ-១៩៖ ស្វាយរៀង១៤នាក់, ត្បូងឃ្មុំ៤នាក់, រតនគិរី២នាក់ នៅថ្ងៃទី១២ឧសភា 13, May 2021 , 9:03 pm
× ភ្នំពេញ៖ ក្រោយបញ្ចប់ការបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ បណ្ដាខេត្តជាច្រើនបានប្រកាស រកឃើញករណីឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់។ រដ្ឋបាលខេត្តនីមួយៗបានបញ្ចេញរបាយការន៍អ្នកឆ្លងសម្រាប់ខេត្តខ្លួន ខណៈក្រសួងសុខាភិបាល ប្រកាសតែតួលេខឆ្លងសរុប ករណីសះស្បើយ និងករណីស្លាប់។ កាលពីថ្ងៃទី១២ ឧសភា រដ្ឋបាលខេត្តស្វាយរៀង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ១៤នាក់ ខណៈខេត្តត្បូងឃ្មុំ រកឃើញចំនួន៤នាក់។ រីឯខេត្តរតនគិរី ក៏បានរកឃើញមនុស្ស២នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ដែរ។
ខេត្តស្វាយរៀង បានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១៤នាក់ នៅថ្ងៃទី១២ ខែឧសភា ដែលភាគច្រើន ជាអ្នកធ្វើដំណើរទៅពីភ្នំពេញ និងមួយចំនួនទើបត្រឡប់ពីប្រទេសថៃ។ បើតាមរដ្ឋបាលខេត្តស្វាយរៀង មនុស្សទាំង១៤នាក់ មាន៥នាក់ ទើបត្រឡប់ពីប្រទេសថៃ ក្រៅពីនោះសុទ្ធជាអ្នកធ្វើដំណើរពីភ្នំពេញ និងក្រុមគ្រួសារ។ រដ្ឋបាលខេត្តអំពាវនាវឲ្យអ្នកដែលធ្លាប់ទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយបុគ្គលទាំងនេះ ប្រញាប់ទៅយកសំណាក និងធ្វើតេស្តរកមេរោគកូវីដ-១៩។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានរកឃើញអ្នកវិជ្ជមាន ៤នាក់ទៀត នៅថ្ងៃទី១២ ខែឧសភា ដែល ២នាក់ជាអ្នកដំណើរទៅពីភ្នំពេញ និង២នាក់ជាករណីឆ្លងក្នុងមូលដ្ឋាន។ បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ មនុស្សទាំង៤នាក់ មានអាសយដ្ឋាននៅស្រុកក្រូចឆ្មារ២នាក់,ស្រុកត្បូងឃ្មុំ១នាក់ និងស្រុកអូររាំងឪ១នាក់។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យអ្នកដែលធ្លាប់ទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយបុគ្គលទាំងនេះ ប្រញាប់ទៅយកសំណាក និងធ្វើតេស្តរកមេរោគកូវីដ-១៩។
ដោយឡែកខេត្តរតនគិរី ជាខេត្តដែលរកឃើញករណីឆ្លងកូវីដ-១៩ក្រោយគេ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែម២នាក់ នៅថ្ងៃទី១២ ខែឧសភា ដែលជាអ្នកធ្វើដំណើរទៅពីរាជធានីភ្នំពេញ។ បើតាមរដ្ឋបាលខេត្តរតនគិរី អ្នកវិជ្ជមានកូវីដ-១៩ ទាំង២ មានអាសយដ្ឋាននៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បានធ្វើដំណើរពីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែឧសភា ហើយនៅព្រឹកថ្ងៃទី១២ ខែឧសភា ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩។
គិតមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២១,១៤១នាក់ អ្នកជាសះស្បើយសរុបចំនួន ៩,៥១៩នាក់ ខណៈអ្នកស្លាប់កើនដល់ ១៤២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com