COVID-19
ជាតិ
កូវីដ-១៩៖ ព្រះសីហនុមាន៣០នាក់ទៀត ខណៈអាជីវកម្ម៤កន្លែងត្រូវផ្អាកបណ្តោះអាសន្ន
17, May 2021 , 6:59 pm        
រូបភាព
សកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងតំបន់ក្រហម និងលឿងទុំ ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។_
សកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងតំបន់ក្រហម និងលឿងទុំ ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។_
ដោយ៖ ស៊ុល រ៉វី 

កម្មករោងចក្រ អាជីវករនិងក្រុមគ្រួសារ ព្រមទាំងពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ ចំនួន ៣០នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៦ ឧសភា។ ទន្ទឹមនឹងការរកឃើញអ្នកវិជ្ជមានបន្ថែម អាជ្ញាធរខេត្ត ក៏បានសម្រេចផ្អាកទីតាំងអាជីវកម្ម ៤កន្លែងផងដែរ បន្ទាប់ពីពីរកឃើញភ្ញៀវ បុគ្គលិក និងកម្មករ នៅទីតាំងទាំងនេះ វិជ្ជមានកូវីដ-១៩។
 
រដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញមនុស្សចំនួន ៣០នាក់ទៀតវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៦ ឧសភា លើកម្មករោងចក្រ អាជីវករនិងក្រុមគ្រួសារ ព្រមទាំងពលរដ្ឋផងដែរ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងចំណោមអ្នកវិជ្ជមានទាំង៣០នាក់នេះ   មានពលរដ្ឋ ១២នាក់រស់នៅឃុំផ្សេងគ្នានៃស្រុកព្រៃនប់ ដែលរួមមាន ឃុំអណ្តូងថ្ម ឃុំទឹកថ្លា ឃុំសាមគ្គី ឃុំទួលទទឹង និងឃុំព្រៃនប់។ ក្រៅពីនេះ ជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ដែលរួមមាន ពលរដ្ឋ៦នាក់ រស់នៅសង្កាត់លេខ ១, ពលរដ្ឋ៦នាក់រស់នៅសង្កាត់លេខ ៣, ពលរដ្ឋ៥នាក់ រស់នៅសង្កាត់លេខ ៤ និង១នាក់រស់នៅសង្កាត់លេខ២។
 
ក្រៅពីរកឃើញករណីថ្មីបន្ថែម៣០នាក់នេះ រដ្ឋបាលខេត្តក៏បានសម្រេចផ្អាកទីតាំងអាជីវកម្មចំនួន៤កន្លែង ហើយយកទីតាំងនោះធ្វើជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីរកឃើញភ្ញៀវ បុគ្គលិក និងកម្មករ នៅទីតាំងទាំងនេះ វិជ្ជមានកូវីដ-១៩។ ទីតាំងទាំង៤នោះរួមមាន សណ្ឋាគារយៀកឡាយ, ធនាគាររួយលី, កាស៊ីណូអន្តរជាតិវួយនីស៊ឺ នៃចំណុចផ្លូវ ២ធ្នូ និង ផ្សារទំនើបខ្នាតតូច ឡានធានហ្គូជីសានឆឹង ចំណុចផ្លូវឯករាជ្យ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ ទាំងនេះ នឹងត្រូវផ្អាកបណ្ដោះអាសន្ន ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ឧសភាទៅ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ ចំណែកម្ចាស់អាជីវកម្មទាំងនេះ ត្រូវសហការនឹងរដ្ឋបាលខេត្ត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ និងធ្វើតេស្តសំណាក។ 
មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុប ២២,៥៤៤នាក់ ខណៈអ្នកសះស្បើយមាន ១៣,០០៦នាក់ និងស្លាប់ឡើងដល់ ១៥៤នាក់៕
 
 
 
 
 

Tag:
 ThmeyThmey25
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com