ជាតិ
សង្គមជាតិ
ករណីសង្ស័យពុលស្រាស្លាប់នៅស្រុកល្វាឯម ឡើងដល់១១នាក់ហើយ
19, May 2021 , 2:24 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៩ ខែឧសភា អ្នកស្លាប់ដោយសង្ស័យលើករណីពុលស្រាស និងស្រាថ្នាំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ឡើងដល់១១នាក់ហើយ។ នេះបើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។
 
 
លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យពុលស្រានោះ គឺព្រោះតែម្ចាស់សិប្បកម្មផលិតស្រាស និងស្រាថ្នាំ បានដាក់សារធាតុមេតាណុលហួសកម្រិតកំណត់។ លោក គួយ ប៊ុនធឿន បានពន្យល់ថា ការដាក់សារធាតុមេតាណុលហួសកម្រិតកំណត់ គឺងាយធ្វើឲ្យមនុស្សអាចពុលស្លាប់។ 
 
បើតាម លោកប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ហេតុការណ៍នេះបានកើតឡើងក្រោយពីមានពលរដ្ឋនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល បានជុំគ្នាផឹកស្រានៅក្នុងពិធីបុណ្យសពមួយ កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ។ 
 
លោក គួយ ប៊ុនធឿន បានអំពាវនាវដល់ពលរដ្ឋដែលធ្លាប់ទិញស្រានៅតូបស្រា ឬសិប្បកម្មផលិតស្រា ដែលមានសារធាតុមេតាណុលខ្ពស់នោះ ត្រូវយកទៅចាក់ចោល ហើយពលរដ្ឋដែលបានហូបស្រាទាំងនោះ ត្រូវទៅព្យាបាលជាបន្ទាន់ ប្រសិនមានរោគសញ្ញាផ្សេងៗ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជីវិត។ 
 
លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា អាជ្ញាធរបានចុះទៅត្រួតពិនិត្យការផលិតស្រា និងបានដកហូតស្រាហើយ។ លើសពីនេះអាជ្ញាធរ ក៏បានសួរនាំទៅម្ចាស់ផលិតស្រា រួមទាំងបិទកន្លែងផលិត និងលក់ស្រាជាង១០កន្លែង។ 
 
បើតាមលោកស្នងការខេត្តកណ្តាល ករណីពុលស្រានេះ អាជ្ញាធរក៏កំពុងស្រាវជ្រាវ ដើម្បីរកប្រភពពិតប្រាកដជាបន្តទៀត ថាតើករណីនេះពិតជាបណ្តាលមកពីពុលស្រា ឬទាក់ទងនឹងករណីអ្វីផ្សេង៕ 
 
 
 

Tag:
 ស្រា
© រក្សាសិទ្ធិដោយ thmeythmey.com