COVID-19
ជាតិ
អភិបាលខេត្ត​រតនគិរី បិទ​ផ្ទះ​ចំនួន​១០​កន្លែង ក្នុងស្រុក​អូរ​យ៉ា​ដាវ ក្រោយ​មាន​ជាប់​ពាក់ព័ន្ធ​អ្នកជំងឺ​កូ​វីដ​-១៩
13, May 2021 , 9:50 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តរតគិរី
រូបភាព៖ រដ្ឋបាលខេត្តរតគិរី
​នា​យប់​ថ្ងៃទី​១៣​ឧសភា​នេះ លោក ថង សាវុន  អភិបាលខេត្ត​រតនគិរី  បានសម្រេច​បិទ​ការចេញ​-​ចូល​ផ្ទះ​ចំនួន​១០​កន្លែង  នៅក្នុង​ស្រុក​អូ​យ៉ាង​ដាវ ជា​បណ្តោះអាសន្ន  ក្រោយ​មាន​ជំងឺ​កូ​វីដ​-១៩​វ័យ​៣៧​ឆ្នាំ​ម្នាក់ មាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​នៅក្នុង​ផ្ទះ​ទាំង​១០​កន្លែង​នោះ​។ លោក ថង សាវុន បានបញ្ជាក់​នៅក្នុង​សេចក្តី​ព័ត៌មាន​របស់ខ្លួន​ថា  ក្នុងចំណោម​ផ្ទះ​១០​ទីតាំង ដែល​ត្រូវបាន​បិទ​នោះ មាន​៤​ផ្ទះ ស្ថិតនៅ​ភូមិ​ប្លង់ ឃុំ​ប៉ា​តេ និង​៦​ផ្ទះ​ទៀត គឺ​ស្ថិតនៅ​ក្នុងភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។
 
​ផ្ទះ​ទាំង​១០​ខ្នង ដែល​អាជ្ញាធរ​បាន​បិទ​ជា​បណ្តោះអាសន្ន​នោះ ជា​ផ្ទះ​ពលរដ្ឋ ឈ្មោះ ពក  សា​រ៉ែ​ន​, ពេញ សុ​ពី​, គឹម សារុន​, បឿន ឃា​, ផៃ ចន្ទី​, អាន ឌ័​ន​, យឹម ស្រីអូន​, ធី ប៉ូ​យុទ្ធ​, មាស សឿន និង​ផ្ទះ​របស់លោក ហន ជ្រៃ​។  បើតាម​លោក ថង សាវុន ផ្ទះ​របស់​ពលរដ្ឋ​ទាំងនេះ ជាទី​តាំង​ដែលមាន​អ្នក​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ឈ្មោះ បឿន យុក វ័យ​៣៧​ឆ្នាំ ដែល​តេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១១​ឧសភា ឆ្នាំ​២០២១​។​
 
​ការបិទ​ការ​ច​ញ​-​ចូល​ផ្ទះ​ទាំងនេះ ដើម្បី​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល យក​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្តរ​កកូ​វីដ​-១៩​។ ជាមួយនឹង​គ្នា​នេះ លោក​អភិបាលខេត្ត​រតនគិរី បាន​ក៏​អំពាវនាវ​ដល់ ពលរដ្ឋ​ទាំងអស់​ដែល​បាន​ជាប់​ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ត្រូវ​មកជួប​ឬ​ជូនដំណឹង​ដល់​ក្រុមការងារ​មន្ត្រី​សុខាភិបាល​នៃ​មន្ទីរ​សុខាភិបាល ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្ត​កូ​វីដ​-១៩ ជាបន្ទាន់​។ 
 
​ក្នុង​ថ្ងៃ​ជាមួយគ្នានេះ ក្រៅពី​ផ្ទះ​របស់​ពលរដ្ឋ​ចំនួន​១០​ទីតាំង​ខាងលើ ដែល​ត្រូវ​បិទ​នោះ លោក ថង សាវុន ក៏បាន​បិទ​ផ្ទះ ឱសថស្ថាន និង​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ ៣​ទីតាំង​ទៀត នៅក្នុង​ស្រុក​បរ​កែវ ខេត្តរតនគិរី ផងដែរ​។ 
 
​អភិបាល​រតនគិរី បានប្រកាស​រកឃើញ​ក​រ​ណី​វិជ្ជមាន​កូ​វីដ​-១៩ ជា​លើកដំបូង​លើ​បុរស​២​នាក់ កាល​ថ្ងៃទី​១០​ឧសភា​។ រហូតដល់​ថ្ងៃទី​១៣​ឧសភា ឆ្នាំ​២០២១ ខេត្ត​មួយ​នេះ មាន​៥​នាក់​ហើយ ដែល​ឆ្លង​នូវ​ជំងឺ​នេះ​៕ 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com