ជាតិ
ពលរដ្ឋនៅជនបទមួយចំនួន មិនសូវបានត្រៀមខ្លួនទុកជាមុន ដើម្បីទប់ទល់ព្យុះ ឬខ្យល់កន្ត្រាក់
16, May 2021 , 8:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា 
បញ្ហាអាកាសធាតុ ភ្លៀង រន្ទះ និងខ្យល់កន្ត្រាក់ តែងកើតមានច្រើនជាងរដូវប្រាំង។ពលរដ្ឋរស់នៅតាមតំបន់ទំនាប តែងជួបប្រទះ និងប្រឈមខ្លាំង ជាងអ្នកនៅតំបន់ខ្ពង់រាប។ ជុំវិញផ្ទះនៅជនបទសម្បូរទៅដោយដើមឈើ សំណង់មិនរឹងមាំ និងគ្មានប្រព័ន្ធការពាររន្ទះត្រឹមត្រូវជាដើម។ពលរដ្ឋភាគច្រើន មិនបានត្រៀមទប់ទល់នឹងគ្រោះធម្មជាតិនោះទេ។
 
គ្រោះធម្មជាតិ តែងតែកើតមានឡើងជារៀងរាល់ឆ្នាំ តែថា គ្រោះធម្មជាតិប៉ុន្មានឆ្នាំនេះ បង្ករបញ្ហាខ្លាំងជាងមុន និងមានលក្ខណៈធ្ងន់ធ្ងរជាងមុន។ នៅតាមបណ្ដាខេត្ត ខ្យល់កន្ត្រាក់ បណ្ដាលឧ្យខូច និងបែកបាក់ផ្ទះជាច្រើនខ្នង អំឡុងពេលមានព្យុះ។
 
លោក កែវ ស៊ាងហៃ ប្រាប់សារព័ត៌មានថ្មីៗ តាមខ្សែទូរសព្ទ ពីភូមិគោករកា ឃុំដូនបា ថា គ្រួសាររបស់លោកតែងទទួលបានព័ត៌មាន ឬ សេចក្តីជូនដំណឹងអំពីអាកាសធាតុ តាមបណ្ដាញសង្គម។ ប៉ុន្ដែមានពេលខ្លះ ក៏មិនសូវចាប់អារម្មណ៍ និងមិនស្វែងយល់ដឹងពីរបៀបការពារខ្លួនទេ។ លោកបានត្រឹមរង់ចាំ និងដោះស្រាយតាមស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ។


 លោក កែវ ស៊ាងហៃ
 
 
ជាង២០ឆ្នាំមកនេះ ក្នុងភូមិ និងស្រុករបស់លោកកម្រជួបគ្រោះធម្មជាតិធ្ងន់ធ្ងរណាស់ ដូច្នេះបានជាអ្នកភូមិមិនសូវបារម្ភ។តែមិនមែនមានន័យថា មិនបានត្រៀមខ្លួនសោះនោះទេ។ ជាង២ឆ្នាំមុនគ្រួសារលោកបានសង់ផ្ទះមួយបន្ថែមតភ្ជាប់គ្នា (ផ្ទះឈើលើ ភ្ជាប់ថ្មពីក្រោម)  ដើម្បីជួយទប់លំនឹង នឹងរក្សាសុវត្ថិភាពផងដែរ ។
 
«ជាក់ស្ដែង ការពីប៉ុន្មានថ្ងៃមុន យើងបានជួបខ្យល់ខ្លាំងម្តង(ថ្ងៃទី៦ ឧសភា) ជាងពាក់កណ្ដាលជីវិតហើយខ្ញុំ មិនដែលបានឃើញទិដ្ឋភាពបែបនេះទេ។ គម្របឆ្នាំង ស័ង្កសី ដំបូលរោងតូចៗ ត្រូវខ្យល់បក់កួច ប៉ុន្តែសំណាងហើយផ្ទះមិនមានបញ្ហាអ្វី »។ នេះជាការអះអាងរបស់អ្នកស្រុកកោះក្រឡ ខេត្តបាត់ដំបង រូបនេះ ដែលឃើញខ្យល់កន្ត្រាក់ខ្លាំងលើកដំបូង លោកភ័យស្លុតរន្ធត់ រកធ្វើអ្វីក៏មិនត្រូវ មានតែនៅសំងំនៅក្នុងផ្ទះ ដើម្បីរក្សាសុវត្ថិភាព រង់ចាំពេលស្ងប់ប៉ុណ្ណោះ។ 


  លោក ផាន វទ្ធី

នៅប្រទេសកម្ពុជា កម្របានជួបបាតុភូតគ្រោះធម្មជាតិ ធ្ងន់ធ្ងរដូចជាប្រទេសដទៃៗទៀតនៅលើពីភពលោក ទើបពលរដ្ឋភាគច្រើនមិនសូវបានស្វែងរកវិធី និងជំនាញដែលអាចការពារខ្លួននៅពេលមានអាសន្ន។ 
 
លោក ផាន វទ្ធី ជាគ្រូបង្រៀន នៅក្នុងវិទ្យាល័យមួយ នៅខេត្តឧត្តរមានជ័យ បានអះអាងថា សព្វថ្ងៃលោកមិនសូវព្រួយបារម្ភខ្លាំងពីបញ្ហាគ្រោះធម្មជាតិធ្ងន់ធ្ងរទេ ព្រោះមិនដែលជួបស្ថានភាពជាក់ស្ដែង។ ប៉ុន្ដែ លោកសង់ផ្ទះ ដែលរឹងមាំ និងបានណែនាំកូនជារឿយៗ ពីវិធីការពារមួយចំនួន នៅពេលមានភ្លៀង រន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីការពារ។  ជាក់ស្ដែង ពេលឃើញស្ថានភាព អាកាសធាតុមិនប្រក្រតី លោកតែងហាមកូនៗ មិនឱ្យចេញទៅក្រៅផ្ទះ ឬរត់លេងទេ ចៀសវាងជួបគ្រោះថ្នាក់ ក្នុងពេលកំពុងមានធ្លាក់ភ្លៀង ឬខ្យល់ខ្លាំង ។


 
ដ្បិតថា កន្លងមកបុរសវ័យកណ្ដាល រូបនេះធ្លាប់បានណែនាំខ្លះៗក្តី តែនៅមានខ្វះចន្លោះចំណុចមួយចំនួនដែរ។  លោកបន្តថា ចំពោះអាណាព្យាបាល រួមទាំងឪពុកម្ដាយគួរតែពន្យល់ ណែនាំកូនៗ និងក្មេងតូចៗឱ្យបានយល់ខ្លះពីស្ថានភាពអាសន្ន ដើម្បីត្រៀមខ្លួនទុកជាមុនប្រឈមនឹងស្ថានភាពជាក់ស្ដែង ពេលមានហេតុការបន្ទាន់។ 
 
« ខ្ញុំបានត្រឹមប្រាប់ថា ពេលមានភ្លៀងធ្លាក់ខ្លាំងឬលាយជាមួយខ្យល់ពួកគេត្រូវនៅនឹងផ្ទះ ប៉ុន្តែមិនដែលបានពន្យល់ឱ្យស៊ីជម្រៅទៅពួកគេទេ។ ប្រសិនបើជួបគ្រោះថ្នាក់ចៃដន្យដូចជាបាក់ ឬដួសរលំផ្ទះ ឬដើមឈើធំៗ តើពួកគេត្រូវធ្វើយ៉ាងណាដើម្បីជម្លៀសខ្លួនចេញទៅរកកន្លែងសុវត្ថិភាព ដោយមិនចាំបាច់ពឹងឪពុកម្ដាយ »។ នេះជាការណែនាំកូនពីវិធីការពារខ្លួនពេលមានខ្យល់កន្ត្រាក់ របស់លោកវុទ្ធី។


  រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

បុរសវ័យ៣៩ឆ្នាំរូបនេះ ព្រួយបារម្ភពេលមានភ្លៀងនិងផ្គររន្ទះនិងខ្យល់កន្ដ្រាក់។ លោកការពារ និងបារម្ភបំផុត ទាក់ទងនឹងគ្រឿងអេឡិចត្រូនិក
ដែលអាចបង្កជាចរន្តឆ្លង នាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងបានរៀបចំកាត់ដើមឈើចាស់ៗនៅជុំវិញផ្ទះ ដើម្បីគ្រោះថ្នាក់ជាយថាហេតុ។ ក្រៅពីបញ្ហានេះ លោកគិតថា មិនមានអ្វី ដែលមានហានិភ័យខ្លាំងទេ។
 
 មិនខុសគ្នាពីលោក ស៊ាងហៃ និងលោកគ្រូ វុទ្ធី លោកឌី អ្នកខេត្តព្រៃរែង យល់ថា គ្រោះធម្មជាតិយើងមិនអាចដឹង ឬស្មានទុកជាមុនទេហើយលោកក៏មិនបានត្រៀម ដើម្បីការពារទុកមុនដែរ ព្រោះនៅទីនេះមានតែផ្ទះទាបៗមិនមានអ្វីត្រូវខ្លាច ។


 រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

លោកបញ្ជាក់ខ្លីដូច្នេះ៖ «បើផ្ទះរបស់គេខ្ពស់ៗ គេចេះតែខ្លាច ពេលមានភ្លៀង និងខ្យល់កន្ត្រាក់គេបានត្រៀម និងការពារ។ តែសម្រាប់គ្រួសារខ្ញុំ មិនមានអ្វីត្រូវការពារទេ»។យោងតាមក្រសួងធនធានទឹកនិងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ នៅឆ្នាំ២០២១នេះកម្ពុជានឹងរងនូវឥទ្ធិពលពីបាតុភូត Neutral ៦០ភាគរយ, បាតុភូត El Nino ១០ភាគរយ
និង បាតុភូត LaNina ៣០ភាគរយ ចាប់ពីខែឧសភា ដល់ខែ តុលា។ ស្ថានភាពព្យុះនៅឆ្នាំនេះ អាចនឹងមានចំនួនកើនឡើងចន្លោះពី២៨ ទៅ៣០ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
និងអាចមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រ ចិនខាងត្បូង៕


រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ


 រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
 
 

Tag:
 គ្រោះធម្មជាតិ
  ខ្យល់កន្ត្រាក់
  ជនបទ
© រក្សាសិទ្ធិដោយ thmeythmey.com