ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល៖ អ្នកស្លាប់នៅល្វាឯម១២នាក់ សុទ្ធតែដោយសារពុលស្រា មិនមែនកូវីដ-១៩ឡើយ
20, May 2021 , 5:17 pm        
រូបភាព
ដោយ:
ក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែឧសភា បានអះអាងថា មនុស្សចំនួន១២នាក់នៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ពិតជាបានស្លាប់ដោយសារពុលស្រាមែន។ នេះបើតាមក្រសួងសុខាភិបាល ។
 
ក្រោយពីមានករណីស្លាប់នេះក្រសួងសុខាភិបាលយកសំណាកលើអ្នកស្លាប់ទាំងនោះ ទៅធ្វើតេស្ត ដោយលទ្ធផលបង្ហាញថា ពួកគេស្លាប់មិនមែនដោយសារកូវីដ-១៩ឡើយ។ ដូច្នេះក្រសួងសុខាភិបាល ក៏បានប្រមូលសំណាកស្រាស និងស្រាថ្នាំនៅទីតាំងផលិតស្រា ២កន្លែង និងទីតាំងលក់ស្រា២៩កន្លែង យកទៅវិភាគរកឃើ់ញថា ស្រានោះមានសារធាតុមេតាណុលលើសកម្រិតធំជាង០,៥ភាគរយ  ដែលអាចធ្វើឲ្យមនុស្សពុលស្លាប់ ។ 
 
ករណីស្លាប់ដោយសារពុលស្រានេះ កើតឡើងនៅថ្ងៃទី៨ ខែឧសភា ដោយអ្នកស្លាប់មានអាការ ដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ណែនទ្រូង រីកប្រស្រីភ្នែកសន្លឹម។ នេះបើតាមក្រសួងសុខាភិបាល។
 
ក្នុងចំណោមអ្នកស្លាប់ដោយសារពុលស្រាទាំង១២នាក់នោះ គឺមានអាយុចន្លោះពី ២៧ ដល់៥៨ឆ្នាំ ដោយ៤នាក់ស្លាប់នៅផ្ទះ ៦នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកល្វាឯម និង២នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងនៅមន្ទីរបង្អែកព្រែកព្នៅ។ ចំណែកមនុស្សចំនួន៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកល្វាឯម ,២នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និង១នាក់នៅមន្ទីរបង្អែកព្រែកព្នៅ។ 
 
ក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋ ដែលពិសារស្រាទាំងនោះ ហើយមានអការសង្ស័យណាមួយ គឺត្រូវព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជីវិត។ ជាមួយគ្នានេះក្រសួងសុខាភិបាលក៏អំពាវនាវដល់ពលរដ្ឋ បញ្ឈប់ពិសាស្រាដែលបិត និងផលិត គ្មានបច្ចេកទេសត្រឹមត្រូវ ៕ 
 

Tag:
 ស្រា
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com