ជាតិ
សេដ្ឋកិច្ច
វិបត្តិកូវីដ-១៩ ធ្វើឲ្យលោក សុខហេង ផ្អាកចិញ្ចឹមត្រីប្រា ត្រីពោ និងត្រីឆ្ពិន ព្រោះមិនសូវមានទីផ្សារ
16, May 2021 , 9:59 am        
រូបភាព
ដោយ:
 ភ្នំពេញ៖ លោក វណ្ណ សុខហេង អ្នកចិញ្ចឹមត្រីប្រា ត្រីពោ និងត្រីឆ្ពិន នៅខេត្តកណ្ដាលតាំងពីឆ្នាំ២០១៦មក។ វារីវប្បករក្នុងខេត្តកណ្ដាលរូបនេះ សម្រេចផ្អាកចិញ្ចឹមត្រីបណ្ដោះអាសន្ន ដោយសារឈ្មួញឈប់ទិញត្រីច្រើនដូចមុន។
 
ការចិញ្ចឹមត្រី ត្រូវចំណាយពេលយូរខែ។ កសិករម្នាក់ៗ ត្រូវមើលថែ ផ្ដល់ចំណី និងចំណាយលុយច្រើន ក្នុងការចិញ្ចឹមត្រី។ វិបត្តិកូវីដ-១៩ និងលំហូរនៃការនាំត្រីចូលពីខាងក្រៅ មិនមែនជារឿងថ្មីនោះទេ ដែលធ្វើឲ្យអ្នកចិញ្ចឹមត្រីក្នុងស្រុក កើតក្ដីបារម្ភរឿងបញ្ហាទីផ្សារនេះ។
 
ជាទូទៅលោកសុខហេង ត្រូវចំណាយប្រមាណ ៥ម៉ឺនដុល្លារ ក្នុងមួយខែដើម្បីទិញចំណីត្រី ទាំងចំណីសម្រេច និងចំណីផលិតខ្លួនឯង។ លើសពីនោះលោកត្រូវចំណាយប្រាក់ខែ ៣០០ដុល្លារ ក្នុងម្នាក់ សម្រាប់កម្មករ ៤នាក់ ដោយមិនបូកបញ្ចូលថ្លៃម្ហូបអាហារមួយថ្ងៃ ៣ពេលនោះទេ។
 
«ខ្ញុំផ្អាកចិញ្ចឹមត្រីមួយរយៈ ដើម្បីរង់ចាំមើលស្ថានភាពវិស័យនេះឡើងវិញ។ បើមិនមានការយកចិត្តទុកដាក់ ពីក្រសួងទេ ខ្ញុំបន្តផ្អាកដោយទុកស្រះចោល»។ នេះជាការបញ្ជាក់របស់លោក សុខហេង ប្រាប់ថ្មីៗ២៥ តាមទូរសព្ទ។


 
ដំបូងឡើយកសិកររូបនេះ ចិញ្ចឹមត្រីក្នុងបរិមាណតិចតួចទេ។ ២ឆ្នាំក្រោយមក របរនេះបានផលច្រើន លោកសម្រេចពង្រីកការចិញ្ចឹមរបស់ខ្លួនជាបន្តបន្ទាប់។ អ្នកចិញ្ចឹមត្រីវ័យ ៣៧ឆ្នាំរូបនេះរំពឹងថា នៅឆ្នាំ២០២០ ទីផ្សារត្រីនឹងប្រសើរ លោកក៏សម្រេចចិញ្ចឹមត្រីទាំង ៣ប្រភេទ ប្រមាណ ៥០០តោន។
 
វិបត្តិកូវីដ-១៩ បានបំផ្លាញក្ដីសង្ឃឹមរបស់អ្នកស្រុកស្អាងរូបនេះ និងបានធ្វើឲ្យលោកខាតដើមទុនផង។ « សព្វថ្ងៃត្រីខ្ញុំនៅសល់ ៧ស្រះ មានត្រីពោ ២០០តោន និងត្រីឆ្ពិន ៣០តោន។ គិតទៅ ២ឆ្នាំនេះខ្ញុំខាតអស់២៥ម៉ឺនដុល្លារ»។ នេះជាការបញ្ជាក់របស់លោក វណ្ណ សុខហេង។
 
យ៉ាងមិញការសម្រេចចិត្តផ្អាកចិញ្ចឹមត្រី របស់លោក សុខហេង មិនអាចធ្វើបានភ្លាមៗ នោះទេ ដោយរង់ចាំការបញ្ចេញត្រី ដែលនៅសល់ក្នុងស្រះជាមុនសិន។ លោក សុខហេង ថា មិនមែនតែរូបលោកទេដែលចិញ្ចឹមត្រីខាត កសិករផ្សេងក៏ដូចគ្នា។ ហើយលោក សុខហេង យល់ថា ការផ្អាកចិញ្ចឹមត្រី នឹងជួយឲ្យទីផ្សារត្រី ក្នុងស្រុកងើបឡើងវិញ។
 
កន្លងមកលោក សុខហេង ក៏ធ្លាប់បានចូលរួមប្រជុំរកដំណោះស្រាយទីផ្សារកសិកម្ម ជាមួយក្រសួងកសិកម្មដែរ តែក៏មិនឃើញមានដំណោះស្រាយអ្វីដែរ។ យ៉ាងណាលោកនៅតែស្នើឲ្យក្រសួងពាក់ព័ន្ធត្រួតពិនិត្យ និងរឹតបន្តឹង ការនាំត្រីចូលពីខាងក្រៅ និងសិក្សាពីបរិមាណត្រីដែលកសិករផលិតបាន និងតម្រូវការប៉ុន្មានពីខាងក្រៅ ដើម្បីកុំឲ្យកសិករផលិតបានហើយខ្វះទីផ្សារ៕


 ស្រះចិញ្ចឹមត្រីរបស់លោក សុខហេង
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com