ជាតិ
សង្គមជាតិ
ករណីពុលស្រាស្លាប់៖ អាជ្ញាធរបញ្ជូនអ្នកផលិត និងអ្នកលក់ស្រា ១៣នាក់ទៅតុលាការ
21, May 2021 , 5:36 pm        
រូបភាព
រូបភាពពីអធិការដ្ឋាននគរបាលស្រុកល្វាឯម ខេត្តកណ្តាល
រូបភាពពីអធិការដ្ឋាននគរបាលស្រុកល្វាឯម ខេត្តកណ្តាល
ដោយ:
ភ្នំពេញ៖ អាជ្ញាធរបានឃាត់ និងបញ្ជូនអ្នកផលិតស្រា និង អ្នកលក់ស្រា ចំនួន១៣នាក់ ដែលពាក់ព័ន្ធនឹងករណីពុលស្រា បណ្តាលឲ្យមនុស្សស្លាប់ចំនួន១២នាក់នៅស្រុកល្វាឯម ខេត្តកណ្តាល ទៅសាលាដំបូងខេត្តកណ្តាល ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ហើយ។ នេះបើតាមលោក ហេង សុផល អធិការស្រុកល្វាឯម ខេត្តកណ្តាល ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។
 
លោក ហេង សុផល អធិការស្រុកល្វាឯម ខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីហេតុការណ៍ពុលស្រាបណ្តាលឲ្យមនុស្សចំនួន១២នាក់ស្លាប់នេះ អាជ្ញាធរបានរកឃើញ អ្នកផលិតស្រា និងបិតស្រា ដែលមានដាក់សារធាតុមេតាណុលហួសកម្រិតកំណត់ ចំនួន២នាក់  ដែលជាប្តី និងប្រពន្ធ រួមទាំងឃាត់ខ្លួនអ្នកចែកចាយបន្តបាន១១នាក់បន្ថែមទៀត។  
 
លោក ហេង សុផល បានបញ្ជាក់ថា អ្នកស្លាប់ដោយសារពុលស្រា គឺបណ្តាលមកពីអ្នកផលិត និងលក់ស្រាចំនួន១៣នាក់ខាងលើ បានដាក់សារធាតុមេតាណុលខ្ពស់។ បើលោក ហេង សុផល អ្នកស្លាប់ដោយសារពុលស្រាទាំង១២នាក់ គឺសុទ្ធតែជាអ្នកញៀននឹងស្រាស និងស្រាថ្នាំ។ 
 
បើតាមលោក ហេង សុផល  អាជ្ញាធរបានដកហូត និងប្រមូលស្រាស និងស្រាថ្នាំប្រមាណ៨០លីត្រ ដែលមានសារធាតុមេតាណុលខ្ពស់ពីម្ចាស់ផលិត លក់ស្រា និងអ្នកទិញ ដើម្បីកម្ទេចចោល។ 
ករណីស្លាប់ដោយសារពុលស្រានេះ កើតឡើងចាប់ពីនៅថ្ងៃទី៨ ខែឧសភា ដោយអ្នកស្លាប់មានអាការ ដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ណែនទ្រូង រីកប្រស្រីភ្នែកសន្លឹម។ នេះបើតាមក្រសួងសុខាភិបាល។
 
ក្នុងចំណោមអ្នកស្លាប់ដោយសារពុលស្រាទាំង១២នាក់នោះ គឺមានអាយុចន្លោះពី ២៧ ដល់៥៨ឆ្នាំ ដោយ៤នាក់ស្លាប់នៅផ្ទះ ៦នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកល្វាឯម និង២នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងនៅមន្ទីរបង្អែកព្រែកព្នៅ។ ចំណែកមនុស្សចំនួន៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកល្វាឯម ,២នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និង១នាក់នៅមន្ទីរបង្អែកព្រែកព្នៅ។ 
 
ក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋ ដែលពិសារស្រាទាំងនោះ ហើយមានអការសង្ស័យណាមួយ គឺត្រូវព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជីវិត។ ជាមួយគ្នានេះក្រសួងសុខាភិបាលក៏អំពាវនាវដល់ពលរដ្ឋ បញ្ឈប់ពិសាស្រាដែលបិត និងផលិត គ្មានបច្ចេកទេសត្រឹមត្រូវ ៕ 
 
 
 

Tag:
 ស្រា
© រក្សាសិទ្ធិដោយ thmeythmey.com